កម្ពុជា៖ ភាពទាល់ច្រកនយោបាយក្រោយការបោះឆ្នោត នៅតែបន្តមាន
គិតពីក្រោយថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ពេលនេះ ក្រុមមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានជួបចរចាជាមួយគ្នា ចាប់ពីកំរិតទាបរហូតដល់កំរិតកំពូល យ៉ាងហោចក៏៥លើកដែរ តែគណបក្សទាំងពីរនៅតែ មិនទាន់អាចបង្ហាញសញ្ញាវិជ្ជមានណាមួយ ដើម្បីទម្លាយភាពទាល់ច្រកនយោបាយនៅឡើយទេ ខណៈគណបក្សទាំងពីរនៅតែប្រកាន់គោលជំហរ«បញ្ច្រាស»គ្នា តែរៀងខ្លួននោះ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)
រាជធានីភ្នំពេញ - ក្នុងពិធីសមាជរបស់គណបក្សសង្រ្គោះជាតិថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា អនុប្រធានគណបក្ស បានថ្លែងទៅកាន់អ្នកគាំទ្រថា បើទោះជារដ្ឋាភិបាល និងរដ្ឋសភាបានបង្កើតឡើងហើយក្តី ក៏ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិទាំងអស់ មិនចូលរួមប្រជុំសភាជាដាច់ខាត ដរាបណាមិនទាន់មានការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
អនុប្រធានគណបក្សជំទាស់រូបនេះបន្តថា សមាជដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ គឺមានដំណងចង់ឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានដឹងថាការធ្វើសមាជថ្ងៃនេះប្រជាពលរដ្ឋចង់បានអ្វី។ លោក កឹម សុខា បញ្ជាក់ថា៖ «ប្រសិនបើគេមិនជួយដោះស្រាយ សមាជបែបនេះនឹងធ្វើធំជាងនេះទៅទៀត ហើយមហាបាតុកម្មនឹងមានទូទាំងប្រទេស»។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច រហូតមកដល់ពេលនេះ នៅតែអះអាងថាការបោះឆ្នោតនៅកម្ពុជា ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលក្នុងនីតិកាលទី៥នេះ គឺបានប្រព្រឹត្តទៅដោយរលូន និងស្របតាមគោលការណ៍ច្បាប់ ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ។ តែការអះអាងនេះ ត្រូវបានគណបក្សសង្រ្គោះជាតិធ្វើការច្រានចោល និងចោទប្រកាន់ ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីដោយឯកបក្សនេះ ថាជាការរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពិធីសមាជដដែល ក៏បានប្រកាសទៅកាន់អ្នកគាំទ្រដែរថា លោកនឹងធ្វើយុទ្ធនាការការទូតនៅបណ្តាប្រទេសលោកខាងលិច មានសហរដ្ឋអាមេរិក សហគមអ៊ឺរ៉ុប អង្គការសហប្រជាជាតិ និងបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀត ដែលជាម្ចាស់ជំនួយ ឲ្យដាក់សំពាធលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «បើរដ្ឋាភិបាលចង់បានជំនួយគេបន្តទៀត ទាល់តែប្រគល់អំណាចឲ្យប្រជារាស្រ្ត កុំលួចប្លន់អំណាចប្រជារាស្រ្តតាមរយៈលួចបន្លំសន្លឹកឆ្នោត»។
ទាក់ទងនឹងបញ្ហានេះអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីថ្មីលោក ហ៊ុន សែន ធ្លាប់អះអាងក្នុងពេលកន្លងមកថា កម្ពុជាមិនត្រូវការជនបរទេស ឬឯកអគ្គរដ្ឋទូតប្រទេសណាមួយ ប្រមុខរដ្ឋប្រទេសណាមួយ ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នៅកម្ពុជានោះទេ ព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ។
គួរម្លឹកថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ដែលបានប្រព្រឹត្តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលជាបន្តបន្ទាប់ ត្រូវបានប្រទេសមួយចំនួនវាយតម្លៃថាមានភាពល្អប្រសើរ ដោយធ្វើការអបអរសារទរ និងប្រកាសទទួលស្គាល់។ តែទន្ទឹមនឹងនេះ ក៏មានប្រទេសមួយចំនួននៅតែសម្តែង ការស្ទាក់ស្ទើរក្នុងការទទួលស្គាល់រដ្ឋសភា និងដ្ឋាភិបាលថ្មីនេះ ហើយទាមទារឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតី ដោយតម្លាភាព ក្នុងដំណើរការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ ក្នុងនោះរួមមានសហរដ្ឋអាមេរិក សហគមន៍អ៊ឺរ៉ុប ដែលមានសមាជិក២៧ប្រទេសជាដើម៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ