ម៉ិឆែល ប៉ាសតូស ព្រមព្រៀងជាមួយក្រុម រ៉ូម៉ា ជាកីឡាករខ្សែបម្រើស្លាប
ក្រុម រ៉ូម៉ា (Roma) បានបញ្ចប់ការចុះហត្ថលេខាខ្ចីជើង ខ្សែបម្រើស្លាបប្រេស៊ីល ម៉ិឆែល ប៉ាសតូស (Michel Bastos) ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប អាល់ អ៊ែន (Al Ain) នៃសហភាពអារ៉ាប់អាមីរ៉េត។ កីឡាករវ័យ៣០ឆ្នាំរូបនេះ នឹងចូលលេងឲ្យក្លឹប រ៉ូម៉ា ក្នុងក្របខ័ណ្ឌ សៀរី អេ (Serie A) មួយនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាល។ នៅក្នុងកិច្ចព្រមព្រៀងនេះ កីឡាករ ប៉ាសតូស ក៏បាននិយាយដល់ជម្រើស ក្នុងការផ្ទេរមកលេងនៅក្នុងក្លឹបនេះ ជាអចិន្ត្រៃយ៍ផងដែរ ហើយតម្លៃខ្លួនក្នុងការផ្ទេរគឺ ៣.៥ លានអឺរ៉ូ (៤,៥លានដុល្លារ)។
កីឡាករ ម៉ិឆែល ប៉ាសតូស នៅពេលទាត់ឲ្យក្រុមលីយ៉ុង របស់បារាំង។ (រូបថត chronofoot.com)
បាល់ទាត់អ៊ីតាលី - សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការ របស់ក្រុម រ៉ូម៉ា កាលពីយប់ថ្ងៃច័ន្ទបានបញ្ជាក់ថា កិច្ចព្រមព្រៀងលក្ខណៈខ្ចីជើងនេះ ក្លឹបត្រូវចំណាយប្រាក់អស់ ១.១លានអឺរ៉ូ ទៅឲ្យក្លឹប អាល់ អ៊ែន ។
ប៉ាសតូស បានប្រាប់សាព័ត៌មាន (Gazzetta dello sport) កាលពីព្រឹកថ្ងៃច័ន្ទថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលមកលេងឲ្យក្លឹបនេះ ហើយខ្ញុំក៏អាចចាប់ផ្ដើម ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Serie A នៅចុងសប្តាហ៍នេះដែរ»។
គួររម្លឹកដែរថា ប៉ាសតូស គឺជាកីឡាករបាល់ទាត់ប្រេស៊ីល ដែលលេងជាខ្សែបម្រើស្លាបឆ្វេងរបស់ក្រុម Roma និងក្រុមជម្រើសជាតិប្រេស៊ីល។ ប៉ាសតូស បានចូលប្រកួតឲ្យក្រុមជម្រើសជាតិលើកដំបូងរបស់ខ្លួននៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០០៩ ជាមួយប្រទេសអង់គ្លេសក្នុងទីក្រុង ខ្វែតារ៍ (Qatar) ។ ប៉ាសតូស បានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងក្លឹបនៅស្រុកកំណើត ភេលូតាស (Pelotas) មុនពេលផ្លាស់ប្តូរទៅកាន់លីករបស់ ហូល្លង់ជាមួយក្លឹប ហ្វេយេនូរដ៍ (Feyenoord) និង អ៊ិកសែលសឺរ៍ (Excelsior)។
បន្ទាប់មកគាត់បាន ត្រលប់ទៅប្រទេសប្រេស៊ីល ដែលជាកន្លែងកំណើតរបស់គាត់វិញ លេងឲ្យក្រុម ផារ៉ានែនស៍ (Paranaense), ហ្ក្រេមៀ (Grêmio)និង ហ្វិកហ្កឺរ៉េនស៍ (Figueirense) ។ ហើយ ប៉ាសតូស ក៏បានផ្លាស់ទៅក្លឹបបារាំង លីល (Lille) ក្នុងឆ្នាំ ២០០៦ មុនពេលផ្ទេរទៅ អូឡាំពិក ឡាយអ៊ែនហ្វ (Olympique Lyonnais) ស្សែលកេ (Schalke) ក្នុងឆ្នាំ ២០០៩-២០១៣ និង ក្រោយមកផ្លាស់ទៅ ក្លឹប អ៊ែល អ៊ែន និងនៅឆ្នាំ ២០១៤ នៅក្លឹបរ៉ូម៉ា នេះតែម្តង៕
--------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤