បក្សប្រឆាំងដាក់ទំនួលខុសត្រូវលើរដ្ឋាភិបាល ករណីបាតុកម្មហិង្សា
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ តុលា ២០១៥
- កែប្រែចុងក្រោយ: October 27, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍វាយតប់ ទៅលើតំណាងរាស្ត្រ និងការទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយរដ្ឋសភា បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ ប្រតិកម្មតបវិញ ដោយទម្លាក់ការទទួលខុសត្រូវ ទៅលើសមត្ថកិច្ច និងរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណឹងទេ លោក សម រង្ស៊ី វិញ បានចង្អុលចំៗទៅលើ ហ៊ុន សែន តែម្ដង ដោយបានហៅលោក ហ៊ុន សែន ថាកំពុងប្រើវិធី ស្រដៀងពួក ហ្វាស៊ីស្តនៅអ៊ីតាលី។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា បានសរសេរថា បើទោះបីជាមានកិច្ចស្នើអន្តរាគម ដោយរូបលោក និងគ្រួសារក៏ដោយ តែគ្មានសមត្ថកិច្ចណាម្នាក់អើពើ និងចេញមកជួយទប់ស្កាត់ ក្រុមបាតុករនោះដែរ។ លោកបានបន្តថា ក្រុមបាតុករទាំងនោះ បាននាំគ្នាសម្រុក ទៅព័ទ្ធផ្ទះរបស់លោក តែគ្មានសមត្ថកិច្ចណា ខ្វល់ពីសុវត្ថិភាពលោក និងគ្រួសារលោកនោះឡើយ។
លោក កឹម សុខា បានសរសេរថា៖ «កាលពីថ្ងៃទី២៦ តុលា ២០១៥ នេះ ជនពាលមួយក្រុម បានមកពទ្ធ័គេហដ្ឋានរបស់ខ្ញុំ ហើយបានប្រើអំពើហិង្សា ដោយមានការគប់ដំថ្ម ចូលក្នុងរបងផ្ទះខ្ញុំ បណ្តាលឲ្យភរិយារបស់ខ្ញុំ ត្រូវជាប់ក្នុងផ្ទះ អស់រយៈពេល៦ម៉ោង ដោយពុំមានការជួយអន្តរាគមន៍ ពីសមត្ថកិច្ច ទោះជាមានការស្នើសុំ ពីសំំណាក់យើងខ្ញុំក៏ដោយ។»
បន្ថែមពីលើករណី នៃការវាយដំ ទៅលើតំណាងរាស្រ្តពីរូប នៃគណបក្សសង្រ្គោះជាតិ នៅមុខរដ្ឋសភាជាតិនោះ លោក កឹម សុខា បានចាត់ទុកហេតុការណ៍ទាំងនេះ កើតឡើងពីកង្វះខាត នៃការទទួលខុសត្រូវ របស់សមត្ថកិច្ច និងរដ្ឋាភិបាល ដែលមានតួនាទីការពារសុវត្ថិភាពសាធារណៈ ដោយមិនរើសអើងនិន្នាកា។
លោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ស្វែងរកជនដៃដល់ និងស៊ើបអង្កេត រកជននៅពីក្រោយខ្នង និងពាក់ពទ្ធ័អំពើហិង្សានេះ មកផ្តន្ទាទោស ដើម្បីជៀសវាង កុំឲ្យប្រជាពលរដ្ឋកាន់តែអស់ជំនឿ លើប្រពន្ធ័យុត្តិធម៌ និង រាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា៖ «សូមចាំទុកថា សុវត្ថិភាពរបស់បុគ្គលគ្រប់រូប មិនថាមកពីគណបក្សណា គឺជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ដូច្នេះ សូមរាជរដ្ឋាភិបាល បង្ហាញនូវសមត្ថភាព និងសុឆន្ទៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយឥតលក្ខខណ្ឌ។»
រីឯលោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា ហើយកំពុងមានវត្តមាន នៅក្នុងប្រទេសបារាំងនោះ បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «ព្រោះតែចង់ការពារ និងរក្សានូវអំណាចរបស់ខ្លួន ឲ្យបានច្រើនឆ្នាំទៅមុខទៀត លោក ហ៊ុន សែន (នាយករដ្ឋមន្រ្តី) កំពុងប្រើវិធីស្រដៀងពួកហ្វាស៊ីស្ត (fascit) នៅប្រទេសអ៊ីតាលី ដែលចូលចិត្តប្រើអំពើហឹង្សា ទៅលើអ្នកតំណាងរាស្ត្រ និងអ្នកដទៃទៀត ពីឆ្នាំ ១៩២២ ដល់ឆ្នាំ ១៩៤៥។»
ប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិចរូបនេះ បានសរសេរទំនងជាចង់លើកឡើងថា បាតុកម្មនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលានេះ ស្ថិតក្រោមការបង្គាប់បញ្ជា របស់បុគ្កលមានអំណាច ក្នុងគណបក្សប្រជាជនកម្ពុជាណាម្នាក់។ លោកបានលើកឡើងថា៖ «មុនចេញដំណើរ ពីប្រទេសកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសបារាំង លោក ហ៊ុន សែន បានព្រមានថា បើក្រុមប្រឆាំងធ្វើបាតុកម្មប្រឆាំងលោក នៅទីក្រុងប៉ារីស (នោះ)អ្នកគាំទ្រលោក (ហ៊ុន សែន) នឹងធ្វើបាតុកម្មប្រឆាំងអ្នកគាំទ្រលោក សម រង្សី វិញ នៅប្រទេសកម្ពុជា។ ដូចថាមែន! តាមទម្លាប់ នៃការបំភិតបំភ័យពីសំណាក់គណបក្សកាន់អំណាច គេអាចទស្សន៍ទាយថា អំពើហឹង្សាអាចនឹងកើតមាន ជាបន្តបន្ទាប់ទៀតនៅថ្ងៃមុខ។»៕