«រឿង កឹម សុខា មិនត្រូវមនុស្សក្រៅ CNRP លូកលាន់»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 14, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើវត្តមានរបស់គណបក្សនយោបាយចំនួនបី នៅក្នុងវេទិកា«កិច្ចពិភាក្សា៖ តើលោក កឹម សុខា គួរលាលែង ពីតំណែងឬទេ?» របស់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន មានន័យយ៉ាងដូចម្ដេច? តើពាក្យថា វេទិកា«ពិភាក្សា»មានន័យ ត្រឹមជាសន្និសីទការសែត ដែលមានកញ្ញា ធី សុវណ្ណថា ជាអ្នកសូត្រសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន រួចប្រគល់ក្បាលមីក្រូ ទៅឲ្យអ្នកសារព័ត៌មាន ដើម្បីម្ចាស់កម្មវិធីខ្លួនឯង (កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន) ជាអ្នកឆ្លើយ?
ផ្ទុយទៅវិញ វត្តមានរបស់គណបក្សនយោបាយចំនួនបី មានគណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សខ្មែរដើម្បីខ្មែរ និងគណបក្សកម្ពុជាសេរីភាព នៅក្នុងកម្មវិធីនេះ បានធ្វើឲ្យគេកាន់តែជឿថា ករណីទាក់ទងនឹងលោក កឹម សុខា គឺជាករណី«នយោបាយ» និងមាន«អ្នកនយោបាយនៅពីក្រោយ» ជាពិសេសនៅចំពោះការបដិសេធជារៀងរាល់ដង នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ថារឿងនេះជាករណីបុគ្គល ឬជាករណីមិនជាប់ពាក់ព័ន្ធនឹងនយោបាយ។
ប៉ុន្តែយ៉ាងហោចណាស់ ប្រធានគណបក្សដទៃចំនួនពីរ (ក្រៅពីគណបក្សទាំងបីខាងលើ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា) បានសម្ដែងប្រតិកម្ម ទាក់ទងនឹងករណីនេះ ដោយចាត់ទុកថា វាជាការលូកលាន់ ចូលរឿងផ្ទៃក្នុងរបស់គណបក្សមួយ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចាត់ទុកករណី ឬសំនួរថា លោក កឹម សុខា គួរលាលែងពីតំណែង ឬយ៉ាងណានោះ ជារឿងរបស់គណបក្សសង្គ្រោះជាតិ និងរបស់អ្នកគាំទ្រគណបក្សនេះសុទ្ធសាធ។ លោក ខឹម វាសនា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ភ្ជាប់ជាមួយនឹងលិខិតអញ្ជើញ របស់កញ្ញា ធី សុវណ្ណថា ឲ្យចូលរួមក្នុងវេទិការបស់នាងថា៖ «មានតែអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទេ ដែលត្រូវពិភាក្សារឿងនេះ ហើយធ្វើការសំរេច ថាត្រូវទុក ឬបណ្តេញលោក កឹម សុខា ចេញពីតំណែង។ គ្មានជារឿងអ្វី ដែលអ្នកដទៃ ឬបក្សដទៃទៅពិភាក្សា ឬសំរេចចិត្តក្នុងរឿងនេះ ជួសអ្នកគាំទ្របក្សសង្គ្រោះជាតិទាល់តែសោះ។»
ខ្លាំងក្លាជាងនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅក្រុមនោះ ថាជាអ្នកនយោបាយមិនដឹងខ្យល់ និងចេះត្រឹមតែរត់ស៊ី«ពែព្រឹត្តិការណ៍» ដែលបង្កើតនិងដឹកនាំដោយអ្នកផ្សេងប៉ុណ្ណោះ។ លោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក អមដោយលិខិតអញ្ជើញរបស់កញ្ញា ធី សុវណ្ណថា នោះដែរថា៖ «វាជារឿងដ៏អស់សំណើច ដែលគណបក្សមួយ ទៅចូលរួមក្នុងចលនាលូកលាន់ ចូលកកូរកកាយរចនាសម្ព័ន្ធដឹកនាំ របស់គណបក្សផ្សេង ដោយមិនស្គាល់ ពីតំលៃអធិបតេយ្យភាពផ្ទៃក្នុងរបស់គណបក្សគេ ដែលអនុម័តដោយសមាជគណបក្សរបស់គេ»។
ប្រធានគណបក្សអំណាចខ្មែរ ដែលធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារនោះ បានពន្យល់ថា រចនាសម្ព័ន្ធផ្ទៃក្នុងនិងការដឹកនាំ របស់គណបក្សនីមួយៗ វាជាអធិបតេយ្យភាពរបស់គណបក្សនោះ ដែលគ្មានគណបក្សណា ឬមេដឹកនាំគណបក្សណាមានសិទ្ធិ ទៅទាមទារឲ្យដោះដូរ ឬដេញចេញបានទេ ក្រៅពីសមាជពេញអង្គរបស់គណបក្សគេ។ លោកបានសរសេរបន្តថា បើរិះគន់នូវកំហុសឆ្គងនយោបាយរបស់គេ នោះវាជាសិទ្ធិនយោបាយ ដែលគ្រប់គណបក្សនយោបាយ មានសិទ្ធិនិយាយរិះគន់ដោយសេរី ដោយផ្អែកលើការពិត ដើម្បីប្រកួតប្រជែងសមត្ថភាពនយោបាយ តែមិនអាចទៅទាមទារដេញ ឬដកដូរមេដឹកនាំ ក្នុងគណបក្សរបស់គេនោះទេ។
នៅក្នុងវេទិកាកិច្ចពិភាក្សា រៀបចំឡើងដោយតារាហ្វេសប៊ុកដ៏ល្បីឈ្មោះ កាលពីរសៀលថ្ងៃទី១៣ ខែឧសភាម្សិលម៉ិញ តំណាងមកពីគណបក្សនយោបាយទាំងបី មានលោក ញ៉ែម វណ្ណថន (គណបក្សមហាសាមគ្គីជាតិខ្មែរ) អ្នកស្រី ឃី ប៉េងលី (គណបក្សខ្មែរដើម្បីខ្មែរ) និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល (គណបក្សកម្ពុជាសេរីភាព) សុទ្ធតែបានឯកភាពថា លោក កឹម សុខា គួរតែលាលែងពីដំណែង និងពីជីវិតនយោបាយ។ អ្នកទាំងបីបានលើកឡើង ហាក់ដូចចេញពីពុម្ភតែមួយថា លោក កឹម សុខា បានធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ និងជាមនុស្សគ្មានការទទួលខុសត្រូវ ចំពោះទំនាក់ទំនងស្នេហាលួចលាក់ ដែលគេចោទទៅលើលោក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
លោក ញ៉ែម វណ្ណថន ដែលបានអួតអាង ពី«ក្រមចរិយាធម៌»របស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងដែលមានលោកជាតំណាង បានបង្ហាញការយល់ឃើញថា លោក កឹម សុខា គួរចេញបកស្រាយ លើរឿងដែលគេកំពុងចោទប្រកាន់នេះ និងសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួន។
«វេទិកាជូនដំណឹង "លោក កឹម សុខ ត្រូវលាលែងពីតំណែង"»
ប៉ុន្តែសម្រាប់មតិមួយចំនួន ជាពិសេសអ្នកសារព័ត៌មាន ដែលបានចូលរួមយកព័ត៌មាន ក្នុងកម្មវិធីខាងលើ បានខ្សឹបខ្សៀវគ្នាថា បើពិនិត្យមើលការរៀបចំ និងរបៀបវារៈ គេត្រូវហៅវេទិកា«កិច្ចពិភាក្សា»នេះ ថាជាវេទិកា«ជូនដំណឹង» ឬជាវេទិកានៃកិច្ចពិភាក្សាដោយស្ងាត់ៗជាមុន ដើម្បី«ជូនដំណឹង» មកអ្នកចូលរួមស្ដាប់ជាក្រោយ។ ជាពិសេស គេត្រូវប្ដូរចំណងជើង សរសេរឲ្យច្បាស់ដែរថា ជាវេទិកា«ជូនដំណឹង៖ លោក កឹម សុខា ត្រូវលាលែងពីតំណែង» និងមិនមែនជាវេទិកា«កិច្ចពិភាក្សា៖ តើលោក កឹម សុខា គួរលាលែងពីតំណែងឬទេ» នោះទេ៕