ព្រះសង្ឃកម្ពុជាក្រោមមួយអង្គទៀត រងការចោទពីបទចូលរួមក្នុងសមាគមទុច្ចរិត
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 23, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីព្រះសង្ឃ ដែលតែងចេញព្រះកាយតវ៉ាបញ្ចេញមតិ យ៉ាងតិចណាស់៥អង្គ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបន្តបន្ទាប់នោះ ព្រះសង្ឃខ្មែរមកពីកម្ពុជាក្រោមមួយអង្គទៀត ត្រូវរងនូវការចោទប្រកាន់ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ។ តាមបទបញ្ញត្តិមាត្រា៤៩៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះតេជគុណ យ៉ាញ សឿង ជាព្រះសង្ឃខ្មែរមកពីកម្ពុជាក្រោម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ តាមរយៈចៅក្រមស៊ើបសួរលោក នូ វាសនា បានធ្វើការកោះហៅ ដើម្បីចូលបំភ្លឺបញ្ហាមួយចំនួន ពីដំណើររឿង ចូលរួមសមាគមនៃជនទុច្ចរិត ប្រព្រឹត្តនៅចំណុចមុខវត្តសាមគ្គីរង្សី ស្ថិតនៅផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើតាម ដីបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងរាជធានីចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។
ដីកាបង្គាប់ដដែល បានបញ្ជាក់ឱ្យដឹងថា ព្រះតេជគុណ យ៉ាញ សឿង នឹងត្រូវចូលព្រះកាយទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក ។
ព្រះតេជគុណ យ៉ាញ សឿង បានឱ្យដឹងថា ចំពោះការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ វាជារឿងអយុត្តិធម៌ខ្លាំងណាស់ ចំពោះព្រះអង្គ ព្រោះព្រះអង្គមិនបានប្រព្រឹត្តកំហុសអ្វី ដូចការចោទប្រកាន់នោះទេ។ ព្រះអង្គថា ព្រះអង្គមិនបានចូលរួមជាមួយសមាគមនៃជនទុច្ចរិតឯណានោះទេ ព្រះអង្គគ្រាន់តែចូលរួមតវ៉ា ជាមួយប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី តែប៉ុណ្ណោះ។ រម្លឹកពីហេតុការណ៍កាលពីពីថ្ងៃទី១២ ខែវិច្ឆិកា ព្រះតេជគុណ យ៉ញ សឿង មានថេរៈដីការថា ព្រះអង្គគ្រាន់តែទៅនិមន្តព្រះសង្ឃកម្ពុជាក្រោមពីរអង្គទៀត ស្នាក់នៅវត្តសាមគ្គីរង្សី ឱ្យទៅចូលរួមដាក់ញាត្តិតវ៉ា ជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តព្រះវិហារតែប៉ុណ្ណោះ។
ព្រះតេជគុណ យ៉ាញ សឿង មានថេរៈដីកាបន្ថែមថា ព្រះសង្ឃពីរអង្គដែលព្រះអង្គបានទៅនិមន្តនោះ គឺជាព្រះសង្ឃដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ ទើបនឹងចាប់ផ្សឹក និងសម្រេចឃុំខ្លួន ជាមួយសកម្មជនទាំង១៣នាក់ផ្សេងទៀត នាពេលថ្មីៗនេះ។ ព្រះអង្គមានការបារម្ភថា នៅពេលដែលព្រះអង្គចូលព្រះកាយទៅបំភ្លឺ ព្រះអង្គអាចនឹងមានវាសនាដូចព្រះសង្ឃពីរអង្គនោះដែរ។
ប៉ុន្តែបើទោះបីជាព្រោះអង្គមានការបារម្ភ ចំពោះការចូលព្រះកាយនេះក៏ដោយ ប៉ុន្តែព្រះអង្គនឹងមិនរត់គេចទៅណានោះទេ ព្រះអង្គនឹងចូលព្រះកាយ ទៅតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ៕