មតិសប្បាយលាយទុក្ខព្រួយ នៃអ្នកមកចូលរួមពិធីបុណ្យអ៊ំទូក
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៥ វិច្ឆការ ២០១៤
- កែប្រែចុងក្រោយ: November 05, 2014
- ប្រធានបទ: អ៊ំទូក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសាកល្បងប្រណាំងទូក មុនថ្ងៃប្រារព្ធពិធីបុណ្យថ្ងៃទី ០៥ ខែវិច្ឆិកានេះ គេឃើញមានមនុស្សម្នាជាច្រើន មកពីគ្រប់ខេត្តក្រុងនានា មកចូលរួមទស្សនា ដោយអ្នកខ្លះនៅមានភាពភ័យខ្លាច ដក់ជាប់ក្នុងអារម្មណ៍នៅឡើយ ទាក់ទងនឹងហេតុការណ៍ដែលបានកើតឡើងកាលពីឆ្នាំ ២០១០កន្លងទៅនេះ។ ហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលធ្វើឲ្យមានមនុស្សស្លាប់ និងរបួសរាប់រយនាក់។ ហើយនៅឆ្នាំនេះ អ្នកមកទស្សនាមួយភាគធំនៅមានការភ័យខ្លាច ហើយបានរំលឹកព្រឹត្តិការណ៍នេះមកវិញ។
ស្រីលក្ខណ៍ គឺជាអ្នកទស្សនាការសាកល្បងទូកនៅថ្ងៃទី៤ ខែវិច្ឆិកានេះ ដែលមកពីខេត្តកណ្តាល បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នាងនៅមានការភ័យខ្លាចនៅឡើយ ទាក់ទងនឹងការប្រារព្ធពិធីបុណ្យឆ្នាំនេះ ព្រោះខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ដូចឆ្នាំ២០១០ទៀត។
ប៉ុន្តែអ្នកមកទស្សនាខ្លះទៀត បានអះអាងថាបានបំភ្លេចវាអស់ហើយ ព្រោះវាមានរយៈយូរគួសម ល្មមនឹងគេរកនឹកមិនឃើញ។ លោក រ៉េត សារឿន ដែលជាអ្នកទស្សនាការសាកល្បង របស់អ្នកប្រណាំងទូកដែរ បានលើកឡើងថា គាត់មិនមានការភ័យខ្លាចអ្វីឡើយ ហើយគាត់រីករាយនឹងពិធីបុណ្យអ៊ំទូក ដែលគេបានប្រារពឡើងវិញនេះណាស់ បន្ទាប់ពីខកខានអស់បីឆ្នាំ។ លោក សារឿន ថែមបាននិយាយទៀតថា លោកនឹងនាំទាំងក្រុមគ្រួសារ មកទស្សនាការប្រណាំងទូកនេះផង។
បើងាកមកមើលក្រុមកីឡាករប្រណាំងទូកវិញ កំពុងមានការតស៊ូញាប់ដៃញាប់ជើងសម្បីមណាស់ ដោយសារតែពួកគាត់ ជាតួអង្គយ៉ាងសំខាន់ នៅក្នុងបុណ្យប្រពៃណីជាតិមួយនេះ។ បើទោះជាក្រុមអ្នកប្រណាំងទូក មកពីតាមបណ្តាខេត្តមួយចំនួន មិនមានការឧបត្ថម្ភពីសប្បុរសជនណានោះក៏ដោយ ប៉ុន្តែពួកគាត់មកទាំងទឹកចិត្តរីករាយ ដែលចង់ចូលរួមប្រកួតប្រជែង ក្នុងនាមជាកីឡាករ និងអបអរសារទ ក្នុងពិធីបុណ្យដ៏ធំប្រចាំឆ្នាំនេះ។
លោក ឆាយ ហាក់ បាននិយាយថាទូករបស់គាត់ មិនមានការឧបត្ថម្ភពីនណាឡើយ មានតែការរៃអង្គាស់របស់ព្រះសង្ឃ ពីពុទ្ធបរិស័ទ្ធចំណុះជើងវត្ត នៅតាមស្រុកភូមិរបស់គាត់តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក៏កីឡាករប្រណាំងទូកទាំងនោះ បានត្អូញត្អែរថា ពួកគាត់បានជួបប្រទះ នឹងការលំបាកជាច្រើន ដោយសារតែខ្វះខាតថវិការ ទំនុកបំរុងសំរាប់ចំណាយទៅលើការហូបចុក និងស្នាក់នៅរយៈពេលបីថ្ងៃនោះ។
បើគិតជាមធ្យម ការចំណាយការហូបចុកនិងស្នាក់នៅ របស់ក្រុមកីឡាករប្រណាំងទូកនីមួយៗ ដែលមកប្រកួតប្រជែង កំឡុងបុណ្យអំទូកឆ្នាំនេះ ត្រូវចំណាយយ៉ាងតិច មួយលានរៀល៕