អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

ខណៈពេលចូលទៅពិគ្រោះតុល្យភាពគណនី នៅតាមបណ្ដាញអាំងធើណែត បុរសអ្នករស់នៅក្នុងរដ្ឋតិចសាសម្នាក់ បាន​រកឃើញថាគណនីធនាគាររបស់គាត់ មានទឹកប្រាក់៤០០០កោដដុល្លា។ ប៉ុន្តែគួរឲ្យស្ដាយ ដែលតាមការពិតនោះ វាគ្រាន់​តែជាការ​រអាក់រអួលផ្នែកព័ត៌មានវិទ្យាមួយ របស់ធនាគារប៉ុណ្ណោះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈពេលចូលទៅពិគ្រោះតុល្យភាពគណនី នៅតាមបណ្ដាញអាំងធើណែត បុរសអ្នករស់នៅក្នុងរដ្ឋតិចសាសម្នាក់ បាន​រកឃើញថាគណនីធនាគាររបស់គាត់ មានទឹកប្រាក់៤០០០កោដដុល្លា។ ប៉ុន្តែគួរឲ្យស្ដាយ ដែលតាមការពិតនោះ វាគ្រាន់​តែជាការ​រអាក់រអួលផ្នែកព័ត៌មានវិទ្យាមួយ របស់ធនាគារប៉ុណ្ណោះ។


លោក រ៉ឺជី សឺស បុរសដែលក្លាយជាជាអ្នកមានជាងគេ ក្នុងពិភពលោក តែក្នុងសុបិន្ដ។ (រូបភាពថតពីអេក្រង់ទូរទស្សន៍)

បុរសរូបនេះជឿជាក់ថា គាត់កំពុងតែយល់សប្ដិ តែពិតហើយ ព្រោះគាត់បានយល់សប្ដិទាំងថ្ងៃតែម្ដង។ លោក រ៉ឺជី សឺស (Reggie Theus) ដែលជាម្ចាស់ហាងអាហារមួយស្ថិតនៅផ្នែកខាងកើតនៃរដ្ឋតិចសាស បានចូលទៅពិគ្រោះ​តុល្យភាព​គណនីធនាគារបស់លោក ដើម្បីចង់ដឹងថាគណនីលោក មានប្រាក់ចេញចូល និងនៅមានទឹកប្រាក់ប៉ុន្មាននៅទីនោះ។ តែគាត់ភ្ញាក់ព្រើតស្ទើតែមិនជឿខ្លួនឯង ព្រោះលោកបានរកឃើញថា ក្នុងគណនីរបស់គាត់មានតួលេខ បញ្ជាក់ពីចំនួន​ទឹក​ប្រាក់របស់គាត់រហូតដល់ ទៅ១៣តួអក្សរ ដែលគិតទៅប្រមាណជា ៤០០០កោដដុល្លា (៣០០០កោដអ៊ឺរ៉ូ)។ ដើម្បីច្បាស់​ក្នុងចិត្ត គាត់បានធ្វើការពិគ្រោះបែបនេះ ចំនួន៨ដងផ្ទួនៗ (log out and log on) តែនៅតែមើលឃើញថា ចំនួនតួលេខ​ទាំង​នេះនៅមិនផ្លាស់ប្ដូរអ្វីឡើយ។

ជួយសងប្រាក់បំណុលដែលប្រទេសអាមេរិកជំពាក់

ដោយបានរក្សាទុក នូវក្ដីសង្ឃឹមនេះនៅជាប់ក្នុងចិត្តនោះផង លោក រ៉ឺជី បានទៅធ្វើការដូចរាប់សិបដង តែលោកមិនបាន​និយាយប្រាប់នរណា ជាសាធារណៈនោះឡើយ ក្រៅតែពីមនុស្សដែលនៅជាប់ជាមួយនឹងលោក។ ប៉ុន្តែលោក រ៉ឺជី មិន​អាច​លាក់ជិត នូវព័ត៌មាននេះពីប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិកបានទេ ហើយស្ថានីយ៍ទូរទស្សន៍មួយឈ្មោះ អ៊ិនប៊ីស៊ី (NBC) បាន​បញ្ជូនអ្នកយកព័ត៌មាន ឲ្យមកសម្ភាសជាមួយនឹងលោក។

លោក រ៉ឺជី បាននិយាយថា «ខ្ញុំបានសាកសួរព័ត៌មានពីបញ្ហានេះ ហើយគេបានឲ្យខ្ញុំដឹងថា ខ្ញុំបានក្លាយជាកំពូលអ្នកមាន​ខ្លាំងជាងគេ នៅលើពិភពលោកយើងនេះ។ ខ្ញុំជាមនុស្សដំបូងគេ ដែលមានទ្រព្យធន់ច្រើនជាង ១០០០កោដដុល្លា ហើយ​វាអស្ចារ្យខ្លាំងណាស់ ដែលអាចនិយាយដូច្នេះបាន។»

លោកថែមទាំងត្រៀមខ្លួនក្លាយជា ពលរដ្ឋគម្រូនោះទៀត ដោយបានបម្រុងទឹកប្រាក់ចំនួន៣០០០កោដដុល្លា ដើម្បីសង​រំលោះប្រាក់បំណុលមួយចំនួន របស់ប្រទេសអាមេរិកដែលមានរហូតដល់ទៅ ១៧០០០កោដដុល្លា ខណៈពេលដែល​រដ្ឋាភិបាលរបស់ប្រទេសនេះ ត្រូវបានប្រធានាធិបតីបិតចោលកាលពីពេលថ្មីៗនេះ។

ប៉ុន្តែគួរឲ្យស្ដាយ ដែលសុបិន្ដរបៀបនេះ កើតមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះ ហើយវាត្រូវបានរលាយទៅបាត់ទៅវិញ ដូចអំបិលត្រូវទឹក។ តួ​លេខដែលលោក រ៉ឺជី សឺស មើលឃើញនៅក្នុងគណនីធនាគាររបស់លោក ត្រូវបានខាងធនាគារ​បញ្ជាក់ថា អាចបណ្ដាលមកពីបញ្ហា​រអាក់រអួល នៅក្នុងប្រព័ន្ធ​ព័ត៌មានវិទ្យា។ រឿងរអាក់រអួល ដែលមិនមែនមាន​តែលើក​នេះទេ តែក៏បានបង្កឲ្យមានសុបិន្ដទាំងកណ្ដាល​ថ្ងៃបែបនេះ ឲ្យដល់មនុស្សជាច្រើនកន្លងមកដែរ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...