ឱក សុគន្ធកញ្ញា ទម្លាក់ វង្ស តារារតនា ព្រោះរងការរិះគន់?
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០២ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 05, 2014
- ប្រធានបទ: The Voice
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការជ្រើសរើសយក វង្ស តារារតនា កាលពីអាទិត្យមុន ក្នុងវគ្គ LIVE SHOW សប្តាហ៍ទី៣ ធ្វើឱ្យកញ្ញ ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកមួយរូប របស់កម្មវិធីប្រលងចម្រៀងដឹវយ្សន៍កម្ពុជា រងនូវការរិះគន់យ៉ាងខ្លាំង ពីទស្សនិកជន។ ប៉ុន្តែសប្តាហ៍នេះ វង្ស តារារតនា ត្រូវបានកញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់ចេញពីកម្មវិធី។ ការទម្លាក់របស់បេក្ខជនរូបនេះ បានធ្វើឱ្យទស្សនិកជនមួយរូបចោទឡើងថា ព្រោះតែការរិះគន់ ខ្លាចបាត់បង់ប្រជាប្រិយភាពឬ ទើបកញ្ញា ឱក សុគន្ធកញ្ញា ទម្លាក់បេក្ខជនខាងលើ?
ចំពោះការចោទសួរដោយគ្មានចម្លើយនេះ ត្រូវបានទស្សនិកមួយរូប ដែលជាអ្នកគាំទ្រកញ្ញា ឱក សុគន្ធកញ្ញា បានចេញមុខបកស្រាយជំនួសថា មិនមែនមកពីការរិះគន់ទេ ដែលធ្វើឱ្យកញ្ញា ឱក សុគន្ធកញ្ញ ទម្លាក់បេក្ខជន វង្ស តារារតនា នោះ។ ម្ចាស់គណនីរូបនេះ សរសេរបន្តថា៖ «កញ្ញាគាត់យកបទចម្រៀង មនោសញ្ចេតនារបស់អ្នកទាំង២នេះច្រៀង គឺគាត់បានវិភាគច្បាស់ណាស់ថា នឹងយកអ្នកណា»។
វង្ស តារារតនា ជាអ្នកចម្រៀងដែលមានសម្លេងបែប Rock ស្រែកដូចរាជសី។ លោកបានឆ្លងកាត់ នូវវគ្គជាច្រើនរហូតដល់វគ្គ Live Show សប្តាហ៍ទី៤។ នៅថ្ងៃយប់អាទិត្យទី០២ ខែវិច្ឆិកានេះ វង្ស ដារ៉ារតនា បានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «ឱ្យបងសុំស្រលាញ់ផង» បានយ៉ាងល្អគួរសម។ មួយវិញទៀត នៅសប្តាហ៍នេះដែរ គេសង្កេតឃើញថាកូនក្រុមទាំងបី របស់កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងប្រហាក់ប្រហែលគ្នា គ្មានអ្នកណាលើសអ្នកណានោះទេ។ ប៉ុន្តែបន្ទាប់ពីបេក្ខជន លី សុខ ត្រូវបានត្រូវទស្សនិកជនបោះឆ្នោត ឱ្យជាប់ជាស្វ័យប្រវត្តិនោះ នៅសល់បេក្ខជនពីររូបទៀតគឺ ឃុន វុត្ថា និង វង្ស តារារតនា។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺកញ្ញា ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសរើសយក ឃុន វុត្ថា។
បន្ទាប់ពីត្រូវបានទម្លាក់ពីកម្មវិធី បេក្ខជន វង្ស តារារតនា បានបញ្ជាក់ប្រាប់ទៅដល់ទស្សនិកជនយ៉ាងដូច្នេះថា៖ «សូមជម្រាបទៅដល់មហាជនថា នេះគឺជាកម្មវិធីពិត ដោយគ្មានខ្សែអ្វីទាំងអស់ ដូចដែររាល់បញ្ហាដែលកើតឡើងជាមួយខ្ញុំនឹង coach កញ្ញា។ ថ្ងៃនេះ ទស្សនិកបានឃើញច្បាស់ និងបានដឹងច្បាស់ ដោយគ្មានលាក់លៀម គ្មានមន្ទិលសង្ស័យ។»
ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានលើកឡើងថា នៅសប្តាហ៍នេះ លោក វង្ស តារារតនា ធ្វើបានល្អជាងសប្តាហ៍មុនៗ វាគួឱ្យសោកស្តាយណាស់ ដែលដឹវយ្សន៍បានបាត់បង់បេក្ខជនម្នាក់ ដែលមានសម្លេងស្រែកបានល្អ។ ចំណែកទស្សនិកមួយរូបទៀត បានបញ្ចេញផ្ទុយនឹងម្ចាស់គណនីខាងលើថា ខ្លួនពេញចិត្តនឹងការសម្រេច របស់កញ្ញា ឱក សុគន្ធកញ្ញា ថ្វីត្បិតតែយប់ថ្ងៃអាទិត្យទី០២ វិច្ឆិកានេះ ឃុន វុត្ថា ធ្វើមិនបានល្អ១០០%ក៏ដោយ ប៉ុន្តែគេជាមនុស្សមានសមត្ថភាព។ ប្រិយមិត្តម្នាក់ទៀត បានបញ្ជាក់បន្ថែមថា៖ «ជាការពិត កញ្ញារើសយក វុត្ថា គឺត្រឹមត្រូវមែន។ រតនា ពិតតែសំលេងខ្លាំង តែសំលេងពេលច្រៀងមនោសញ្ចេតនា គឺមិនដូច វុត្ថា ឡើយ។ វុត្ថា បទស្រែកក៏គាត់ច្រៀងបាន ទោះមិនខ្លាំងដូចរតនា តែបទមនោសញ្ចេតនា វុត្ថា សមជាង។ និយាយទៅ ពិបាករើសណាស់ បើខ្ញុំជា កញ្ញា។ តែ វុត្ថា អាចលើសរតនាបន្តិច ចឹងយកវុត្ថាគឺសក្តិសម»។