«គ្រុឌស្លៀក លីអូ លើព្រះវិហារ» បង្អើលអ្នកលេងហ្វេសប៊ុកឲ្យផ្ទុះសំណើច
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៧ មករា ២០១៥
- កែប្រែចុងក្រោយ: January 07, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រចនាបទអ្វីណ្នឹង? នៅវត្តណា? នៅតំបន់ណា?... នេះជាការចោទសួររបស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម លើកឡើងជាចម្ងល់ទៅនឹងរូបចម្លាក់«គ្រុឌ»ជាច្រើន ដែលត្រូវបានយកទៅដាក់ នៅលើក្បាលសរសរព្រះវិហារមួយ ដែលបានបង្កឲ្យផ្ទុះសំណើចទ្រាំមិនបាន បន្ទាប់ពីបានទស្សនារួច។
រូបគ្រុឌនេះ (ដូចនៅក្នុងរូបថត) ត្រូវបានឆ្លាក់ដោយមានដាក់ពាក់ប៉ឹងពីមុខ និងនៅក្នុងចលនាជាគ្រុឌអង្គុយ។ ប៉ុន្តែគ្រុឌអង្គុយ«យៈ»នេះ មិនមែនត្រូវបានគេយកមកតាំងដោយ នៅកន្លែងមួយធម្មតានោះទេ តែត្រូវបានយកទៅដល់ឲ្យអង្គុយ«យៈចំហ» នៅតាមក្បាលសរសេរនីមួយៗ របស់ព្រះវិហារមួយកន្លែងទៅវិញ។ បើតាមម្ចាស់គណនីហ្វេសប៊ុក ដែលបង្ហោះរូបនេះដំបូងគេ ដែលទំនងជានិស្សិតនៅមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយកម្មមួយរូបនោះ បានសរសេរថា ព្រះវិហារនេះ ស្ថិតក្នុងវត្តគំនូរ នៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលនៅមិនឆ្ងាយប៉ុន្មាន ពីសាលាស្រុកអង្គរបូរីនោះឡើយ។
ប៉ុន្តែរឿងដែលចម្លែកនោះ ថាតើរូបគ្រុឌដែលត្រូវបានយកមកដាក់ នៅលើក្បាលសរសេររបៀបនេះ ត្រឹមត្រូវដែរឬទេ? លោក កែវ ដាវុឌ្ឍា ស្ថាបត្យករជំនាន់ទី៥ ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈភ្នំពេញ បានថ្លែងថា ជាទូទៅ នៅក្នុងស្ថាបត្យកម្មបូរាណខ្មែរ រូបគ្រុឌដែលគេយកទៅដាក់ នៅលើក្បាលសរសេរនៃព្រះវិហារ ដោយសារមានទាក់ទងនឹងរឿងពីរ។ រឿងទីមួយ និយាយពីពុទ្ធនិទានបានឲ្យដឹងថា សត្វគ្រុឌ ឬនាងកិន្នរសុទ្ធតែជាសត្វមានជាប់បណ្ដាសារ ហើយព្រះបានយកសត្វនេះមកប្រើឲ្យធ្វើការ ដូចយ៉ាងជាយានជំនិះ និងទប់ពិដានព្រះវិហារនេះជាដើម។ រីឯរឿងទីពីរ ទាក់ទងនឹងបច្ចេកទេស ដែលខ្មែរចង់ប្រើប្រាស់រូបចម្លាក់គ្រុឌទាំងនេះ ទៅជាធ្នឹម ដើម្បីទ្រទប់ពិដាន ហើយវាក្លាយជារូបចម្លាក់សម្រាប់លំអរព្រះវិហារផង។
រីឯសត្វគ្រុឌ ដែលអង្គុយកន្ធែកជើងនេះ មិនត្រូវបានលោក លើកឡើងថាយ៉ាងដូចម្ដេចឡើយ។ លោកនិយាយថា៖ «មិនដឹងថា តើអ្នកសាងសង់វត្ត ចង់ឲ្យយើងដឹងពីអ្វីឡើយ ព្រោះទប់ពិដានក៏មិនកើត ហើយបះដៃបះជើង មិនមានសោភ័ណ្ឌភាពឲ្យច្បាស់លាស់ទេ»។
ម្ចាស់គណនីមួយរូប ដែលទំនងជាស្គាល់វត្តគំនូរច្បាស់ បាននិយាយថា វត្តនេះមានអាយុកាលមកយូរហើយ និងរូបគ្រុឌកន្ធែកជើងនេះ បានបង្ហាញពីលក្ខណៈពិសេសរបស់វត្តនេះ ដែលមានតែមួយក្នុងរាជាណាចក្រ។ ម្ចាស់គណនីនោះ និយាយថា វត្តនេះស្ថិតនៅចំកណ្ដាលក្រុងបូរាណខ្មែរ ដែលមានអាយុកាលតាំងពីមុនគ្រឹះសករាជមក។
សម្រាប់លោក ដាវុឌ្ឍា វិញ បានអះអាងថា ទាក់ទងនឹងករណីពិសេសរបស់វត្ត ឬរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ដែលចង់សង់វត្តតាមរចនាបទប្លែកនេះ យើងគួរតែគោរព ព្រោះបង្ហាញពីប្រវត្តិសាស្ត្រមួយ របស់តំបន់នោះ។ ប៉ុន្តែបើពិនិត្យទៅលើសំណង់របស់វត្ត និងសភាពនៅមានរូបរាងល្អសឹងតែទាំងអស់ របស់ព្រះវិហារវត្ត យើងមិនអាចនិយាយថា ព្រះវិហារនេះត្រូវបានសង់ តាំងពីច្រើនសតវត្សមកហើយនោះទេ។
យ៉ាងណាក៏ដោយ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកករណីគ្រុឌកន្ធែកជើងនេះ មកនិយាយលេងសើចសប្បាយ។ ម្ចាស់គណនីម្នាក់និយាយថា៖ «មើលទៅដូចសត្វចាបពូជបន្តិច ដូចកូនង៉ែតបន្តិច យ៉ាងម៉េចមិនដឹងទេ» ខណៈម្នាក់ទៀតបានសរសេរថា៖ «មុខគ្រុឌដូចកណ្តុុ រលូត»។ តែអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត សរសេរចំអកឲ្យថា៖ «គ្រុឌសម័យនេះឈប់ឈរហើយ ព្រោះរួយជើង»៕