ជ​ប៉ុន​ប្រតិកម្ម​នឹង​ការបោះឆ្នោត​ជាតិ «ដ៏​ខកចិត្ត» នៅ​កម្ពុជា

ប្រទេសជប៉ុន ដែលបានបន្តផ្ដល់ជំនួយ សម្រាប់ដំណើរការបោះឆ្នោត នៅកម្ពុជា បានធ្វើប្រតិកម្មជាលើកដំបូងរបស់ខ្លួន តាមរយៈរដ្ឋមន្ត្រីការបរទេស លោក តារ៉ូ កូណូ (Taro Kono) ដោយហៅការបោះឆ្នោតជាតិ កាលពីចុងសប្ដាហ៍មុន ថាជាការខកចិត្ត។ លោក កូណូ បានថ្លែងថា ជប៉ុនចង់ឲ្យកម្ពុជា ចាត់វិធានការ​ ដើម្បីវិលត្រឡប់ទៅរកមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យវិញ ក្នុងនោះមានការចរចា ជាមួយគណបក្សប្រឆាំងជាដើម។
ជ​ប៉ុន​ប្រតិកម្ម​នឹង​ការបោះឆ្នោត​ជាតិ «ដ៏​ខកចិត្ត» នៅ​កម្ពុជា
លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 05, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយដ៏សំខាន់មួយ និងដែលបានរក្សា​ភាពស្ងៀមស្ងាត់របស់ខ្លួន សឹងតែពេលមួយរដូវកាលបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា បានសម្រេចបង្ហាញជំហរ តាមរយៈរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) ហៅការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ចុងសប្ដាហ៍មុន នៅកម្ពុជា ថាជាការ«ខកចិត្ត» និងជាការ «ព្រួយបារម្ភ»។

លោក តារ៉ូ កូណូ បានថ្លែងដូច្នេះ នៅក្នុងជំនួបដោយឡែក ជាមួយសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំមួយ ក្នុងប្រទេសសិង្ហបូរី កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ៦ថ្ងៃបន្ទាប់ពីការបោះឆ្នោតជាតិ នៅកម្ពុជាដ៏ចម្រូងចម្រាស ដែលប្រទេសប្រជាធិបតេយ្យធំៗក្នុងលោក សំដែងពីក្ដីមន្ទិលជាខ្លាំង ពីសុច្ចរិតភាព និងភាពទទួលយកបាន នៃការបោះឆ្នោតនេះ។

រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានស្រង់សំដី ដោយបណ្ដាញទូរទស្សន៍សាធារណៈជប៉ុន «NHK» មកបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់លោក ប្រាក់ សុខុន ថាលទ្ធផលនៃការបោះឆ្នោតជាតិ​ កាលពីថ្ងៃអាទិត្យ គឺជាការខកចិត្តមួយ ក្រោមហេតុផលច្រើនយ៉ាង ខណៈសន្លឹកឆ្នោតជាច្រើន ត្រូវបានចាត់ទុកថា មិនបានការ ទោះបីប្រទេស​ជប៉ុន បានផ្ដល់ការគាំទ្ររបស់ខ្លួន ដើម្បីធានាថា ការបោះឆ្នោត នឹងឆ្លុះបញ្ចាំងពីឆន្ទះ របស់ពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។»។

លោក តារ៉ូ កូណូ បានបន្តប្រាប់ទៅលោក ប្រាក់ សុខុន ទៀតថា៖ «ប្រទេសជប៉ុន បានគាំទ្រដល់​ប្រទេស​កម្ពុជា ក្នុងនាម​ជាមិត្ត ដើម្បីការកសាង និងការស្ថាបនាប្រទេសឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលច្រើនឆ្នាំ រាប់ចាប់តាំងពីដំណើរការសន្ដិភាពដំបូង។ ហើយប្រទេសជប៉ុន ចង់ឲ្យប្រទេសកម្ពុជា បន្តដើរលើវិថីនេះ ទៅមុខទៀត។»។

ប្រមុខការទូតជប៉ុន បានបន្តជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បន្តដំណើរការប្រជាធិបតេយ្យ នៅក្នុងនយោបាយរបស់ខ្លួន ដូចជាការបង្កើតបរិយាកាស ដើម្បីមានកិច្ចចរចាមួយ ជាមួយនឹងគណបក្សប្រឆាំងជាដើម។

កាលពីសប្ដាហ៍មុន រដ្ឋាភិបាលជប៉ុន បានប្រកាសថា ខ្លួនមិនបញ្ជូនអ្នកជំនាញ ខាងការសង្កេតការបោះឆ្នោត មកអង្កេតការបោះឆ្នោតជាតិមួយនេះទេ។ ជំហររបស់ប្រទេសជប៉ុន ធ្វើឡើងស្របគ្នា នឹងជំហរសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក្នុងការបដិសេធ មិនមកអង្កេតការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ដែលរងការរិះគន់ថា មានពោរពេញដោយការគម្រាមកំហែង និងការបំប៉ោងតួលេខ។

ជាចម្លើយតបវិញ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងទៅកាន់សមភាគីជប៉ុនថា ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងស្រប​តាមគោលការណ៍​​ប្រជាធិបតេយ្យ សេរីពហុបក្ស។

ប៉ុន្តែសម្រាប់បណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ដែលបានធ្វើប្រតិកម្ម ជាបន្តបន្ទាប់នោះ បានពន្យល់ថា ការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រ ដែលលំហរសម្រាប់គណបក្សប្រឆាំងដ៏សំខាន សង្គមស៊ីវិលជាច្រើន និងសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរឹតត្បិត​យ៉ាងដូច្នេះ មិនមែនជាការបោះឆ្នោត ដែលអាចទទួលយកបាននោះទេ៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...