រវាងភាព«កំសាក» និងការបញ្ជៀសអំពើហិង្សារបស់ សម រង្ស៊ី...
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៨ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 19, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់អ្នកមិនចូលចិត្តលោក សម រង្ស៊ី ការមិនត្រឡប់មកប្រទេសវិញ របស់មេដឹកនាំប្រឆាំង ខណៈលោកមានដីកា ឲ្យចាប់ខ្លួននោះ មិនមែនជារឿងប្លែកនោះទេ ព្រោះលោក សម រង្ស៊ី ធ្លាប់និរទ្ទេសខ្លួនដូច្នេះ កាលពីប៉ុន្មានឆ្នាំមុនរួចហើយ។ ប៉ុន្តែសម្រាប់អ្នកគាំទ្រលោក សម រង្ស៊ី មួយចំនួនវិញ ការផ្អាក ការវិលត្រឡប់មកប្រទេសវិញនេះ បានបង្កឲ្យមានការអាក់អន់ ស្រពន់ចិត្ត និងយល់ថា លោក សម រង្ស៊ី ពិតជា«កំសាក» មិនហ៊ានប្រឈម នឹងក្រុមអ្នកកាន់អំណាច នៅភ្នំពេញ។
នៅចំពោះការលើកឡើងខាងលើ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានធ្វើការបកស្រាយជុំវិញការលើក ឬពន្យាពេល របស់លោក សម រង្ស៊ី ដែលគ្រោងត្រឡប់ មកប្រទេសវិញ ក្នុងថ្ងៃទី១៦ ខែវិច្ឆកានោះ ព្រោះតែលោកមិនចង់ឃើញ មានហិង្សា ឬការបង្ហូរឈាមរវាងខ្មែរ និងខ្មែរ ពិសេសចង់ការពារសេចក្តីសុខ របស់ប្រជាពលរដ្ឋ។
លោក ឆៃអ៊ាង បានទទួលស្គាល់ថា ការពន្យាពេលនេះ មុខនឹងមានការរិះគន់ ដែលជាការជៀសមិនផុត ដោយសំដៅថា សម រង្ស៊ី ជាអ្នកនយោបាយកំសាក មិនហ៊ានជាប់គុក ក្លាហានតែក្នុងស្នូកជាដើមនោះ។
លោក អេង ឆៃអ៊ាង បានបន្តពន្យល់ តាមទំព័រហ្វេសប៊ុក របស់លោកទៀតថា៖ «តែបើ សម រង្ស៊ី ចូលស្រុកតាមការសន្យា នាយប់ថ្ងៃទី ១៦ វិច្ឆិកា ២០១៥ ហើយមានអំពើហិង្សាកើតឡើង ស្លាប់មនុស្ស និងមានការចាប់មនុស្ស ដាក់គុកច្រវ៉ាក់ ពេលនោះ គេនឹងថ្កោលទោស សម រង្ស៊ី ថា ជាអ្នកនយោបាយ ចង់បានតែប្រជាប្រិយភាពខ្លួនឯង ចង់ឲ្យគេហៅអ្នកក្លាហាន អត់គិតពីសុខទុក្ខ របស់ប្រជារាស្ត្រ»។
យ៉ាងណា ការមិនវិលចូលស្រុក កាលពីថ្ងៃទី១៦ ខែវិច្ឆិការ របស់លោក សម រង្ស៊ី ទំនងបានធ្វើឲ្យមេនគរបាលមួយចំនួន រាប់ដោយទាំងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ផង មានការខឹងសម្បាមិនតិចទេ ដោយសារតែពួកគេ បានបង្កើតទាំងគណៈកម្មការ«ពិសេស» ចំណាយទាំងពេល កម្លាំង និងសម្ភារៈយ៉ាងក្រាស់ក្រែល ដើម្បីរង់ចាំចាប់ខ្លួនលោក សម រង្ស៊ី បូករួមនឹងការត្រៀមទប់ទល់សព្វគ្រប់បែបយ៉ាង ជាពិសេសនឹងស្ថានការណ៍ ជាយថាហេតុណាមួយ។
ក្នុងរសៀល និងយប់ថ្ងៃទី១៦ ខែវិច្ឆកា កន្លងទៅនេះ អាជ្ញាធរកម្ពុជា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជូនកងកម្លាំងសមត្ថកិច្ចចម្រុះ រាប់រយនាក់ ប្រដាប់ដោយ ខែល ដំបង និងអាវុធ និងឆ្កៃប្រមាញ់ក្លិន យកមកដាក់ពង្រាយ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតាមផ្លូវសំខាន់នានា ដើម្បីធ្វើយ៉ាងណា ត្រូវចាប់ខ្លួន លោក សម រង្ស៊ី ឲ្យបាន។ តែសម្រេចសម្រួលទៅ កងកម្លាំងទាំងនោះ ត្រូវនាំគ្នាឡើងរថយន្ដ ប្រមូលទាំងប្រដាប់ប្រដា ត្រឡប់ចូលបន្ទាយវិញទាំងអស់ ព្រោះ«សត្វឈ្លូសមិនមកទេ ថ្ងៃនេះ!»៕
» សូមទស្សនាវីដេអូ នៃសកម្មភាពរបស់សមត្ថកិច្ចចម្រុះ ត្រៀមចាប់លោក សម រង្ស៊ី ដើម្បីបញ្ជូនទៅកាន់ពន្ធនាគារព្រៃសរ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥៖