ហេតុការណ៍តឹងសរសៃករវាង ឈាង វុន និងព្រះសង្ឃ នៅវត្តពោធិយ៉ារ៉ាម (vdo)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 05, 2014
- ប្រធានបទ: វត្តចាស់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រវាងគូរជម្លោះទាំងសងខាង បានលើកយកហេតុផលតែរៀងៗខ្លួន។ លោក ឈាង វុន តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រត្តិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បាននិយាយថា រឿងចុះទៅវត្តពោធិយារ៉ាម ហៅវត្តចាស់ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកានោះ ដោយសារលោកមានបំណងតែមួយគត់ គឺដើម្បីមើល«ទូកង»របស់លោកប៉ុណ្ណោះ តែក៏ពើបប្រទះ ជាមួយនឹងប្រជាពលរដ្ឋរឿងដីធ្លី មកពីខេត្តបាត់ដំបងតែម្តង។
ពេលនោះ លោកក៏បង្ហាញពីការឈឺឆ្អាល ក្នុងនាមលោក ជាអ្នកតំណាងរាស្រ្តក្នុងរដ្ឋសភា ដែលជាតំណាងប្រជាពលរដ្ឋទូទៅថា សូមឲ្យពួកគាត់ត្រឡប់ទៅខេត្តបាត់ដំបងវិញ ដើម្បីរង់ចាំការដោះស្រាយ ពីខាងអភិបាលខេត្ត ព្រោះលោកបានទាក់ទងរួចជាស្រេចមុនហើយ។
ក្នុងការជជែកវែកញែកហេតុផលនោះ ក៏មានព្រះសង្ឃមួយអង្គ (លោកមិនស្គាល់ឈ្មោះ) ក៏បានចេញមុខមកវែកញែកជាមួយលោក ដោយកាន់ជើងទៅភាគីពលរដ្ឋតែម្ខាង។ ករណីនេះ លោកក៏ចាត់ទុកថា ជាការលំអៀង និងអាចធ្វើឲ្យខូចឈ្មោះព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។ លោកបន្តថា បើសិនជាព្រះសង្ឃទាំងនោះ ចង់ចូលរួមដោះស្រាយ ត្រូវដោះស្បង់ចីវរចេញ ជាមុនសិនទៅ ទើបអាចចូលរួម ក្នុងការថដោះស្រាយនេះបាន បើមិនដូច្នេះទេ នាំឲ្យប្រជាពលរដ្ឋម្ខាងទៀត អស់ជំនឿលើព្រះពុទ្ធសាសនា។
តែសម្រាប់បណ្ដាញព្រះសង្ឃឯករាជ្យ ដែលដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ បានលើកឡើងថា ព្រះសង្ឃមានសិទ្ធិចូលរួមការងារសង្គម និងជួយការងារទុក្ខលំបាករបស់ពលរដ្ឋ ដែលផ្ទុយនឹងការលើកឡើងរបស់លោក ឈាន វុន ថាព្រះសង្ឃមិនគួរចេះដឹងរឿងទុក្ខប្រជារាស្រ្តនោះ។ មិនត្រឹមតែប៉ុណ្ណឹង លោក ឈាង វុន បានថែមទាំងស្រែកបណ្ដេញព្រះសង្ឃ ចេញពីវត្ត ជាមួយនឹងការ«ព្រមាន»បកស្បង់ចីវរ របស់ព្រះសង្ឃទៀត។
ក្រុមព្រះសង្ឃឯករាជ្យ បានចាត់ទុកថា ក្នុងនាមលោក ឈាង វុន ជាតំណាងរាស្រ្តជាប់ឆ្នោត តែលោកបែរជាបានប្រើប្រាស់ នូវពាក្យអសុរ ខ្វះសុជីវធម៌ ក្នុងនាមខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនា។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានថ្លែងថា ព្រះអង្គនឹងគ្រោងធ្វើការតវ៉ា ធ្វើបាតុកម្មប្រឆាំងនឹងសម្តីលោក ឈាង វុន បន្ទាប់ពីពិធីបុណ្យអុំទូកបានបញ្ចប់ និងបង្ខំឲ្យលោក ឈាង វុន សុំទោសព្រះសង្ឃជាសាធារណៈ៕