ដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនចំនួន២៣ ត្រូវបានដកហូតយកវិញ
- ដោយ: ប្រាថ្នា អត្ថបទ ៖ ប្រាថ្នា ([email protected]) យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី០៦ មករា ២០១៥
- កែប្រែចុងក្រោយ: January 07, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គម្រោងចំនួន៣២ ក្នុងចំណោមគម្រោង១១៣ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សា និងលើកសំណើរជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ក្នុងនោះគម្រោងរបស់ក្រុមហ៊ុនចំនួន២៣ មានទំហំដីសរុប៩០៦៨២ហិចតា ត្រូវបានរដ្ឋភិបាល សម្រេចធ្វើនិរាករណ៍ (ដកហូត) សិទ្ធិវិនិយោគ គម្រោងចំនួន៣ដែលមានផ្ទៃដីសរុប២៥៨៥៥ហិចតា ត្រូវបានក្រុមហ៊ុនប្រគល់ដោយស្ម័គ្រចិត្ត ឱ្យរដ្ឋាភិបាលគ្រប់គ្រងវិញ គម្រោងចំនួន២ មានទំហំសរុប១០៣៨៩ហិចតា ត្រូវបានកាត់បន្ថយទំហំផ្ទៃដីវិនិយោគ មកត្រឹម២៣៥ហិចតា និងគម្រោងចំនួន៤ ត្រូវបានរដ្ឋាភិបាលទុកពេលឱ្យពី៦ខែទៅ១ឆ្នាំ ដើម្បីបន្តនិតិវិធី (ស្ថិតក្រោមការតាមដាន)។
ក្នុងសន្និសីទសារព័ត៌មាន អំពីការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ មករា ២០១៤នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការដកហូតដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនទាំង២៣នេះ ដោយក្រសួងពិនិត្យមើលទៅលើទិដ្ឋភាពច្បាប់ និងកត្តាសេដ្ឋកិច្ច និងដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
លោកបន្តថា៖ «ការសម្អាតដីសម្បទានសេដ្ឋកិច្ចនេះ សម្រាប់ខ្ញុំគិតថា នេះក៏ជាភាពកក់ក្តៅចំពោះអ្នកវិនិយោគ ឱ្យច្បាស់ថាដីយើងដែលមាននេះ មិនមានប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់យើង នេះគឺជាភាពកក់ក្តៅមួយ ដែលយើងត្រូវផ្តល់ជូនដល់អ្នកវិនិយោគដែរ។ ហើយក៏បាននិពិនិត្យមើលទៅលើទិដ្ឋភាពច្បាប់ដែរ ទាំងកាតព្វកិច្ចរបស់ក្រសួង និងអ្នកវិនិយោគ ការហូតមកវិញនេះ យើងគិតថាយើងមើលគ្រប់ជ្រុងជ្រោយដែរ។»
ក្រុមហ៊ុនទាំង២៣ដែលបានដកហូតដីសម្បទាន រួមមានក្រុមហ៊ុនហេង ប៊ុនណាត, BLUE METRO Co., LTD ,ស៊ាន ហេង អ៊ិនវេសមេន, ឋានសួគ៌ចំកាត់, ច័ន្ទរនត៍គ្រុប, សាន់ វឌ្ឍនៈ ខូអិលធីឌីជាដើម។ ដីសម្បទានដែលបានដកហូត មាននៅខេត្តមួយចំនួនដូចជា ព្រះសីហនុ កោះកុង កំពង់ធំ ព្រះវិហារ មណ្ឌលគិរី កំពុងស្ពឺ ឧត្តរមានជ័យ បាត់ដំបង សៀមរាប រតនគិរី និងបន្ទាយមានជ័យ។ ដោយឡែកក្រុមហ៊ុន ដែលកំពុងមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ កំពង់ឆ្នាំ និងកោះកុងជាដើម មិនទាន់ត្រូវបានក្រសួងបរិស្ថាន សម្រេចដកហូតនៅឡើយទេ។
ទាក់ទិន នឹងការដកហូតដីសម្បទានសេដ្ឋកិច្ចនេះ លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ស្វាគមន៍ចំពោះការដែលរដ្ឋាភិបាល សម្រេចដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមទាំងនោះ។ លោកចង់ឱ្យរដ្ឋាភិបាលធ្វើការដកហូតដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ជាបន្តទៀត៕