ប្រទេស​ចំនួន​៣៩​ប្រកាស​រួម​គ្នា «ខ្វាយ​ខ្វល់»​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

យ៉ាងហោចណាស់ ប្រទេសចំនួន៣៩​ក្នុងពិភពលោក បានខ្វាយខ្វល់ ពីស្ថានភាពសិទ្ធិមនុស្ស នៅ​កម្ពុជា។ នៅ​​ក្នុង​​សេចក្ដី​​ប្រកាស​រួម​មួយ របស់ប្រទេសទាំងនេះ បានសំដែងឲ្យដឹង ពីក្ដីកង្វល់របស់ពួកគេ​ ជុំវិញ​ការ​ឡើង​​កំដៅ ផ្នែក​នយោបាយ​នៅ​កម្ពុជា នាពេលចុងក្រោយនេះ ដែលបង្កការ​គម្រាម​កំហែង ដល់​សកម្មភាព​«ស្រប​ច្បាប់» របស់​​គណបក្ស​​ប្រឆាំង និងអង្គការសមាគម​ក្រៅរដ្ឋាភិបាល ដែល​​ធ្វើការ​​ផ្នែក​​សិទ្ធិ​​មនុស្ស។
ប្រទេស​ចំនួន​៣៩​ប្រកាស​រួម​គ្នា «ខ្វាយ​ខ្វល់»​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
ក្រុមកងកម្លាំងប្រដាប់ដោយអាវុធ (ធន់ធ្ងន់) គ្រប់ដៃ នៅនឹងទីស្នាក់ការ គណបក្សសង្គ្រោះជាតិ កាលពីចុង​ខែ​ឧសភា ឆ្នាំ២០១៦។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 15, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីក្នុងចំណម​ប្រទេស ទាំង៣៩នោះ ប្រទេសចំនួន៣៦ដំបូង គឺជាអ្នកផ្ដួចផ្ដើម នូវសេចក្ដីប្រកាសរួមនេះឡើង ខណៈ​ប្រទេស​បីទៀត គឺ​ប្រទេសប៊ូស្នៀរ-ហេហ្សេហ្គោវិន ប្រទេសអ៊ុយក្រែន និងប្រទេសលិកតេនស្តែន (Liechtenstein ប្រទេសតូចមួយ នៅចន្លោះ​រវាង​ប្រទេស​​ស្វីស និងប្រទេសអូទ្រីស៍) ទើបនឹងបញ្ចូលខ្លួន មក​​ក្នុង​សេចក្ដី​​ប្រកាស​នេះ បន្ទាប់ពីបាន​ចេញផ្សាយរួច។

រីឯប្រទេសទាំង៣៦នោះ រួមមាន ប្រទេសអាល់បានី អូស្ត្រាលី កាណាដា ជប៉ុន ប្រទេសម៉ាសេដ័ន (អតីត​យូហ្គោ​ស្លាវី) ណ័រវេស ស្វីស អង់គ្លេស ប្រទេសទាំង ២៧ នៃសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសរួមនេះ ត្រូវបានលោក «Keith Harper» ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស  របស់​អង្គការសហប្រជាជាតិ (ស្ថិតក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស) ដែលតំណាងឲ្យប្រទេស​ទាំង​៣៦ យក​មក​ថ្លែង ក្នុងថ្ងៃទី១៤ ខែកញ្ញានេះ នៅចំពោះអង្គប្រជុំប្រចាំឆ្នាំមួយ របស់ស្ថាប័នអន្តរជាតិ ដ៏កំពូល​មួយ​នេះ ដើម្បី​​ពិនិត្យ​មើល​​ស្ថានភាព​សិទ្ធិមនុស្ស នៅជុំវិញពិភពលោក។

​ប្រទេស​ទាំងនេះ បាន​បង្ហាញ​ក្តី​កង្វល់ របស់ពួកគេ ​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ ផ្នែកនយោបាយ​នៅ​កម្ពុជា ថាកំពុង​គំរាម​កំហែង ​ដល់​សកម្មភាព​ស្រប​ច្បាប់ ​របស់​គណបក្ស​ប្រឆាំង និង​អង្គការសមាគម​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស។ រឿងរ៉ាវដែលបង្កើន​​ភាព​ខ្វាយ​ខ្វល់​ថែម​ទៀត​នោះ គឺការប្ដឹងឡើង​ទៅ​តុលាការ​​ដោយ​​មិនទំនង ប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាល ជាពិសេសស្ថានភាពឈប់ដើរទៅមុខ នៃ​​«វប្បធម៌​សន្ទនា»​រវាង​គណបក្ស​នយោបាយ ធំជាងគេទាំងពីរ។

ករណីបាញ់សម្លាប់​​លោក​ បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយនយោបាយដ៏ល្បី ក៏ត្រូវបាន​សេចក្ដី​ប្រកាស​រួម​នោះ លើកយកមកបញ្ជាក់ដែរ។ សេចក្ដីប្រកាសរួម បានអះអាងថា «បទឧក្រិដ្ឋ​នេះ​ នាំ​ឲ្យ​សង្គម​ស៊ីវិល និង​​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា មាន​ការ​ភ័យ​ព្រួយ» និងបានអំពាវនាវ ឲ្យមាន​ការស៊ើបអង្កេត​ពេញ​លេញ និង​​ដោយ​​តម្លាភាព ចំពោះការបាញ់សម្លាប់ ដ៏ព្រៃផ្សៃខាងលើ។

ប៉ុន្តែការខ្វាយខ្វល់ របស់បណ្ដាប្រទេសទាំងនេះ ត្រូវបានលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (ស្ថាប័នសេនាធិការមួយ របស់រដ្ឋាភិបាលកម្ពុជា) ប្រកាសច្រានច្រោល និងប្រាប់ឲ្យប្រទេសទាំង​នោះ ថា​មិន​ចាំបាច់​មក​ខ្វាយខ្វល់ ចំពោះរឿងសិទ្ធិមនុស្ស នៅកម្ពុជាឡើយ។

ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ល្អជាង...

លោក កែវ រ៉េមី ដែលធ្លាប់ជាមន្ត្រីគណបក្សប្រឆាំង តែបានមកចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជានោះ បានថ្លែងប្រាប់សារព័ត៌មាន​ក្នុងស្រុកមួយថា ប្រទេសកម្ពុជា មានអធិតេយ្យភាពរបស់ខ្លួន និងមិនមែន​ជា​ប្រទេស​រណប ឲ្យប្រទេសណាមួយទេ។ មន្ត្រីចុះចូលរូបនេះ បានថ្លែងឲ្យដឹងទៀតថា សេចក្ដីថ្លែងការណ៍រួម​នានា តែង​ត្រូវ​បាន​ធ្វើ​ឡើង ទៅតាមតែគ្នាប៉ុណ្ណោះ ជាពិសេសធ្វើតាមបណ្ដាប្រទេស ដែលមានឥទ្ធិពល និង​ប្រទេស​មហា​អំណាច ខណៈស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជា មានកម្រិតល្អជាងប្រទេសទាំង៩ផ្សេងទៀត នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ«ASEAN»។

យ៉ាងណា សេចក្ដីប្រកាសរួម​​របស់​ប្រទេស​ទាំង​ប៉ុន្មាន​ខាង​លើ បានរំលឹករដ្ឋាភិបាលកម្ពុជា ដោយយក​ការ​អំពាវ​នាវក​ន្លងទៅ របស់តំណាង​ពិសេស​នៃ​អង្គការសហប្រជាជាតិ មកបញ្ជាក់ ដើម្បីស្នើ​ឲ្យ​មាន​ការ«ធានា​នូវ​បរិយា​កាស​ នៃ​​ភាព​​អនុគ្រោះ និង​ប្រកបដោយ​សុវត្ថិភាព ​សំរាប់​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​មាន​តួនាទី​​យ៉ាង​​សំខាន់ ​ក្នុង​ការចាប់ឲ្យ​រដ្ឋាភិបាល​មានការទទួលខុសត្រូវ ហើយ​នាំមក​នូវ​ផលប្រយោជន៍ នៃ​សិទ្ធិ​មនុស្ស ​ដល់​​សង្គម​​កម្ពុជា​​ទាំង​មូល»​។​

ប្រទេស​​ទាំងអស់​នោះ បានអំពាវនាវឲ្យ​រដ្ឋាភិបាល ខិតខំ​ជា​អតិប្បរិមា ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​នយោបាយ​​មួយ ដែល​ក្នុងនោះ​គណបក្សប្រឆាំង និង​អង្គការសមាគម​សង្គម​ស៊ីវិល អាច​ធ្វើ​សកម្មភាព​បាន​ដោយ​​សេរី​។ ជាពិសេស ​ប្រទេស​កម្ពុជាគម្បី​គោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ​នៅចំពោះ​ប្រជាជន​កម្ពុជា និង​សហគមន៍​​អន្តរជាតិ ដើម្បីការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​នឹង​ធានា​ភាពស្របច្បាប់​ សម្រាប់​រដ្ឋាភិបាល​​អណត្តិ​ក្រោយ​ៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...