នរណាទាស់សម្ដីជាមួយតារាចម្រៀង ឈិត សុរ៉ាវី រហូតធ្វើអត្តឃាត?
ព័ត៌មានដែលបានធ្វើឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃពុធនេះ គឺដំណឹងមរណភាពរបស់តារាចម្រៀងល្បីឈ្មោះមួយរូប នោះគឺនាងឈិន សុរ៉ាវី ដែលមានឈ្មោះដើមថា ឈិន ចាន់សុរ៉ាវី និងក៏ត្រូវជាបងស្រី កញ្ញាឈិន សុធារី ដែរ។ ភ្ញាក់ផ្អើល ដោយសារតែមរណភាពនេះ បានផ្សាយឲ្យដឹងក្នុងជំហានដំបូង ថាជាការធ្វើអត្តឃាត ដោយចងក នៅលើឡៅតឿ ក្នុងផ្ទះរបស់នាង ហើយត្រូវបានប្អូនស្រីរបស់តារាចម្រៀង ថ្លែងថា មកពីមាន«ការទាស់សម្ដី»គ្នា។
តារាចម្រៀងពីរនាក់បងប្អូន នាងឈិត សុរ៉ាវី (ខាងឆ្វេង) និងនាងឈិត សុធាវី។ (រូបថត ផ្តិតចេញពីអេក្រង់វីដេអូ របស់ផលិតកម្មតាន់តាន់)
ជីវិតតារា - នៅក្នុងការប្រកាសរបស់ក្រុមមន្ត្រីនគរបាល ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានធ្វើការសន្និដ្ឋានថា អ្នកចម្រៀងដ៏មានមុខមាត់ម្នាក់ ប្រចាំនៅក្នុងផលិតកម្មក្រៅស្រុក និងឧស្សាហ៍ឡើងទូរទស្សន៍ញឹកញាប់នាងឈិន សុរ៉ាវី បានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះតែមូលហេតុខូចចិត្ត និងមានអារម្មណ៍មិនប្រក្រតីប៉ុណ្ណោះ។ ហេតុការណ៍ត្រូវបានធ្វើឲ្យភ្ញាក់ផ្អើល និងប្ដឹងទៅដល់សមត្ថកិច្ច កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា នៅវេលាម៉ោង៧ និង៣០យប់ នៅក្នុងផ្ទះល្វែងលេខ២១៤ ស្ថិតនៅផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌពោធិ៍សែនជ័យ។
នៅក្បែរសពរបស់អ្នកនាង ដែលត្រូវបានរៀបរាប់ថា បានចង ក ដោយខ្សែចងក្រវ៉ាត់អាវនោះ គេឃើញមានសំបុត្រមួយច្បាប់ ដែលសរសេរបញ្ជាក់ថា «ខ្ញុំមិនលើកលែងឲ្យអ្នកណា ដែលជាន់ឈ្លី និងកុហកខ្ញុំឡើយ។ អ្នកណាធ្វើបាបខ្ញុំ ខ្ញុំនឹង ...ឲ្យ ...ខ្ញុំមិនលើកលែងឲ្យ អ្នកណាជាដាច់ខាត។» សំបុត្រនេះ បានសំដៅទៅរកជនណាម្នាក់ ដែលអាចទំនងជាសាច់ញាតិ មិត្តភ័ក្ត្រ ឬអាចជាកំណាន់ចិត្ត ដែលនាងខំលាក់ទស្សនិកជន កន្លងមកនោះផងក៏មិនដឹង។
សាក្សីដែលនៅជិតដិតនឹង តារាចម្រៀង បានបង្ហើបថា នាង ឈិន សុរ៉ាវី មានទឹកមុខស្រងូតស្រងាត់ ខុសប្លែកពីធម្មតា តាំងពីប៉ុន្មានថ្ងៃមកហើយ។ តែគេមិនដឹងថា នាងមានវិបត្តិអ្វីនោះទេ ហើយនៅមុនពេលចងកសម្លាប់ខ្លួន សាក្សីនោះ បាននិយាយទៀតថា ជនរងគ្រោះគិតតែអង្គុយយំ និងបានផឹកស្រាបៀរអស់ ជិត ៤ កំប៉ុង។ ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ដែលជាថ្ងៃកើតហេតុ តារាចម្រៀងរូបនេះ បានបើករថយន្ត ទៅបុកបង្គោលភ្លើងទៀតផង ដែលមើលទៅអាចបណ្ដាលពីការពិបាកចិត្តខ្លាំង។ ប្រភពដដែលបាននិយាយទៀតថា ហេតុផលនៃការធ្វើអត្តឃាតនេះ អាចបណ្ដាលពីរឿងស្នេហា ព្រោះនាងឈិន សុរ៉ាវី ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតមិនបានសម្រេច ម្ដងជាពីរម្ដងរួចហើយកាលពីលើកមុន ដោយមកពីស្នេហាមិនដូចបំណង។
ទាស់សម្ដីគ្នា ដល់ថ្នាក់សម្លាប់ខ្លួន ?
ប្អូនស្រីរបស់តារាចម្រៀងរងគ្រោះ នាង ឈិន សុធារី ដែលជាតារាចម្រៀង និងជាអតីតពិធីការិនីប្រចាំនៅប៉ុស្ដិ៍លេខ៥ មិនទាន់ចង់និយាយប្រាប់អ្នកសារព័ត៌មានអ្វីនោះទេ ដោយសារតែនាង និងសាច់ញាតិ កំពុងស្ថិតក្នុងភាពរំជួលចិត្តគ្រប់ៗគ្នា។ ប៉ុន្តែនាង ឈិន សុធារី បានបង្ហើបប្រាប់សារព័ត៌មាននគរវត្តថា នៅមុនពេលកើតហេតុ បងស្រីរបស់នាងមានការទាស់ពាក្យសម្តីគ្នា ជាមួយនឹងអ្នកដែលបានស្គាល់គ្នាយូរឆ្នាំមកហើយ។
តាមការបញ្ជាក់របស់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកប៊ន សំអាត បានឲ្យដឹងថា ក្រោយធ្វើកោសល្យវិច័យ ជនរងគ្រោះ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន។ លោកនិយាយថា លោក និងមន្ត្រីក្រោមឱវាតកំពុងស្រាវជ្រាវបន្តដើម្បីស្វែងយល់ឲ្យច្បាស់ថា អ្វីជាមូលហេតុពិតប្រាកដ ដែលនាំឲ្យតារាចម្រៀងម្នាក់នេះ សម្លាប់ខ្លួន។ ប៉ុន្តែបើយោងតាមសម្ដីរបស់ប្អូនស្រីស្រស់ស្អាតរបស់នាង ដែលថានាងបានទាស់សម្ដីគ្នា រហូតដល់ថ្នាក់សម្លាប់ខ្លួននោះ អាចមានន័យថាជននោះ អាចជាមនុស្សដែលសំខាន់ខ្លាំងណាស់ហើយ៕
រូបថតលើហ្វេសប៊ុក នៅទីកន្លែងតំកល់ និងបូជាសព អតីតតារាចម្រៀង នាងឈិត សុរ៉ាវី ៖
--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ