រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយ​ការណ៍​វិបត្តិ​ដីធ្លី ដែល​ថា​មាន​ជន​រង​គ្រោះ​កើន​៣ដង

មួយថ្ងៃ ក្រោយពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៤ ស្ដីពីជម្លោះដីធ្លី ដែលនិយាយថា មានជនរងគ្រោះកើនឡើង៣ដង បើប្រៀបទៅឆ្នាំ២០១៣នោះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងដែនដី ​នគរូបនីយកម្ម​​និង​​សំណង់​​ បានចេញមកធ្វើប្រតិកម្មភ្លាមៗ ដោយបានហៅរបាយការណ៍នោះថា ​​មិន​​ឆ្លុះ​បញ្ចាំង​​ការ​ពិត​។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 21, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្នែកទទួលបន្ទុក​បញ្ហាដីធ្លីរ​បស់​រដ្ឋាភិបាល ​បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០០២ ដល់ ២០១៤ ក្រសួង​ទទួលបាន​ពាក្យបណ្តឹង​ ទាក់ទង​នឹង​ជម្លោះដីធ្លី​ បានចំនួន​ជាង ៦ ៥០០ ករណី​នៅ​ទូទាំងប្រទេស។​ ប៉ុន្តែ ​រហូតដល់​​ដំណាច់​​ឆ្នាំ ​២០១៤ ​តួលេខវិវាទនោះ នៅ​សល់​​​​តែ​៧៥០​ ករណី​​ប៉ុណ្ណោះ​​ ដែល​​កំពុង​​បន្ត​​ដោះស្រាយ​។ នេះបើ​តាម​សេចក្តី​ជូនដំណឹង​ របស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ទី២០ ខែ​កុម្ភៈ​​នេះ តបទៅនឹងរបាយការណ៍ថ្មីមួយ របស់អង្គការលីកាដូ ដែលលើកឡើងជាអវិជ្ជមាន ពី​វិបត្តិ​ដីធ្លី​នៅកម្ពុជា។

ដោយធ្វើលិខិតតវ៉ាមួយច្បាប់ ផ្ញើរត្រឡប់ទៅលោកស្រី ពុង ឈីវកេវ នាយិកាអង្គការលីកាដូ ដើម្បីពិនិត្យ​ឡើង​វិញ​ពី​របាយ​ការណ៍​​នោះផង សេចក្តីជូនដំណឹងនោះបានឲ្យដឹងទៀតថា ជម្លោះដីធ្លី​បាន​ថយចុះ​យ៉ាងច្រើន​ ដោយ​សារ​តែ​​ការខិតខំ​ដោះ​ស្រាយ​វិវាទដីធ្លីទាំងនោះ ពីសំណាក់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ។

ប្រតិកម្មរបស់ក្រសួង ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខាងលើនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយចេញផ្សាយ នូវរបាយការណ៍ដ៏វែងអន្លាយ របស់អង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយ ឈ្មោះ លីកាដូ ដែលបានលើកឡើងថា ជម្លោះដីធ្លី​បាន​កើនឡើង​យ៉ាងខ្លាំង រហូតដល់ទៅ៣ដង ច្រើនជាងតួលេខ ក្នុងឆ្នាំ២០១៣។

របាយការណ៍ប្រចាំឆ្នាំ ២០១៤ ចុះថ្ងៃទី១៩ ខែកុម្ភៈនេះ ដែលមានចំណងជើងថា «ការកើនឡើង​ជាថ្មី​នៃ​ជម្លោះ​ដីធ្លី គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់» របស់អង្គការលីកាដូ បានបង្ហាញ នូវការព្រួយបារម្ភ នៃការកើន​ឡើង​នៃជំលោះដីធ្លីដ៏ចម្លែក របស់ប្រជាពលរដ្ឋ ក្នុងចំណោម១៣ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ ពលរដ្ឋ​ប្រមាណ​ជាង​១០.៦២៥ គ្រួសារ(៤៩.៥១៩ នាក់) កើតមានជម្លោះក្នុងរឿងដីធ្លី «បីដង» បើធៀបទៅនឹងឆ្នាំ២០១៣ មាន​ពលរដ្ឋ​តែប្រមាណជាង ៣.៤៧៥ គ្រួសារ និងច្រើនជាង«ពីរដង» បើធៀបទៅនឹងឆ្នាំ២០១២ មានពលរដ្ឋ​ប្រមាណ​ជាង៥.៦៧២ គ្រួសារនោះ។

កាលពីទី១ ខែមេសា ឆ្នាំ២០១៤ កន្លងមក អង្គការលីកាដូដដែល ក៏ធ្លាប់បានចេញ នូវរបាយការណ៍​ប្រហាក់​ប្រហែលគ្នានេះ ដែលមានចំណងជើងថា «ឆ្នាំ ២០១៤ នាំមកនូវរលកថ្មីនៃជម្លោះដីធ្លីនៅកម្ពុជា»។ របាយ​ការណ៍​នោះ បានបង្ហាញពីការរីកចំរើនខាងជម្លោះដីធ្លី ក្រោមកិច្ចអភិវឌ្ឍន៍នានា របស់រដ្ឋាភិបាល ជាមួយ​នឹងភាព​មិន​ទទួល​ខុសត្រូវ។

ដើមឆ្នាំ២០១៥នេះ នៅមិនទាន់មានសញ្ញាណាមួយ ថានឹងមានអ្វីប្រសើរឡើង ក្នុងករណីនៃការដោះស្រាយ បញ្ហាជម្លោះដីធ្លីជូនពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ត្រូវបានបណ្តេញចេញដោយបង្ខំ ពីផ្ទះសម្បែងរបស់ខ្លួន។ នេះបើតាមមន្ត្រី នៃអង្គការលីកាដូដដែល។ អ្នកសម្របសម្រួល ផ្នែកបច្ចេកទេស​ស៊ើប​អង្កេត នៃអង្គការនេះ លោក អំ សំអាត បានបង្ហាញនូវមូលហេតុនានា ដែលបង្កឲ្យមានជម្លោះផ្នែកដីធ្លី មិន​ចេះចប់មិនចេះហើយនេះ យ៉ាងដូច្នេះថា៖ «អំពើពុករលួយ និងប្រព័ន្ធតុលាការ ដែលមាននិន្នាការ​នយោបាយ ការប្រើប្រាស់កងកំលាំងប្រដាប់អាវុធខុសច្បាប់ ដែលរួមមានកងយោធា និងការចូល​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន ដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធររដ្ឋ និងដោយអាជ្ញាធររដ្ឋផ្ទាល់។ សកម្មភាពទាំងនេះ បាន​បង្ក​ឲ្យ​កើតមាននូវជម្លោះដីធ្លី កាន់តែខ្លាំងឡើងៗ ពាសពេញផ្ទៃប្រទេស អស់រយៈពេល​យូរឆ្នាំ​មក​ហើយ។»

ប៉ុន្តែ របាយការណ៍ណាក៏ដោយ សុទ្ធតែត្រូវបានរដ្ឋាភិបាល បដិសេធច្រានចោលទាំងអស់ ដោយចាត់​ទុក​តួលេខ​ទាំងនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងគ្មានបច្ចេកទេសត្រឹមត្រូវ។ នៅលើទំព័រហ្វេសប៊ុក របស់​លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរឲ្យដឹងថា៖ «តួលេខ​ដែលគេផ្សព្វផ្សាយជាសាធារណៈ គឺជាតួលេខប្រឌិត និងនិន្នាការ ដែលជាផលប្រយោជន៍ផ្ទាល់ របស់​អង្គការ​នោះ​តែ​ប៉ុណ្ណោះ»។

មន្ត្រីអ្នកនាំពាក្យ បានសរសេរទៀតថា «ខ្ញុំបាទនឹងផ្តល់ទិន្នន័យ ជាក់លាក់ចុងក្រោយ នៃការបូកសរុប នៅ​បំណាច់ខែកុម្ភៈ ឆ្នាំ២០១៥ នេះ»។ លោកបានបដិសេធបន្ថែមថា គ្មានតួរលេខ ករណីវិវាទដីធ្លី កើនឡើង​នោះ​ទេ បើយោងទៅលើសកម្មភាព ចុះដោះស្រាយនៅនឹងកន្លែង របស់ក្រុមការងារថ្នាក់ជាតិ សហការជាមួយថ្នាក់​មូលដ្ឋាន តាមរយៈវេទិការសាធារណៈ រវាងមន្ត្រីរដ្ឋាភិបាល មន្ត្រីមូលដ្ឋានពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលជា​វេទិការសេរី ចំហរ គ្មាននិន្នាការ សាធារណៈ នៃការដោះស្រាយ វិវាទដីធ្លីនេះ។

យ៉ាងណាក៏ដោយ អង្គការ លីកាដូ នៅបានបញ្ជាក់ទៀតថា ខ្លួនមានមូលដ្ឋានជាក់លាក់ ក្នុងការកំណត់តួលេខ ពីវិវាទដីធ្លីនេះ។ នៅក្នុងរបាយការណ៍ឆ្នាំ ២០១៤ ដដែល អង្គការ លីកាដូ បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ ឲ្យទទួលស្គាល់នូវបញ្ហា ដែលខ្លួនលើកឡើង ហើយចាត់វិធានការណ៍សមរម្យ ដោះ​ស្រាយ​ជាបន្ទាន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...