ឈាង វុន៖ បរិវេណរដ្ឋសភា ជាតំបន់«អសាធារណៈ»
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 17, 2015
- ប្រធានបទ: រដ្ឋសភា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មើលទៅ ការបណ្ដេញអ្នកសារព័ត៌មាន ចេញពីរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ដូចជានៅមិនទាន់ដាច់ស្រឡះ ពីលោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា នៅឡើយ។ មិនដាច់ស្រេច ព្រោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ទើបនឹងលើកឡើង ថាការបណ្ដេញអ្នកសារព័ត៌មាន ចេញពីទីសាធារណៈ និងមិនឲ្យអ្នកសារព័ត៌មាន ធ្វើការងាររបស់ខ្លួននោះ ជាការរំលោភសិទ្ធិអ្នកសារព័ត៌មាន។
តែរឿងដែលសំខាន់នោះ នៅត្រង់សំដី របស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មានថា៖ «កន្លែងរដ្ឋសភា ជាកន្លែងសាធារណៈ លើកលែងតែមានការប្រជុំ ដែលប្រកាសថាបិទទ្វារ»។
ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ ចាំបាច់តម្រូវឲ្យលោក ឈាង វុន ដែលជាអ្នកដេញ អ្នកសារព័ត៌មានចេញ ពីបរិវេណរដ្ឋសភានោះ សម្ដែងជាប្រតិកម្មភ្លាម។ ថ្លែងនៅក្នុងសន្និសីទកាសែត នៅរដ្ឋសភា ថ្ងៃទី១៧ ខែកក្កដានេះ លោក ឈាង វុន បានបញ្ជាក់ថា រដ្ឋសភាមិនមែនជា តំបន់សាធារណៈ ដូចទីលានប្រជាធិបតេយ្យ ដែលមនុស្សអាចចេញចូល បានតាមចិត្តនោះទេ ព្រោះរដ្ឋសភាមានសន្តិសុខយាមត្រឹមត្រូវ និងមានបទបញ្ជាផ្ទៃក្នុង ដោយតម្រូវឲ្យសាធារណជន ឬអ្នកកាសែត ចូលរដ្ឋសភា ត្រូវសុំការអនុញ្ញាតពីសន្តិសុខជាមុន។
ដើម្បីឲ្យកាន់តែច្បាស់ លោក ឈាង វុន បានអះអាងទៀតថា លោកនឹងឲ្យក្រុមការងារ ផ្ញើលិខិត និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ឲ្យលោក ខៀវ កាញារីទ្ធ បានអាន។ យ៉ាងណាក៏ដោយ លោកថា លោកមិនចង់ឆ្លើយតបច្រើនជាមួយលោក ខៀវ កាញារីទ្ធ ទេ ព្រោះលោក និងលោក ខៀវ កាញារីទ្ធ ជាមន្ត្រីនៅក្នុង គណបក្សប្រជាជនកម្ពុជាតែមួយ។
កាលពីថ្ងៃទី១៥ កក្កដា លោក ខៀវ កាញារីទ្ធ បានឆ្លើយតប នឹងអ្នកកាសែត ក្រោយចប់កិច្ចពិភាក្សា ស្ដីពី «រួមគ្នា ជំរុញការពាក់មួកសុវត្ថិភាព នៅកម្ពុជា» ថា៖ «អ្នកការសែត មានសិទ្ធិចេញចូលកន្លែងណា ដែលជាកន្លែងសាធារណៈ។ កន្លែងរដ្ឋសភា ជាកន្លែងសាធារណៈ លើកលែងតែមានការប្រជុំ ដែលប្រកាសថាបិទទ្វារ។ (...) ការហាមឃាត់នេះ មានការប៉ះពាល់ ដល់សិទ្ធិអ្នកសារព័ត៌មាន។» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ៕