ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

«សូមអញ្ជើញតាមសប្បាយ ពួកអាអូនៗ» នេះ ជាសាររបស់លោក ខឹម វាសនា ដែល​លោក​បាន​សរសេរ នៅ​លើ​គណនេយ្យហ្វេសប៊ុករបស់​លោក បញ្ជូនទៅឲ្យ«ពួកសត្រូវ»របស់លោក។ សត្រូវ របស់​ប្រធាន​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ ដែល​ចាប់​ពីពេល​នេះ​តទៅ ត្រូវរាប់​បញ្ចូល​បន្ថែម ទាំង​អង្គការ​ខុមហ្វ្រែល (Comfrel) មួយ​ទៀត។
ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!
លោក ខឹម វាសនា ប្រធាន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 20, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំគិតថា សត្រូវបស់ខ្ញុំផ្តុំក្បាលគ្នាហើយ» ហើយបើតាមការសរសេរ របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលរៀបរាប់លើបណ្ដាញសង្គមនៅមុននេះ បានឲ្យដឹងថា «ក្រុមសម្រាម» ដែលជាសត្រូវរបស់ប្រធានគណបក្សរូបនេះ ត្រូវរាប់បញ្ចូលដែរ ចាប់ពីពេលនេះតទៅ ទាំងអង្គការជាតិមួយ ដែលមានឈ្មោះថា «គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា» ហៅកាត់ជាភាសាអង់គ្លេសថា «Comfrel»។

ការចាត់បញ្ជី ពីសំណាក់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការមួយនេះ បានយកអត្ថបទរបស់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទៅបង្ហោះ នៅលើទំព័រហ្វេសប៊ុក «Comfrel» របស់ខ្លួន ដោយបានដកស្រង់សំណេរ នៅក្នុងអត្ថបទនេះ ទៅសរសេរអមជាមួយផង។ ប៉ុន្តែសម្រាប់លោក ខឹម វាសនា ការលើកឡើងមកចុះផ្សាយ នូវពាក្យសំដីរបស់លោក ជាពិសេសពី«វិន័យ»មួយ ដែលលោកខ្លួនឯង​បង្កើតឡើង ដើម្បីដាក់កំហិត​​ទៅលើ​សមាជិក និងអ្នកគាំទ្រ​របស់​លោក​នោះ គឺជាការប្រឆាំងរូបលោក និងជាការដុត ឲ្យ«ឆេះ»ពេញអស់ឱរ៉ា ទ្រាំមិនធ្វើប្រតិកម្មមិនបាន។

នៅលើគណនេយ្យហ្វេសប៊ុករបសលោក កាលពីព្រឹកម៉ិញនេះ លោក ខឹម វាសនា បានសរសេរឡើងថា៖ «តាំងពីខ្ញុំចេញមកបង្កើត LDP​ មកដល់ឥឡូវ ជាងដប់ឆ្នាំហើយ​  Comfrel មិនដែលចុះផ្សាយអ្វី ទាក់ទងនឹងខ្ញុំ ឬ LDPឡើយ។​ ស្រាប់តែថ្ងៃនេះ​ រឿងតូចមួយសោះ Comfrel ចុះផ្សាយ។​ ខ្ញុំមានអារម្មណ៍ថា​ មិនទំនងសោះ។»។

ចំពោះប្រធានគណបក្សរូបនេះ អ្នកដែល​ធ្វើឲ្យ​លោក​​មានអារម្មណ៍ ថា«មិនទំនង»បែបនេះ គឺជាសត្រូវរបស់លោក ហើយសត្រូវទាំងនោះ រាប់ទាំងមុននិងក្រោយ គឺពួកគេ​មិនបានស្រឡាញ់គ្នាទេ។ លោក ខឹម វាសនា បានសរសេរបន្តថា៖ «ខ្ញុំគិតថា សត្រូវបស់ខ្ញុំផ្តុំក្បាលគ្នាហើយ។​ ពួកគេមិនមែនស្រឡាញ់គ្នាទេ​ តែពួកគេមានសត្រូវរួមតែប៉ុណ្ណោះ។ នេះ ជាលក្ខណ:របស់មនុស្សខូច​ទាំងឡាយ។»។

នៅចុងបញ្ចប់ លោកប្រមុខ«ទ័ពជួង» បានទន្ទេញឃ្លាដដែលៗ ដូច្នេះឡើងវិញ៖ «ខ្ញុំមិនដែលរស់ ព្រោះសត្រូវអត់ឱន ឬអនុគ្រោះឲ្យឡើយ​ តែខ្ញុំរស់ហើយ រស់យ៉ាងខែងរ៉ែងទៀតផង​ ដោយសារសត្រូវរបស់ខ្ញុំ វាយខ្ញុំមិនងាប់តែប៉ុណ្ណោះ។ សូមអញ្ជើញតាមសប្បាយ ពួកអាអូនៗ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...