ធី សុវណ្ណថា៖ សម រង្ស៊ី «មុខក្រាស់»មិនដករូបឡាននាងចេញ
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 20, 2017
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សម រង្សី ពិតជាមុខក្រាសណាស់ [ដែល]រហូតមកដល់ពេលនេះ [នៅ]មិនទាន់លុបរូបឡានរបស់ខ្ញុំ» នេះ ជាសំណេររបស់កញ្ញា ធី សុវណ្ណថា ដើម្បីរំលឹកជាថ្មី ទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីកញ្ញា បានសរសេរទាមទារ កាលពីប៉ុន្មានម៉ោងមុន ឲ្យដករូបថតមួយសន្លឹក ដែលបានថតជាប់រថយន្ដមួយគ្រឿង ហើយដែលអតីតតារាហ្វេសប៊ុករូបនេះ បានអះអាងថា ជារថយន្ដរបស់នាង។
ហេតុអ្វីបានជាទាមទារ ឲ្យដក? ព្រោះអតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ គិតថា រូបរថយន្ដនោះ ជារូបរថយន្ដរបស់នាង ហើយនាងយោង «តាមច្បាប់កម្មសិទ្ធិឯកជន» និងយោងមូលហេតុថា កញ្ញា«មិនពេញចិត្ត ឈប់គាំទ្រ CNRP» ទៀតហើយ។ ដោយសារតែបែបនេះ ទើបអតីតតារាបានសរសេរឡើងថា៖ «ស្នើលោក សម រង្សី លុបរូបឡាន ដែលជាកម្មសិទ្ធនាងខ្ញុំ ចេញពីកាឃោសនា CNRP ដែលបានផ្សាយ [កាលពី]ម្សិលម៉ិញ»។
អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានឆ្លៀតឱកាស ដើម្បីបន្ថែម«ផ្លែផ្កា» ឲ្យគណបក្សសង្គ្រោះជាតិថា៖ «CNRP មានមេដឹកនាំកំសាក កុហកបោករាស្រ្ត ល្មោភស្រី ញៀនល្បែង ពុករលួយ បក្សពួកនិយម.. »។
កាលពីថ្ងៃម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុក របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ មានបង្ហោះរូបថតមួយសន្លឹក ប្លង់ក្បួនឃោសនាក្នុងរាជធានីមួយសន្លឹក និងសេចក្ដីប្រកាសព័ត៌មានមួយសន្លឹក ដែលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងដង្ហែក្បួនឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅរាជធានីភ្នំពេញ នាថ្ងៃទី ២០ ឧសភា ២០១៧នេះ។ រូបថតមួយសន្លឹកនោះហើយ ដែលកញ្ញា ធី សុវណ្ណថា ចោទថាមានរូបរថយន្ដរបស់នាង៖
ច្បាប់អី និងមាត្រាត្រង់ណា? អ្នកច្បាប់ម្នាក់ ឆ្លើយប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា «រកមិនឃើញទេ»! តែបើមាន គឺកម្ពុជាមានច្បាប់រក្សាសិទ្ធិ ឬហៅថាច្បាប់កម្មសិទ្ធិបញ្ញា។ តែបើតាមច្បាប់នេះ កញ្ញា ធី សុវណ្ណថា គ្មានសិទ្ធិអ្វី ទៅធ្វើការទាមទារដូច្នេះឡើយ ក្រៅតែពីសុំ ឲ្យបិតបាំងស្លាកលេខរថយន្ដ ដែលបញ្ជាក់ ពីឯកជនភាពរបស់នាងប៉ុណ្ណោះ។ ជាឧទាហរណ៍សាមញ្ញ៖ បន្ទាប់ពីបានចាកចេញ ពីផលិតកម្ម«សាន់ដេ» កញ្ញា មាស សុខសោភា គ្មានសិទ្ធិស្របច្បាប់ណាមួយ ទៅទាមទារ ឲ្យផលិតកម្មសាន់ដេ ដករូបនាង និងលុបសម្លេងនាង ចេញពីវីដេអូ ឬចម្រៀង ដែលនាងបានធ្វើ និងថតឲ្យផលិតកម្ម«សាន់ដេ» ពីមុនមកទេ។
ចុះបើអញ្ចឹង តើកញ្ញា ធី សុវណ្ណថា ទាមទារឲ្យដករូបរថយន្ដខ្លួន ដើម្បីអ្វី? មិនពិបាករកចម្លើយទេ បើគេគ្រាន់តែក្រឡេកភ្នែកមួយគ្រវាស ទៅលើការបញ្ចេញមតិយោបល់ របស់ប្រិយមិត្តហ្វេសប៊ុក ដែលបានធ្វើ នៅក្រោមការទាមទារ របស់អតីតតារាហ្វេសប៊ុករូបនេះ។ មតិយោបល់ ដែលគ្មានការជេរប្រទេច និងដែលខ្លីសមសួនជាងគេ មានសរសេរដូច្នេះថា៖ «ចង់ល្បីឡើងវិញឬ? ឬចង់ឲ្យលោកតាឆាប់មើលឃើញ?»៕