«សម្ដេច» សុខ អាន ជាគោរមងារ«សេះហោះ»?
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 20, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រកាសគោរមងារ «យ៉ាងប្រថុចញ៉ុច» តម្លើងជូនលោក សុខ អាន ពី«ឯកឧត្ដមបណ្ឌិតសុភាចារ្យ» ទៅជា «សម្ដេចវិបុលបញ្ញា» នៅតែពីរថ្ងៃ មុនថ្ងៃមរណភាពរបស់លោក កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ បានបង្កចង្ងល់ទៅដល់អ្នកផងទាំងឡាយ ដែលតាមដានករណីនេះ យ៉ាងដិតដល់។ ជាពិសេសសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «ដើមត្នោត» ដែលឧស្សាហ៍ទទួលបាន នូវឯកសារផ្លូវការ ជាពិសេសព្រះរាជ្យក្រិត្យ ស្ដីពីការតែងតាំងផងទាំងពួង នៅក្នុងរាជការបច្ចុប្បន្ន បានពន្យល់ នៅក្នុងការផ្សាយរបស់ខ្លួន ក្នុងថ្ងៃនេះថា គោរមងារជា«សម្ដេចវិបុលបញ្ញា» របស់លោក សុខ អាន ជាគោរមងារ«សេះហោះ» (ពន្យល់ឲ្យងាយយល់៖ គោរមងារនោះ ត្រូវបានបង្កើតឡើង ដោយក្លែងបន្លំ និងធ្វើដូចមែនទែន)»។
នៅប៉ុន្មានម៉ោងមុននេះ អត្ថបទរបស់សារព័ត៌មានខាងលើ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី ព្រះអានុជ នរោត្ដម អារុណរស្មី យកមកចែករំលែក នៅលើគណនេយ្យហ្វេសប៊ុករបស់ព្រះអង្គ និងបានបង្កឲ្យមានចម្ងល់ កាន់តែខ្លាំងឡើងថែមទៀត ជុំវិញការលើកឡើង ពីគោរមងារ«សេះហោះ»។ ការចែករំលែកអត្ថបទ របស់ព្រះអានុជ ដែលមកដល់ពេលនេះ ត្រូវបានលុបចេញទៅវិញនោះ ត្រូវបានបានប្រិយមិត្តផ្សេងទៀត ចែករំលែកបន្ត និងលើកជាសំនួរឡើងថា «តើមានរឿងអ្វី ឲ្យប្រាកដទៅ ម្ចាស់ក្សត្រី?»។
ដើម្បីឈានទៅសន្និដ្ឋានថា គោរមងាររបស់លោក សុខ អាន មានលក្ខណៈ«សេះហោះ»នោះ សារព័ត៌មាន«ដើមត្នោត» បានលើកយកមកពន្យល់ នូវបទដ្ឋានគតិយុត្ត ចំនួនបី ដែលសារព័ត៌មានអះអាងថា មានភាព«មិនប្រក្រតី»៖
(១) ព្រះរាជក្រិត្យតែងតាំង គោរមងារ ជូនលោក សុខ អាន ចុះលេខ «ស/រកត/០៣១៧/២៦៧» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ត្រូវបានចុះព្រះហស្ដលេខា ដោយព្រះមហាក្សត្រ ក្នុងពេលដែលព្រះអង្គ កំពុងគង់សម្រាកពិនិត្យព្រះសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិននៅឡើយ។ ការចុះព្រះហស្ដលេខានេះ បង្ហាញឲ្យឃើញ ថាលិខិតត្រាស់តែងតាំង ត្រូវបានធ្វើឡើងដោយផ្ទាល់ ពីព្រះមហាក្សត្រ ខណៈព្រះរាជក្រិត្យ ដែលចុះលេខមុន («នស/រកត/០៣១៧/២៦៦» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧) និងចុះលេខក្រោយ («នស/រកត/០៣១៧/២៦៨» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧) ចំនួនពីរផ្សេងទៀត បែរជាចុះហត្ថលេខា ដោយប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាទៅវិញ។
(២) ព្រះរាជក្រិត្យតែងតាំង គោរមងារ ជូនលោក សុខ អាន មិនបានបញ្ជាក់ពីទីកន្លែង ចុះព្រះហស្ដលេខា របស់ព្រះមហាក្សត្រនោះទេ ខណៈព្រះរាជក្រិត្យមុនៗ សុទ្ធតែសរសេរបញ្ជាក់ ថាព្រះមហាក្សត្រ ទ្រង់ត្រាស់តែងតាំង ឬគោរមងារ ពីទីកន្លែង ឬព្រះរាជដំណាក់ ដែលព្រះអង្គកំពុងគង់ ទោះជាទ្រង់គងនៅក្នុងប្រទេសកម្ពុជា ប្រទេសចិន ឬនៅក្នុងប្រទេសកូរ៉េខាងជើង ក៏ដោយ។
(៣) ព្រះរាជក្រិត្យតែងតាំង គោរមងារ ជូនលោក សុខ អាន មិនមានចុះបញ្ជី នៅក្នុងសៀវភៅរាជកិច្ចចុងក្រោយបង្អស់ លេខ ២៩ ឆ្នាំ២០១៧ ដែលបានចុះផ្សាយ ពីរាល់ព្រះរាជក្រិត្យ រហូតដល់លេខ «នស/រកត/០៤១៧/៣៣៧» ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ទៅហើយនោះ។ ផ្ទុយទៅវិញ ព្រះរាជក្រិត្យពីរច្បាប់ ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ ខាងលើ ត្រូវបានបោះពុម្ភផ្សាយ សៀវភៅរាជកិច្ចនោះ យ៉ាងច្បាស់ និងរួចរាល់ហើយ។
តាមការពន្យល់ខាងលើ និងជាពិសេស ដោយយោងបន្ថែម លើសារាចរណែនាំ របស់រដ្ឋាភិបាលកម្ពុជា លេខ«១២សរណន» ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅត្រង់មាត្រា៤នោះ សារព័ត៌មានមួយនេះ បានធ្វើសេចក្ដីសន្និដ្ឋានថា ព្រះរាជក្រិត្យតែងតាំង គោរមងារ ជូនលោក សុខ អាន ដែលគ្មានចុះផ្សាយ នៅក្នុងសៀវភៅរាជកិច្ច ត្រូវបានចាត់ទុក ជាលិខិត«មិនផ្លូវការ»របស់រដ្ឋ ឬនិយាយម្យ៉ាងទៀត គោរមងារជា«សម្ដេច» របស់លោក សុខ អាន ជាគោរមងារ«សេះហោះ»។
មិនអាចទាក់ទង អ្នកនាំពាក្យព្រះបរមរាជវាំង លោក អ៊ុំ ដារ៉ាវុធ ដើម្បីសុំការបញ្ជាក់ ពីករណីខាងលើនេះបានទេ។ ប៉ុន្តែមន្ត្រីមួយរូប ស្និតនឹងព្រះបរមរាជវាំង បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ព្រះរាជក្រិត្យតែងតាំង គោរមងារ ជូនលោក សុខ អាន មានចុះលេខ «ស/រកត/០៣១៧/២៦៧» ទៅតាមបទដ្ឋានគតិយុត្ត និងគ្មានព្រះរាជក្រិត្យណាផ្សេង ដែលជាន់លេខគ្នាទេ។ ដូច្នេះ ព្រះរាជក្រិត្យនេះ ពិតជាបានឆ្លងកាត់រដ្ឋបាល របស់ព្រះបរមរាជវាំង។ តែនៅត្រង់ថា តើព្រះរាជក្រិត្យនេះ មានសុពលភាព ទៅតាមការត្រាស់តែងតាំងពិតប្រាកដ ពីព្រះមហាក្សត្រ ឬយ៉ាងណានោះ ត្រូវបានមន្ត្រីដដែលពន្យល់យ៉ាងខ្លីថា អត្ថបទរបស់សារព័ត៌មាន បានពន្យល់រួចរាល់ហើយ។
សារព័ត៌មាន«ដើមត្នោត» ដែលល្បីថា តែងលើកយករឿងរសើបៗ របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មកលាតត្រដាងនេះ ធ្លាប់បានលើកឡើងម្ដងហើយ ទាក់ទងនឹងគោរមងារជាសម្ដេច របស់អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលសារព័ត៌មាន បានរកឃើញដែរថា ជាគោរមងារ«សេះហោះ»។ អត្ថបទដែលចេញផ្សាយ តាំងពីចុងខែសីហា ឆ្នាំទៅម៉ិញ បានរៀបរាប់ថា ព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ ចុះលេខ«នស/រកត/០៣១១/៣១៩ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១» គ្រានតែបានត្រាស់បង្គាប់តែងតាំង ភរិយាលោក ហ៊ុន សែន ឲ្យមានគោរមងារ ជា«កិត្តិព្រឹទ្ធបណ្ឌិត» ប៉ុណ្ណោះ។ នៅប៉ុន្មានឆ្នាំក្រោយមក ទោះជាគ្មានសំណៅអះអាង ពីព្រះរាជក្រិត្យតែងតាំង នៅក្នុងសៀវភៅរាជកិច្ចក៏ដោយ ក៏ស្រាប់តែមានការហ៊ោរកញ្ជៀវដែរថា អ្នកស្រី ប៊ុន រ៉ានី មានគោរមងារជា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត» ទៅហោង៕