ត្រឹមតែពីរថ្ងៃ ទីក្រុងសៀមរាបមាន«សួនសំរាម»រីកស្គុះស្គាយ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៦ វិច្ឆការ ២០១៤
- កែប្រែចុងក្រោយ: November 06, 2014
- ប្រធានបទ: បរិស្ថាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុងសៀមរាប ដែលធ្លាប់តែជាទីក្រុងគំរូមួយ ល្បីខាងមានបរិស្ថានល្អស្អាត និងមានសណ្តាប់ធ្នាប់ល្អ គួជាទីចាប់ចិត្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់រូបៗនោះ ប៉ុន្តែគ្រាន់តែរយៈពេលពីរថ្ងៃ នៃការប្រណាំងទូកសោះ ទីក្រុងនេះកំពុងត្រូវបានលំអរ ដោយ«ផ្កាសម្រាម»ដែលរីកយ៉ាងស្គុះស្គាយពាសពេញ។
នេះជាលទ្ធផល នៃការបន្សល់ទុករបស់ទស្សនិកជន និងប្រិយមិត្តយ៉ាងសន្ធឹកសន្ធាប់ ដែលបានសម្រុកពីគ្រប់ទិសទី ជាពិសេសពីតំបន់ដែលនៅជុំវិញខេត្តសៀមរាប ដើម្បីចូលមកទស្សនាការប្រារព្ធពិធីបុណ្យអុំទូក នៅក្នុងក្រុងសៀមរាបនេះ។ ការប្រារព្ធបុណ្យអុំទូក ដែលមានរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកានេះ បានទាក់ទាញចំណាប់អារម្មណ៍ និងបង្កការសប្បាយមិនចាញ់ ការប្រារព្ធបុណ្យអុំទូកធំ នៅរាជធានីភ្នំពេញឡើយ។
ប៉ុន្តែគួរឲ្យស្ដាយ ដែលអ្នកទៅទស្សនាទាំងនោះបានចោលសំរាមនៅតាមមាត់ស្ទឹង និងតាមដងផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ជាពិសេសនៅកន្លែងដែលគេប្រណាំងទូកតែម្តង។ បើទោះជាមានធុងសំរាមជាច្រើន នៅតាមដើមឈើ និងកន្លែងអង្គុយលេងក៍ដោយ តែមិនសូវមាននរណាម្នាក់យកចិត្តទុកដាក់ យកសំរាមទៅទម្លាក់ក្នុងនោះទេ។ ផ្ទុយមកវិញ ពួកគេដូចជា«ឆ្ងាញ់»នឹងចោលសំរាមតាមអំពើរចិត្ត នៅក្បែរខ្លួន នៅលើស្មៅសម្រាប់អង្គុយ ឬនៅក្នុងទឹកស្ទឹង... ហើយនេះ បើគេមិនបានគិតពិចារណា ទៅដល់ផលប៉ះពាល់ដល់សុខភាពនោះផងទេ។
លោក គិន វណ្ណឌី ដែលជាអ្នកទៅទស្សនាការប្រណាំងទូកនៅទីនោះដែរ បានសម្ដែងការភ្ញាក់ផ្អើល នឹងទិដ្ឋភាពទាំងនេះយ៉ាងខ្លាំង។ លោកបាននិយាយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា សំរាមនៅទីនោះ មានពីរប្រភេទ។ ទី១ គឺសំរាមអ្នកដែលទៅមើលការប្រណាំងទូក បោះចោលបន្ទាប់ពីពួកគាត់ញុំាចំណីរួច និងទី២ សំរាមដែលជាខិតប័ណ្ណផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនមួយចំនួន ចែកជូនប្រជាពលរដ្ឋ ហើយត្រូវបានពួកគាត់បោះចោល នៅតាមដងផ្លូវ។
យ៉ាងណាក៏ដោយ គេសង្ឃឹមជឿជាក់លើអាជ្ញាធរក្រុង ដែលត្រូវតែចាត់វិធានការបោសសំអាតជាបន្ទាន់ បើមិនចង់ឲ្យក្រុងទេសចរណ៍ ដែលជាមុខមាត់របស់ប្រទេសកម្ពុជាមួយនេះ ជាប់ឈ្មោះជា«ក្រុងសំរាម»៕