សម្ភាស​អាឡិច៖ លេស​របស់​រដ្ឋាភិបាល ដោយ​ក្រុម​មនុស្ស​មិន​ដឹង​ច្បាប់

អនុប្រធានអង្គការចលនាមាតាធម្មជាតិ បានថ្លែងថា បើរដ្ឋាភិបាលមានបំណង ឱ្យលោកបន្តសកម្មភាព ការពារបរិស្ថាននៅតំបន់ អារ៉ែង មែន លោកនឹងមិនត្រូវបានគេតម្រូវ ឱ្យចាកចេញពីប្រទេសកម្ពុជា«មួយរយៈ»ឡើយ។ តែនេះ គឺជា«លេស»មួយ របស់ក្រុមមនុស្សមួយ ដែលមិនយល់ពីច្បាប់។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី១៩ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 21, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គេថា ទាល់តែខ្ញុំចេញពីខ្មែរមួយរយៈសិន ទើបអាចចូលទឹកដីខ្មែរវិញបាន។ អាហ្នឹង វាអត់មានន័យទេ អាហ្នឹង​គ្រាន់​តែ​ជា​លេស​មួយ សម្រាប់​ហាមខ្ញុំ​មិន​ឱ្យ​ចូល​ទឹក​ដី​ខ្មែរ​វិញ។» នេះជាការលើកឡើង របស់សកម្មជនការពារ​ធន​ធាន​ធម្មជាតិ​តំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)។ លោក​បាន​និយាយ​ជាខេមរភាសាច្បាស់ៗ​ទៀតថា ប្រសិនបើរដ្ឋាភិបាលខ្មែរ មានឆន្ទៈពិតប្រាកដ ក្នុងការផ្តល់សិទ្ធិឱ្យ​លោក​បន្ត​រស់នៅ និង​​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ខ្មែរ​មែន រដ្ឋាភិបាលមិនមែនឱ្យលោកចេញ មួយរយៈពេលខ្លីនោះទេ។

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ អនុប្រធាន​អង្គការ មាតាធម្មតាជាតិ រូបនេះបានប្តេជ្ញាថា លោកនឹងមិនចាកចេញ ពីប្រទេសកម្ពុជាដោយស្មគ្រ័ចិត្តឡើយ លុះត្រា​តែ​មាន​ការ​ចាប់​បង្ខំ ពីសំណាក់អាជ្ញាធរកម្ពុជា។ នេះ បើទោះជាអ្នកពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានព្រមាន​រួច​ជា​ស្រេច​ហើយថា ប្រសិនបើអាឡិចមិនចាកចេញ ពីប្រទេសកម្ពុជានៅថ្ងៃទី២០ កុម្ភៈនេះ លោក​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ នោះក៏ដោយ។

ប្រតិកម្មជាស្វ័យប្រវត្តិ...

តែសម្រាប់លោក អាឡិច មិនបានរាថយ នៅចំពោះការព្រមាន របស់អ្នកនាំពាក្សក្រសួងមហាផ្ទៃនោះទេ ហើយ​លោក​ក៏មិនបាន ស្វែងរកអន្តរាគមន៍ ពីអង្គការអន្តរជាតិណាមួយ ឬពីសហគមន៍អ៊ឺរ៉ុប ដែលសុទ្ធសឹងជាស្ថាប័ន ដែលមាន​ឥទ្ធិពល មក​លើ​រដ្ឋាភិបាល​​នោះដែរ។ ផ្ទុយទៅវិញ អាឡិច បានជឿជាក់រួចជាស្រេចថា ប្រសិនបើលោកត្រូវបានគេ​បណ្តេញ​ចេញ​មែន នោះ​​ប្រតិកម្ម​ពី​អង្គការ ជាតិ អន្តរជាតិ សហភាពអ៊ឺរ៉ុប និងម្ចាស់ជំនួយអន្តរជាតិ នឹងកើតមាន​ដោយ​ឯកឯង។

លោកថា បន្ទាប់ពីលោកបានពិភាក្សា ជាមួយមេធាវីជាតិ អន្តរជាតិ ឃើញថាច្បាប់ពាក់ព័ន្ធ ដូចជាច្បាប់​ស្តីពី​ជន​អន្តោរប្រវេសន៍ អនុក្រិតស្តីជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា អ្វីដែលអ្នកនាំពាក្យ របស់ក្រសួងមហាផ្ទៃ បាននិយាយកន្លងមក រដ្ឋមន្រ្តីស្តីទី បានសរសេរក្នុងលិខិតឆ្លើយតប ជាមួយលោក សម រង្ស៊ី នោះ មិនមានភាព​ស្រប​ជា​មួយច្បាប់ទេ។ លោកអះអាងថា៖ «តាមច្បាប់ បើយើងមើលក្នុងមាត្រាមួយចំនួន គេនិយាយថា ខ្ញុំជាជន​អន្តោរប្រវេសន៍ ដែលបន្តវិសារក្នុងរយៈពេល១២ឆ្នាំ ហើយកាលណាផុតវិសា ខ្ញុំអាចបន្តវិសានៅក្នុងប្រទេសបាន ដូចដែលខ្ញុំបានធ្វើជាង១២ ឆ្នាំហើយ»។

«តាមពិតទៅអត់មានបរទេសណា ដែលផុតវិសាហើយហ្នឹង ចាំបាច់ចេញពីប្រទេសខ្មែរទេ។ វិសារទេសចរណ៍​អាច ពន្យាបានត្រឹមតែមួយខែ ប៉ុន្តែវីសាដែលខ្ញុំមាន ក្នុងនាមជាសង្គមស៊ីវិល ឬក៏បរទេសដែលមកធ្វើការហ្នឹង គេហៅ​វីសា​ធម្មតា ឬក៏វីសាដើម្បីបំពេញការងារ ឬក៏ជួយសង្គម ដែលវីសាហ្នឹង ឱ្យតែយើងបង់លុយមួយឆ្នាំម្តង ឬ៦ខែម្តង អា​ហ្នឹង​គេនឹងបន្តឱ្យ» នេះ ជាការសង្កត់ធ្ងន់ របស់បុរសជាតិអេស្ប៉ាញ លោក អាឡិច។

ឆ្លើយនឹងសំណួរ ដែលសួរថា ប្រសិនជាចាប់ពីថ្ងៃទី២០ ខែកុម្ភៈនេះ នឹងមានការចាប់បង្ខំ និងប្រើប្រាស់អំពើហិង្សា ពី​សំណាក់សមត្ថកិច្ច? សកម្មជនការពារធនធានធម្មជាតិ តំបន់អារ៉ែងរូបនេះ បានបញ្ជាក់ថា៖ «ប្រសិនបើគេមក​ចាប់​បង្ខំ អាហ្នឹងខ្ញុំមានតែអាណិតគេ ដោយសារតែគេ​សុទ្ធតែជាមនុស្សវង្វេង និងជាមនុស្សដែលមិនហ៊ាន​ប្រឆាំង នឹង​បញ្ជា​របស់មេ។ ប៉ុន្តែ ខ្ញុំក៏មិនអាចដាច់ខាត តដៃ ឬក៏រត់ ឬក៏អត់ទេ ប្រសិនបើគេយកមនុស្សមកចាប់ខ្ញុំ ដើម្បីបណ្តេញ ខក​នឹង​គោលការណ៍ ខកនឹងច្បាប់ ខកនឹងឆន្ទៈរបស់ប្រជារាស្រ្តខ្លួនឯងរាប់លាននាក់ អាហ្នឹងខ្ញុំ​ទៅ​តាម ខ្ញុំទៅតាមគេ​ដើម្បី​យើង​ចំណេញ។ ខ្ញុំសូមបញ្ជាក់ម្តងទៀត ខ្ញុំអត់មានតដៃ ខ្ញុំអត់មានប្រតិកម្មអីទេ បើគេ​មកចាប់ ខ្ញុំនឹង​ទៅ​ជា​មួយ​គេ ដោយ​ស្ម័គ្រចិត្តអត់​មាន​អី​ពិបាក​ផង ក៏ប៉ុន្តែខ្ញុំអត់ចេញពី​ប្រទេសកម្ពុជាដោយ​ស្ម័គ្រ​ចិត្ត ព្រោះថាអត់មានអី​ដែល​គួរឱ្យ​ចេញ​ផង។»

«បើរដ្ឋាភិបាលឆ្លាត នឹងទុកអាឡិចនៅក្នុងប្រទេសកម្ពុជា»

ជនបរទេស ដែលប្រឆាំងដាច់ខាត មិនឱ្យក្រុមហ៊ុនចិនសាងសង់ ទំនប់វារីអគ្គីសនី នៅក្នុងស្ទឹងឆាយអារ៉ែងរូបនេះ បាន​អះអាងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាឆ្លាត រដ្ឋាភិបាល នឹងទុកឱ្យរូបលោកបន្តរស់នៅ ក្នុងប្រទេសកម្ពុជា​បន្ត​ទៀត ព្រោះ​លោកគ្រាន់តែជាមន្រ្តីសង្គមស៊ីវិលធម្មតាម្នាក់ ដែលជួយការពារបរិស្ថានកម្ពុជា គ្មានឥទ្ធិពលអ្វី​នោះ​ទេ។ លោក​បានថ្លែងថា៖ «ខ្ញុំមិនយល់ថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ ខ្ញុំអត់យល់ថា ហេតុអ្វីបានជារដ្ឋាភិបាល​ធ្វើ​អញ្ចឹង? ប្រសិន​បើ​រដ្ឋាភិបាលបណ្តេញអាឡិចមែន អាហ្នឹងជាកំហុសធ្ងន់ធ្ងរបស់ពួកគេ។»។

«យកមនុស្សអត់ដឹងពីច្បាប់ មកបំពេញការងារ»

ចំពោះការតម្រូវ ឱ្យលោកចេញពីប្រទេសកម្ពុជារយៈខ្លី ស្ថាបនិកអង្គការមាតាធម្មជាតិរូបនេះ បានលើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា កំពុងតែមើលងាយច្បាប់ របស់ប្រទេសខ្លួនឯង។ លោកបានពន្យល់ថា៖ «មនុស្សដែលសរសេរ​លិខិត ក៏ដូចជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដូចជា... ខ្ញុំឆ្ញល់ដែរ មានតួនាទីសំខាន់បំផុតហ្នឹង ប៉ុន្តែ​អត់​មើល​ច្បាប់ខ្លួនឯង អាហ្នឹងជារឿ្ងងមួយ ដែលមិនធម្មតានៅក្នុងប្រទេសកម្ពុជា ដែលយកមនុស្ស​អត់ដឹង​ពី​ច្បាប់ មក​បំពេញ​តួនាទីជាអ្នកនាំពាក្យ របស់ក្រសួងមហាផ្ទៃ។ អាហ្នឹងកាលណានិយាយទៅ ខ្មាសគេពេញប្រទេស​ហើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...