ទឹកភ្នែកម្តាយស្តាយកូនស្លាប់ ដោយគ្មានមូលហេតុ នៅកោះពេជ្រ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 23, 2014
- ប្រធានបទ: រត់ជាន់គ្នា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើម្ដាយណាមិនយំ នៅពេលដែលមានកូនស្រីប្រាំនាក់ បានមកលេងពីធីបុណ្យអុំទូកឆ្នាំ២០១០នោះ ស្រាប់តែមានកូនតែបួននាក់ ដែលបានត្រឡប់មកវិញនោះ? កូនដែលលែងត្រឡប់មកវិញនោះ ឈ្មោះ ហ៊ូ ចាប់ឌឿន ដែលមានអាយុ២៤ឆ្នាំ ត្រូវជាកូនស្រីទីបីរបស់អ្នកស្រី រត់ ស្រី មកពីស្រុកលើកដែក ឃុំក្បាលជ្រោយ ខេត្តកណ្តាល។
ក្នុងពិធីបង្សុកូលគំរប់ខួប៤ឆ្នាំ ឲ្យអ្នកស្លាប់ជាន់គ្នានៅកោះពេជ្រ អ្នកម្ដាយអាយុ៥៣ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងរលីងរលោងទឹកភ្នែក ថានៅពេលដែលអ្នកស្រីបានទទួលដំណឹងភ្លាមៗ ពីការស្លាប់របស់កូន អ្នកស្រីមិននឹកស្មានថាជាការស្លាប់ ព្រោះតែរត់ជាន់គ្នានោះឡើយ។ អ្នកស្រីគិតស្មានតែ កូនស្រីអ្នកស្រីស្លាប់ ដោយសារខ្យល់គរ ឬគ្រោះថ្នាក់ចរាចរណ៍។
ក្រោយការស្លាប់របស់កូនស្រី អ្នកស្រីបានប្តេជ្ញាថានឹងឈប់«ជាន់»រាជធានីភ្នំពេញទៀតហើយ ហើយបានធ្វើបុណ្យឧទ្ទិសទៅឲ្យកូន តែនៅឯស្រុកប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ពីធីបង្សុកូលឆ្នាំនេះ អ្នកស្រីបានប្ដូរការសម្រេចចិត្តរបស់អ្នកស្រីវិញ ដោយសារនឹកកូនខ្លាំងផង និងចង់ធ្វើបុណ្យ នៅកន្លែងដែលកូនបានស្លាប់ផង ព្រោះធ្វើនៅឯស្រុកខ្លាចមិនបានទៅដល់កូន។ អ្នកស្រីបានថ្លែងថា នៅពេលដែលអ្នកស្រីបានចូលខ្លួន មកដល់កន្លែងពីធីភ្លាម ធ្វើឲ្យទឹកភ្នែកអ្នកស្រីធ្លាក់មក ទាំងមិនដឹងខ្លួន ជាមួយនឹងអារម្មណ៍ឈឺចាប់ ព្រោះឲ្យកូនទៅដើរលេង ដូចឲ្យកូនទៅស្លាប់។
អ្នកស្រី បានថ្លែងថា បើទោះជាអ្នកស្រីបានទទួលប្រាក់ ១៣០០០ដុល្លារ ពីរដ្ឋាភិបាលក៏ដោយ តែទឹកប្រាក់នេះ មិនបានធ្វើភាពសោកស្ដាយកូនស្រី ផុតបាត់រលត់ពីជីវិតរបស់អ្នកស្រីបានឡើយ។ អ្នកស្រីចង់បានកូនស្រីនៅរស់ គ្រាន់នឹងមកជួបជុំមើលមុខគ្នា។ អ្នកស្រីបានរំលឹកឡើងវិញ ពីកញ្ញា ហ៊ូ ចាប់ឌឿន ដែលជាកម្មការិនីមួយរូប នៅរោងចក្រមួយក្នុងតំបន់ព្រៃទា រាជធានីភ្នំពេញថា ប្រាក់ចំណូលដែលនាងរកបាន ពីការងារ នាងតែងយកមកប្រគល់ឲ្យអ្នកស្រី មិនដែលខានឡើយ។ អ្នកស្រីថ្លែងចេញពីអារម្មណ៍ថា «បើកូនខ្ញុំនៅរស់ ខ្ញុំមើលឃើញមុខកូនរាល់ថ្ងៃ។ (...) ការងាររបស់នាង អាចរកបានច្រើនជាងនេះ នឹងទទួលបានរហូតតទៅមុខទៀត។»
ជាមួយនិងការស្រណោះនឹកកូន អ្នកស្រីរួមនឹងចៅប្រុសម្នាក់អាយុជាង៨ឆ្នាំ មិនបានចូលក្នុងពីធីដែលរៀបចំ ដោយគណបក្សសង្គ្រោះជាតិទេ។ តែអ្នកស្រីអង្គុយនៅជ្រុងម្ខាង ដោយភ្នែកសម្លឹងទៅកាន់ចេតិ៍យ ប្រៀបដូចសម្លឹងមើលកូន ហើយបន្លឺវាចារមកកាន់អ្នកសារព័ត៌មានថា អ្នកស្រីស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាថ្នាក់ដឹកនាំ ត្រូវតែស្វែងរកការពិតជាបន្ត ក្នុងរឿងដែលនាំឲ្យមានមនុស្សស្លាប់នេះ។ អ្នកស្រីបន្ថែមថា រដ្ឋាភិបាលមិនត្រូវបញ្ចប់រឿង តែត្រឹមនេះទេ។ បើមិនដូច្នេះ ការស្លាប់របស់កូនស្រី ក៏ដូចជាអ្នកផ្សេងទៀត នឹងគ្មានន័យ គ្មានហេតុផល។ អ្នកស្រីបានបញ្ចប់នូវពាក្យមួយឃ្លាចុងក្រោយ ដោយទោមនស្សថា«បើគេ(រដ្ឋាភិបាល)មិនរក ក៏មិនដឹងធ្វើអ្វីគេឈ្នះដែរ ព្រោះយើងតូចទាបជាងគេ»៕
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសដូចខាងក្រោម៖
(មកដល់ក្នុងពេលបន្តិចទៀត)