សម្ភាស ឆឺយ ឧត្តមរស្មី ៖ ខ្ញុុំត្រូវតែ«ក្រោកឈរ» បើគាត់បាត់ខ្ញុំបាត់ដែរ អាចឲ្យគាត់អស់សង្ឃឹម
- ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៧ មេសា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: April 27, 2013
- ប្រធានបទ: សម្ភាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នៅលើលោកនេះពុំមានអ្វី ជាថិតថេរអមតៈទេ គង់តែស្លាប់។ តែសូមឲ្យស្លាប់ទៅ ដោយមានកិត្តិយស បានធ្វើអ្វីមួយដើម្បីជាតិ នោះទើបជាការល្អប្រសើរ។» នេះជាពាក្យសម្ដីពីរឃ្លា របស់លោក ឆឺយ ឧត្តមរស្មី ក្នុងវ័យម្ភៃឆ្នាំ នៅក្នុងកិច្ចសម្ភាសផ្ទាល់មួយ ជាមួយមនោរម្យ.អាំងហ្វូ។ សូមអានខ្លឹមសារទាំងស្រុង នូវកិច្ចសម្ភាសនោះ ដូចខាងក្រោម៖
មនោរម្យ.អាំងហ្វូ ៖ ការស្នងតំណែងពីឪពុក ក្នុងការការពារព្រៃឈើ នៅក្នុងខែក្រោយនេះ តើជាគំនិតផ្តួចផ្តើមរបស់ប្អូនផ្ទាល់ឬយាងណា?
ឆឺយ ឧត្តមរស្មី ៖ បាទ! ជាការតាំងចិត្តរបស់ខ្ញុំផ្ទាល់ និងណាមួយក៏ជាការគោរព ស្រលាញ់ឪពុកខ្ញុំដែរ ចង់បន្តឈ្មោះពីគាត់ ហើយក៏ជាបណ្តាំរបស់គាត់ នៅពេលដែលខ្ញុំ បានធ្វើការជាមួយគាត់ ក្នុងរយៈពេលកន្លងមក។
មនោរម្យ.អាំងហ្វូ ៖ តើមូលហេតុអ្វីខ្លះ ដែលបណ្តាលចិត្ត ឲ្យប្អូនស្នងការងារ ក្នុងការការពារព្រៃឈើ ពីឪពុករបស់ប្អូន?
ឆឺយ ឧត្តមរស្មី ៖ បាទ! ដោយសារខ្ញុំស្រលាញ់ ធនធានធម្មជាតិ ស្រលាញ់ព្រៃឈើទាំងអស់ ក្នុងប្រទេសកម្ពុជា។ ខ្ញុំជាមនុស្សម្នាក់ ដែលស្រលាញ់ជាតិ ដូចឪពុកខ្ញុំអញ្ចឹង។ ខ្ញុំធ្លាប់ធ្វើការងារនេះ ជាមួយឪពុក ពេលខ្លះ ក៏ជិះឡានក្នុងព្រៃម៉ោងមួយយប់ តែពីនាក់ក៏មាន។ ខ្ញុំត្រូវតែក្រោកឈរ បើគាត់បាត់ ខ្ញុំបាត់ដែរ អាចធ្វើឲ្យគាត់អស់សង្ឃឹម ចំពោះខ្ញុំ។ កត្តាទាំងនេះហើយ ដែលជម្រុញចិត្តខ្ញុំ ឲ្យប្តេជ្ញាចិត្តធ្វើការងារនេះ បើទោះបីជាគ្មានជំនួយក៏ដោយ។
មនោរម្យ.អាំងហ្វូ ៖ ក្នុងពេលបំពេញការងារទាំងនោះ តើគាត់មានធ្លាប់បានប្រាប់ ពីកិច្ចការផ្សេងៗ ដល់ប្អូនដែរឬទេ?
ឆឺយ ឧត្តមរស្មី ៖ បាទ! ប្រាប់ពីមូលហេតុ ដែលគាត់ចង់ថែរក្សា ធនធានធម្មជាតិព្រៃឈើទាំងនេះ។ ព្រោះជាសម្បត្តិធម្មជាតិមួយដ៏សំខាន់បំផុត។ ទាក់ទាញទឹកភ្លៀង ការពារព្យុះ និងកាត់បន្ថយកំដៅ លើពិភពលោក។ គាត់ថាការការពារព្រៃឈើនេះ មិនតែសម្រាប់កម្ពុជានោះទេ សម្រាប់ពិភពលោកទាំងមូលតែម្តង។ គាត់មិនចង់ឃើញប្រជាជនក្នុងសហគម រងនូវទឹកភ្នែក ដោយការដឹកឈើចេញ ជារៀងរាល់ថ្ងៃទេ។ ជាពិសេសគាត់បានប្រាប់ ពីជនណាដែលខិលខូច។
មនោរម្យ.អាំងហ្វូ ៖ មុននឹងប្អូនដាក់ចិត្ត ទទួលយកការងារនេះ តើមានការជម្រុញ ឬការលើកទឹកចិត្ត ពីខាងណាខ្លះដែរទេ?
ឆឺយ ឧត្តមរស្មី ៖ ចំពោះការជម្រុញ និងការលើកទឹកចិត្ត មិនសូវជាមានច្រើនទេ ព្រោះប្រជាពលរដ្ឋភាគច្រើន គាត់យល់ថាខ្ញុំក្មេង អាចធ្វើមិនកើត។ តែសម្រាប់ខ្ញុំ ៗមិនគិតថាក្មេងទេ ខ្ញុំត្រូវតែធ្វើ ព្រោះអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្តរជាតិធំៗ មួយចំនួនមិនបានធ្វើការងារ លើផ្នែកហ្នឹងទេ។ ដូច្នេះនេះ ជាការងារ ដែលខ្ញុំត្រូវតែធ្វើបន្ត។
មនោរម្យ.អាំងហ្វូ ៖ ឪពុករបស់ប្អូន បានស្លាប់ក៏ដោយសារតែគាត់ បានចូលរួមទប់ស្គាត់ និង ការងារការពារេព្រៃឈើនេះ។ តើប្អូនមិនមានការព្រួយបារម្មណ៍ ឬមានការភ័យខ្លាចអ្វីទេ?
ឆឺយ ឧត្តមរស្មី ៖ ចំពោះការស្លាប់ មនុស្សណាក៏ស្លាប់ដែរ។ នៅលើលោកនេះពុំមានអ្វី ជាថិតថេរអមតៈទេ គង់តែស្លាប់។ តែសូមឲ្យស្លាប់ទៅ ដោយមានកិត្តិយស បានធ្វើអ្វីមួយដើម្បីជាតិ នោះទើបជាការល្អប្រសើរ។ ស៊ូស្លាប់ការពារព្រៃឈើ ការពារប្រយោជន៏ជាតិ ខ្ញុំមិនតូចចិត្តទេ។ ការងារនេះ ទោះបីជាខ្ញុំត្រូវស្លាប់ ក៏មិនខ្លាចដែរ។
មនោរម្យ.អាំងហ្វូ ៖ សម្រាប់ការងារដែលប្អូននឹងត្រូវធ្វើវិញ តើប្អូននឹងត្រូវចាប់យកចំណុចណា មកអនុវត្តមុនគេ ដោយមូលហេតុអ្វី?
ឆឺយ ឧត្តមរស្មី ៖ បាទ! ធ្វើចំណុចព្រៃឡង់ ដែលឥឡូវនេះកំពុងរងនូវការកាប់បំផ្លាញយ៉ាងខ្លាំង។ គោលដៅនៃក្តីសង្ឃឹមទីពីរ ជាជួរភ្នំក្រវាញភាគកណ្តាល ដែលជាជម្រកសត្វចុងក្រោយដ៏សំខាន់។ តំបន់ធំទាំងពីរនេះ ជាគម្រោងទីមួយក្នុងការអនុវត្តន៍ការងារ បន្ទាប់មកទើបធ្វើផែនការលើតំបន់តូចៗផ្សេងទៀត។
មនោរម្យ.អាំងហ្វូ ៖ សម្រាប់ការចុះទៅបំពេញការងារវិញ តើប្អូនត្រូវធ្វើតែម្នាក់ឯង ឬមួយយាងណា? រីឯរាល់ការចំណាយប្រចាំថ្ងៃវិញ តើប្អូននឹងត្រូវធ្វើយ៉ាងម៉េច?
ឆឺយ ឧត្តមរស្មី ៖ បាទ! កន្លងមកឪពុកខ្ញុំ ធ្វើតែម្នាក់ឯងទេ។ ជាជំហានដំបូង ខ្ញុំក៏នឹងត្រូវធ្វើម្នាក់ឯងដែរ។ ឯការចំណាយ លើខ្លួនឯង ព្រោះបច្ចុប្បន្ននេះ ពុំទាន់មានអ្នកឧបត្ថម្ភទេ។ ខ្ញុំកំពុងស្វែងរកអ្នកឧបត្ថម្ភដែរ និងក៏កំពុងតែរៀបចំគម្រោង ដាក់ទៅអង្គការជាតិ និងអន្តរជាតិមួយចំនួន ពាក់ពន្ធ័លើដំណើរការងារនេះ។ ហើយបើសម្បុរសជនណា ស្រលាញ់ធនធានធម្មជាតិ ចង់ចូលរួមក្នុងការការពារ អាចទាក់ទងមកបាន។
មនោរម្យ.អាំងហ្វូ ៖ ទាក់ទងនឹងកិច្ចការ អនុវត្តន៍ការងារ ដើម្បីមានប្រសិទ្ធិភាពនោះ តើនឹងធ្វើយ៉ាងណាខ្លះ?
ឆឺយ ឧត្តមរស្មី ៖ ចំពោះការអនុវត្តន៍ការងារ ខ្ញុំនឹងស្នើសុំទៅខាងរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ ដើម្បីសហការ ក្នុងការចូលរួមទប់ស្គាត់ នូវរាល់បទល្មើសព្រៃឈើទាំងឡាយ នៅកម្ពុជា។
មនោរម្យ.អាំងហ្វូ ៖ សម្រាប់ទីតាំងការងារ របស់ប្អូននឹងតាំងនៅកន្លែងណាដែរ? នៅខេត្តកោះកុងផ្ទាល់តែម្តង ឬនៅភ្នំពេញ។
ឆឺយ ឧត្តមរស្មី ៖ បាទ! ទីតាំងនៅភ្នំពេញ តែមិនទាន់មានកន្លែងច្បាស់លាស់ នៅឡើយទេ។ ធ្វើនៅផ្ទះជិតព្រែកឯង ជាបណ្តោះអាសន្នសិន។ ពេលធ្វើការទើបចុះទៅខេត្ត។ ដល់ដំណើរការល្អ ទើបអាចរកការិយាល័យណាមួយសមរម្យ ដើម្បីធ្វើការងារនេះ។
មនោរម្យ.អាំងហ្វូ ៖ ងាកទៅមើលលើបណ្តឹងនៅតុលាការ ដែលកាត់សេចក្តីលើសំណុំរឿង ឪពុករបស់ប្អូន តើប្អូនមានចំណាត់ការយ៉ាងណាដែរ បច្ចុប្បន្ននេះ?
ឆឺយ ឧត្តមរស្មី ៖ បាទ! ខ្ញុំបានដាក់សំណើរទៅខាងរដ្ឋាភិបាល ក៏ដូចជាសម្តេចនាយករដ្ខមន្ត្រី ហ៊ុន សែន ឲ្យគាត់ជួយបើកសំណុំរឿងសាជាថ្មី ដើម្បីវែកមុខរកឃាតករ និងអ្នកជម្រុញពីក្រោយ។
មនោរម្យ.អាំងហ្វូ ៖ បច្ចុប្បន្ននេះ ប្អូនបន្តការសិក្សាដល់ណាហើយ និងគិតគូរពីប្រពន្ធកូនដែរទេ?
ឆឺយ ឧត្តមរស្មី ៖ ខ្ញុំកំពុងតែបន្តការសិក្សានៅ សកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកនីតិសាស្រ្ត។ ឯរឿងប្រពន្ធកូន ខ្ញុំមិនទាន់គិតគូទេ ណាមួយខ្ញុំក៏នៅក្មេង ហើយត្រូវជាប់ធ្វើការងារនេះផង៕