ទំព័រហ្វេសប៊ុក ហ៊ុន សែន ថាមានជប៉ុនមករកស៊ីច្រើននៅកម្ពុជា មែនឬ?
ក្នុងទំព័រហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថាជារបស់នាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ជប៉ុនកំពុងចាប់យកឱកាសវិនិយោគនៅកម្ពុជា ដោយប្រទេសមួយនេះ ចាត់ទុកថាប្រទេសកម្ពុជាជាទិសដៅវិនិយោគដ៏សំខាន់បំផុត ហើយក៏យុត្តិសាស្រ្តរបស់រដ្ឋភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ នៅអាណត្តិទី៥នេះដែរ។ ប៉ុន្តែវាជាការអះអាង ដែលដូចជា«មិនសូវពិត»។
មជ្ឈមណ្ឌលពាណិជ្ជកម្ម អាអេអុន របស់ជប៉ុន នៅរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)
វិនិយោគ - ទំព័រហ្វេសប៊ុកមួយដែលគេជឿថា ជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានសរសេរអួតអាងនៅថ្ងៃសៅរ៍ទី២២ ខែកុម្ភៈនេះ ទាក់ទងនឹងការវិនិយោគរបស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដោយយោងលើមូលហេតុដ៏សំខាន់ នៃកិច្ច«សហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា»។ លើសពីនេះទៅទៀត ទំព័រនេះបានសរសេរដោយមានមោទនភាពថា «ប្រទេសជប៉ុន និងក្រុមហ៊ុនអាជីវកម្មជប៉ុន មានជំនឿទុកចិត្តយ៉ាងខ្លាំង មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព សន្តិភាព ដើម្បីអោយក្រុមហ៊ុនបរទេស អាចប្រកបអាជីវកម្មដោយមិនមានការភ័យខ្លាច។»
ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានមនុស្សចូលមកចុចចូលចិត្តជិត២០ម៉ឺននាក់ បានលើកយកតួលេខមួយមកបញ្ជាក់ថា «មកទល់ពេលនេះមានក្រុមហ៊ុនជប៉ុនជាង១២២ បានមកវិនិយោគ និងបណ្តាក់ទុនធ្វើ់អាជីវកម្មនៅកម្ពុជា»។
ការលើកឡើងរបស់ទំព័៍រនេះ បានផ្ទុយទៅនឹងការលើកឡើងមួយចំនួន របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលខ្លួនឯង និងអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ ដែលតែងតែលើកឡើងថា ការវិនិយោគទុនរបស់វិនិយោគិនជប៉ុន នៅតែមានចំនួនដ៏តិចតួចនៅឡើយ។ ជាងនេះទៅទៀត បើយោងតាមទិន្នន័យ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ក្នុងឆ្នាំ២០១៣ មានចំនួនត្រឹមតែប្រមាណជា ៤៧,៥លាន ដុល្លារ ប៉ុណ្ណោះ ដែលធ្លាក់ចុះ២៨០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១២ ដែលមានចំនួនដល់ទៅ ៣២៨លានដុល្លារ។ ចំនួន៤៧,៥លានដុល្លារ ជាចំនួនទឹកប្រាក់ដ៏ទាបមួយ។
លោក ខៀវ កាញារិទ្ធ ធ្លាប់សរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបង្ហើបពីជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរប្រទេស លោក ហ៊ុន សែន និងលោក ស៊ីនហ្សូ អាប៊េ ក្នុងពេលដែលនាយករដ្ឋមន្ត្រីជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជាថា ជប៉ុនត្រូវការឲ្យកម្ពុជាតម្លើងសមត្ថភាព ខាងការផ្គត់ផ្គង់ថាមពល (អគ្គិសនី) ឲ្យបានគ្រប់គ្រាន់សិន មុននឹងវិនិយោគិនរបស់គេមកដាក់ទុននៅកម្ពុជា។
សំណេររបស់លោក ខៀវ កាញារិទ្ធ នៅពេលនោះ ទំនងជាចង់បង្វែងអារម្មណ៍ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យងាកចេញពីការរិះគន់ដ៏ខ្លាំងក្លារបស់មតិមួយចំនួន ដែលបានលើកមូលហេតុមកនិយាយថា ជប៉ុនមិនមកដាក់ទុនរកទទួលទានច្រើននៅកម្ពុជា ដោយសារតែប្រទេសកម្ពុជា ជាប្រទេសដែលពុករលួយជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងស្អុយរលួយជាងគេជាប់ចំណាត់លេខពីរ នៅអាស៊ីបន្ទាប់ពីប្រទេសកុម្មុយនីសផ្ដាច់ការ កូរ៉េខាងជើង។ ការលើកឡើងរបស់ក្រុមអ្នករិះគន់ ដោយសំអាងទៅលើរបាយការណ៍មួយ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ កាលពីពេលថ្មីៗនេះ។
អ្នកណាក៏គេមើលដឹងដែរថា ប្រទេសមួយចំនួន ដូចជាប្រទេសជប៉ុនជាដើម សុទ្ធចិត្តផ្ដល់ជំនួយមកឲ្យកម្ពុជា តែជប៉ុននៅមានភាពរារែកនៅឡើយ ក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសមួយនេះ។ អ្នកស្រាវជ្រាវវិស័យសេដ្ឋកិច្ចកម្ពុជា លោក នៅ សីហា ធ្លាប់បានលើកមូលហេតុឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា នោះមកពីកម្ពុជាមានទីផ្សារតូច មានការលំបាកក្នុងការចុះបញ្ជីពាណិជ្ជកម្ម ការិយាធិបតេយ្យ អំពើពុករលួយ អភិបាលកិច្ចមិនល្អ និងបញ្ហាផ្សេងៗមួយចំនួនទៀត។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា ជាគោលការណ៍ ប្រទេសជប៉ុនមានការពិនិត្យល្អិតល្អន់ណាស់ មុននឹងដាក់ទុនវិនិយោគនៅប្រទេសណាមួយ។ ប៉ុន្តែ លោក នៅ សីហា បានបង្ហាញនូវសុទ្ទិដ្ឋិនិយមថា កម្ពុជាមិននៅមួយកន្លែងទេ កម្ពុជានឹងបោះជំហានទៅមុខ ព្រោះកម្ពុជាមានសក្តានុពលច្រើន ពិសេស កសិកម្ម ទេសចរណ៍ និងធនាគារជាដើម។ ដូច្នេះបើយោងទៅលើសក្ដានុពលទាំងនេះ អ្នកវិនិយោគទុនជប៉ុនអាចនឹងមកកម្ពុជា កាន់តែច្រើនក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាក៏ដោយ ក៏អ្នកវិភាគបានថ្លែងថា កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់ ឲ្យបានពិតប្រាកដ ដើម្បីកសាងកេរ្ដ៍ឈ្មោះ ជុំវិញការបំបាត់អំពើពុករលួយ និងប្រសិទ្ធិភាពនៃប្រព័ន្ធអនុវត្តច្បាប់ ឲ្យបានល្អជាមុនសិន។ កំណែទម្រង់ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ មុននឹងឈានទៅដល់ការ«អួតអាង»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៤