កែម ឡី៖ CPP មានលទ្ធភាពឈ្នះនិងបន្តកាន់អំណាច ប្រសិនបើ...
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 15, 2016
- ប្រធានបទ: វិភាគនយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម តែងធ្វើការវិភាគ ទៅលើព្រឹត្តិការណ៍សង្គម និងនយោបាយថ្មីៗនោះ តែលោកក៏បានឆ្លៀតឱកាស ដើម្បីធ្វើការវិភាគ ទៅលើយុទ្ធសាស្ត្រដ៏សំខាន់មួយចំនួន ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពនឹងឈ្នះឆ្នោត ហើយនៅបន្តកាន់អំណាច តទៅមុខទៀត។ នៅក្នុងសំណេរមួយ នៅលើទំព័រផ្លូវការរបស់លោក អ្នកស្រាវជ្រាវរូបនេះ បានលើកឡើងជាសេចក្ដីផ្ដើម ថាលទ្ធភាពនោះអាចទៅរួច លុះត្រាតែគណបក្សកាន់អំណាចសព្វថ្ងៃ ធ្វើកំណែទម្រង់ ទៅលើវប្បធម៌បុគ្គល វប្បធម៌ស្ថាប័ន និងភាពជាអ្នកដឹកនាំបើកចំហ តម្លាភាព គណនេយ្យភាព ទំនួលខុសត្រូវសង្គមខ្ពស់ តាមបែបប្រជាធិបតេយ្យពិត និងជំរុញឲ្យមានការចូលរួម ពីសំណាក់ពលរដ្ឋ ឲ្យបានពេញលេញ និងសកម្ម។
តែផ្ទុយទៅវិញ ក្នុងករណីមិនអាចផ្លាស់ប្តូរ (ឬកែទម្រង់) ខ្លួនឯងបានទេ នោះមានន័យថា គណបក្សមួយនេះ កំពុងរង់ចាំឲ្យគេផ្លាស់ប្តូរឲ្យ តាមរយៈការបោះឆ្នោតឬ តាមគោលការណ៍ប្រជាធិបតេយ្យ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការដកស្រង់គំនិតយោបល់របស់លោកទាំងស្រុង ដែលសុទ្ធសឹងជាយុទ្ធសាស្រ្តគួរធ្វើជាបន្ទាន់ យកមកផ្សាយដូចខាងក្រោម ៖
១) បង្កើតដៃគូថ្នាក់ជាតិ រវាងអង្គការសង្គមសុីវិល និងរដ្ឋាភិបាល និងចាប់ផ្តើមវិភាថថវិការដ្ឋយ៉ាងតិច ១០ភាគរយ សម្រាប់អង្គការសង្គមសុីវិល ទៅអនុវត្តកម្មវិធីណា ដែលរដ្ឋមិនអាចបំពេញបាន។
២) វិភាគស្ថាប័នក្រសួង និងវិភាគមុខងារ ក្នុងការពិនិត្យលទ្ធភាព កាត់បន្ថយក្រសួងនៅត្រឹម១០ គណ:រដ្ឋមន្ត្រីមកត្រឹម២៣នាក់ និងកាត់បន្ថយការិយាធិបតេយ្យមកត្រឹមថ្នាក់ជាតិ ក្រុង និងសហគមន៍ ឬឃុំ ឬតែ៣កម្រិត ពីពលរដ្ឋមកថ្នាក់ជាតិ។
៣) រៀបចំផែនការសាងសង់ផ្លូវ តាមខ្សែក្រវាត់ព្រំដែនជា ពិសេសព្រំដែនវៀតណាមមុនគេ។ លើកទឹកចិត្ត និងផ្តល់ប្រាក់ខែគ្រប់គ្រាន់ ដល់កងកម្លាំងការពារព្រំដែន និងមន្រ្តីនានា។
៤) ដកដីសម្បទានសេដ្ឋកិច្ច និងតំបន់កោះទាំងអស់ ពីក្រុមហ៊ុន ដោយពិភាក្សាផ្តល់សំណងសមស្រប ដល់ក្រុមហ៊ុន (ទាំងនោះ) រួចរៀបចំផែនការសំណង់រដ្ឋបាល តាមកោះទាំងអស់និង ផ្តល់លទ្ធភាពឲ្យពលរដ្ឋរស់នៅ និងរៀបចំតំបន់ទេសចរណ៍ ជាលក្ខណគ្រួសារ ព្រមទាំងឱកាស (ដើម្បីប្រកប) កសិឧស្សាហកម្មជាលក្ខណៈគ្រួសារ។
៤) រៀបចំផែនការយុទ្ធនាការបញ្ជូនជនជាតិវៀតណាមដែល ចូលមកខុសច្បាប់ចេញឲ្យអស់ (ក្នុង)រយ:ពេល៦ខែ ដោយគោរពតាមគោលការណ៍សិទ្ធិមនុស្ស និងយកគំរូតាមរដ្ឋាភិបាលថៃ ដែលធ្លាប់បញ្ជូនជនជាតិខ្មែរនៅឆ្នាំ២០១៤។
៥) រៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរដ្ឋ និងស្ថាប័នគ្រប់ជាន់ថ្នាក់ ដោយផ្អែកលើគុណភាព និងប្រជាប្រិយភាព ប្រសើរជាងតាមខ្សែ សាច់ឈាម បក្ស និងទឹកប្រាក់។
៦) ដាក់បេក្ខភាពយុវជន ដែលមានសមត្ថភាព និងគុណភាពខ្ពស់ ក្នុងតំណែងរដ្ឋមន្ត្រី៥០ភាគរយ អភិបាលនៃគណ:អភិបាល៥០ភាគរយ និងស្ថាប័នដ៏ទៃទៀត។ សមភាពយេនឌ័រ ត្រូវយកចិត្តទុកដាក់ខ្ពស់។
៧) ពិនិត្យលទ្ធភាពបេក្ខភាពនាយករដ្ឋមន្រ្តី ក្នុងដំណាក់កាលនេះ ដោយពិនិត្យលើសមត្ថភាព និងគុណភាពខ្ពស់ ដោយមិនចាំបាច់គិតពីឋានានុក្រមក្នុងបក្ស ។ ការប្រកួតប្រជែង រកមនុស្សល្អ ស្អាតស្អំ ក្នុងចំណោមអ្នកល្អ និងស្មោះត្រង់ជាច្រើនទៀត ជាការចាំបាច់។
៨) រៀបចំពិធីផ្ទេរតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិ ជាប្រវត្តិសាស្រ្ត ដោយកិតិ្តយស សេចក្តីថ្លៃថ្នូរ និងមានការចូលរួម ពីគ្រប់ភាគីរួមទាំងព្រះមហាក្សត្រ។
៩) រៀបចំផែនការកាត់បន្ថយភាពក្រីក្រ ជាលក្ខណគ្រួសារ ឲ្យបាន២០ភាគរយ ឬប្រមាណ៥០០.០០០គ្រួសារ ដោយដាក់ឲ្យអង្គការសង្គមសុីវិលដេញថ្លៃ តាមរយៈផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ តាមភូមិនីមួយៗ (និងដោយ) ផ្អែកលើទិន្ន័ន័យស្ថានភាពក្រីក្រ នៅថ្នាក់ក្រោមជាតិ របស់ក្រសួងផែនការ។
១០) យន្តការឯករាជ្យនានា ដូចជាគណកម្មការសិទ្ធិមនុស្ស អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសាវនកម្មជាតិ គណ:កម្មការជាតិរៀបចំការបោះឆ្នោត និង ស្ថាប័នឯករាជ្យដ៏ទៃទៀត ត្រូវផ្តល់លទ្ធភាពឲ្យអង្គការសង្គមសុីវិលចូលរួមជាសហប្រធាន និងក្រុមការងារដឹកនាំ សម្របសម្រួល។
១១) ផ្តល់ស្វ័យភាពពេញលេញ ទាំងប្រព័ន្ធពន្ធដារ ផែនការអភិវឌ្ឍន៍ ចំណូល ចំណាយ។ល។ ដល់ថ្នាក់ក្រោមជាតិ។ ផ្តល់ឱកាស ឲ្យមានការប្រកួតប្រជែងក្នុងការដឹកនាំ និងអនុវត្តន៍ដែលមានក្រុមប្រឹក្សា ជាយន្តការអភិបាលកិច្ចល្អ និងពលរដ្ឋចូលរួម។
ក្រៅពីយុទ្ធសាស្ត្រ ទាំង១១ចំណុចនេះ លោក កែម ឡី បានអះអាងបន្ថែមថា លោកនៅមានចំណុចជាយុទ្ធសាស្ត្រ ជាមួយនឹងភាពលំអិតជាក់លាក់ សកម្មភាព និងកត្តាវាស់វែងត្រឹមត្រូវដ៏ទៃទៀត ដែលអាចជាប្រយោជន៍ ទៅដល់គណបក្សកាន់អំណាច ឲ្យបន្តកាន់អំណាចទៅមុខវែងឆ្ងាយ។ លោកបានអះអាងថា លោកអាចសរសេរយុទ្ធសាស្ត្រទាំងនោះ ជូនគណបក្សប្រជាជនកម្ពុជាបាន ប្រសិនណាជាគណបក្សមួយនេះស្នើសុំ៕