ចៅ​សង្កាត់​សំរោង​នៅ​តែ​មិន​ចុះ​ហត្ថលេខា​ឲ្យ​​លក់​ដី ព្រោះ​សំអាង​មាន​ការ​ជំទាស់

ក្រោយពីបដិសេធន៍ មិនព្រមចុះហត្ថលេខា លើកិច្ចសន្យាលក់ដីមួយកន្លែង ដែលមានប្លង់កម្មសិទ្ធ ពី​ម្ចាស់​ដី​គ្រប់​​គ្រាន់​​នោះ ចៅ​សង្កាត់​សំរោង បានចេញមកបកស្រាយ លើបញ្ហាដ៏រ៉ាំរ៉ៃ ដោយបង្ហាញហេតុផលថា រឿង​នេះ​មក​ពី​មាន​អ្នក​ប្តឹង​ជំទាស់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 19, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវសម្លកំពិស នៃការលក់ដីធ្លីមួយ បានបន្តទៅមុខ ពីមួយថ្ងៃទីមួយថ្ងៃ មួយអាទិត្យទៅមួយអាទិត្យ បង្ខំ​ឲ្យ​ម្ចាស់ដីធ្លីមួយកន្លែង មិនអាចធ្វើការលក់ដូរ ដីរបស់ខ្លួនបាន នៅក្នុងសង្កាត់សំរ៉ោង ខណ្ឌព្រែកញ្នៅ រាជធានី​ភ្នំពេញ។ បញ្ហានៅត្រង់ថា ម្ចាស់ដីបានអះអាងថា ខ្លួនមានឯកសារសព្វគ្រប់អស់ ក្នុងនាមជាម្ចាស់​អចលន​ទ្រព្យ តែផ្ទុយទៅវិញ ចៅសង្កាត់ដែលក្នុងនាម ជាអាជ្ញាធរមូលដ្ឋាន មិនព្រមចុះហត្ថលេខា ឲ្យម្ចាស់ដីលក់ដី របស់​ខ្លួន​នោះ​ទេ។

ម្ចាស់ដីលោក ញ៉ឹម វង្ស់ បានប្រាប់ឲ្យដឹងថា លោកបានយកឯកសារទាំងអស់ ទៅជួនលោក ជា ខេមា អ្នក​ទទួល​បន្ទុកដោះស្រាយបញ្ហាដីធ្លីនេះ នៅខណ្ឌព្រែកព្នៅរួចហើយ។ មិនតែប៉ុណ្ណោះ ខាងសាលាខណ្ឌ ទាំង​បាន​ចារភ្ជាប់ ជាមួយឯកសារទាំងនោះទៀតថា ឲ្យចៅសង្កាត់ពិនិត្យ និងចុះហត្ថលេខា ព្រមឲ្យម្ចាស់ដីលក់ដីនោះ។ ប៉ុន្តែក្រោយពីទទួលបាន ឯកសារទាំងនេះរួច ចៅសង្កាត់នៅតែមិនព្រម ចុះហត្ថលេខាដដែល ដោយផ្តោត​ទៅ​លើការអះអាងថា ដីនេះនៅមានអ្នកជំទាស់។

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ភាគីចៅសង្កាត់ និងភាគីសាលាខណ្ឌព្រែកព្នៅ បានជួប​ពិភាក្សា​គ្នា​ពីបញ្ហាដីនេះ ដោយនិយាយថា ចាំហៅភាគីជំទាស់ និភាគីម្ចាស់ដីជួបចរចារគ្នា នៅសង្កាត់ម្ដងទៀត។ លោក​ថែមទាំងបានបញ្ចេញ​ប្រត្តិកម្មខ្លាំងៗ ខណៈដែលដឹងថា មានអ្នកសារព័ត៌មានជាច្រើន មកយកព័ត៌មាន ពី​ការ​ដោះស្រាយបញ្ហាដីធ្លីនេះថា មានដំណើរការដល់ណាហើយ។ លោកបានសួរ ទៅកាន់គ្រួសារម្ចាស់ដីថា «លោក​កំពុងដោះស្រាយហើយ ហេតុអ្វីចាំបាច់ទៅប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងធ្វើអី?»។

ផ្ទុយទៅវិញ ម្ចាស់ដីបានឲ្យដឹងថា ខ្លួនបានព្យាយាមទៅសុំហត្ថលេខាជាច្រើនដង (ដូចទៅសុំភ្លើងយក្ស) ពី​លោក​ចៅសង្កាត់ តែលោកនៅតែមិនព្រមចុះហត្ថលេខា បន្ទាប់ពីឆ្លើយដាក់ខណ្ឌ ពេលខាងខណ្ឌចារភ្ជាប់រួច ក៏លោកមិនព្រមធ្វើតាមដដែល។ ម្ចាស់ដីបាននិយាយថា លោកមិនចង់ឃើញ ការដេញដោលដាក់គ្នា ព្រោះ​តែចង់ពន្យាពេល មិនចុះហត្ថលេខា ឲ្យលោកនោះទេ។ លោកចង់ឲ្យមានការដោះស្រាយ និងការដឹងឮ ដល់​ប្រជាលរដ្ឋផ្សេងទៀតថា ពលរដ្ឋអ្នកមានឯកសារ​កាន់កាប់ដីត្រឹមត្រូវ តែបែរជាមិនមានសិទ្ធិ ធ្វើអ្វីបាន នៅលើ​ដីរបស់ខ្លូនឯងទៅវិញ។ លោកបញ្ជាក់ថា ០៦ខែកន្លងមកហើយ ដែលចៅសង្កាត់ នៅនិយាយពាក្យដដែលៗ​នេះ​រហូត។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

លោក យ៉ិន អ៊ឹម ចៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅរសៀល ថ្ងៃទី១៨ វិច្ឆិកានេះថា លោកមិនហ៊ានចុះហត្ថលេខា នៅលើកិច្ចសន្យាលក់ដីមួយកន្លែងនេះទេ បើទោះជាមានឯកសារ​ស្របច្បាប់ ថាម្ចាស់ដីខាងលើ ជាអ្នកកាន់កាប់ក៏ដោយ។ ព្រោះដីមួយកន្លែងនេះ មានអ្នកប្តឹងជំទាស់ មិនព្រម​ឲ្យ​លក់​ជាដាច់ខាត។ លោកចៅសង្កាត់ បានបន្ថែមទៀតថា បើគ្មានហត្ថលេខាពីសាលាខណ្ឌព្រែកព្នៅ ទទួល​ស្គាល់​រាល់ឯកសារទាំងអស់ ដែលនៅលើដៃគ្រួសារម្ចាស់ដីលោក ញ៉ឹម វង្ស់ និងអ្នកស្រី ញ៉ិម វឿន ថាជាម្ចាស់ដី​ពិតប្រាកដទេ លោកមិនអាចចុះហត្ថលេខា ឲ្យគ្រួសារនេះលក់ដី របស់ខ្លួនបានទេ។

អ្នកច្បាប់មួយរូប ដែលទស្សនាវដ្ដីបានសាកសួរ សុំយោបល់ពីករណីនេះ បានថ្លែងឡើង ដោយសុំ​មិនឲ្យ​បញ្ចេញ​ឈ្មោះថា លោកចៅសង្កាត់ ដូចជាធ្វើដំណើរ ទៅហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលជា​អាជ្ញាធរ​ដែនដី ទទួលខុសត្រូវ ផ្នែករដ្ឋបាល និងដែលត្រូវធ្វើយ៉ាងណា ត្រូវសម្រួល​ការលក់ទិញដូរស្របច្បាប់ នូវ​អចលនទ្រព្យ​ ឲ្យប្រព្រឹត្តិទៅដោយរលូន។ អ្នកច្បាប់នោះ បាននិយាយថា ចៅសង្កាត់មិនមែនជាតុលាការទេ។ ហើយ​បើសិនជាលោកចៅសង្កាត់នោះ នៅតែបដិសេធមិនព្រមចុះហត្ថលេខា ម្ចាស់ដីអាចប្ដឹងឡើងទៅ​តុលាការ ដើម្បីចោទចៅសង្កាត់ ពីបទរំខានលើសិទ្ធិគ្រប់គ្រង លើសម្បត្តិទ្រព្យផ្ទាល់ខ្លួន ហើយអាចទាមទារ​សំណង​ជំងឺចិត្ត នូវអ្វីដែលខ្លួនរងការខូចខាត ពីចៅសង្កាត់នេះ បានថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...