ហ៊ុន សែន និមន្តព្រះសង្ឃ ប៊ុត ប៊ុនតិញ ឲ្យរួមពិធី​«ការពារ​បរិស្ថាន»

តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណង ចង់ប្រមូល​សកម្មជនបរិស្ថាន ពីគ្រប់និន្នាការ ដើម្បី​សង្គ្រោះ​បរិស្ថាន​​នៅ​កម្ពុជា តាមរយៈ​វេទិកា «ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» ដែលរៀបចំឡើង ដោយ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី២២ ខែ​សីហា ខាង​មុខ​នេះ​ឬ? ឬលោក ហ៊ុន សែន ចង់សង្គ្រោះ​រូបភាព «នយោបាយ» របស់​លោក?
ហ៊ុន សែន និមន្តព្រះសង្ឃ ប៊ុត ប៊ុនតិញ ឲ្យរួមពិធី​«ការពារ​បរិស្ថាន»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅចំពោះអ្នកយកព័ត៌មាន ឲ្យទូរទស្សន៍ជាតិ និងសារព័ត៌មានជាច្រើន។ (រូបថត Keystone)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 20, 2016
  • ប្រធានបទ: នយោបាយ-បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានស្រង់មតិមួយចំនួន មកបញ្ជាក់ក្នុងថេរដីកាថា វេទិកា«ការការពារ និង​​ការ​​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ» រៀបចំឡើងដោយ​ក្រសួងបរិស្ថាន ដែលបាននិមន្ត​​អញ្ជើញ​ព្រះអង្គ ឲ្យចូលរួមក្នុងវេទិកា​នោះ មាន​លក្ខណៈ«នយោបាយ»។ នេះបើតាមអ្វី ដែលគេអានបាន នៅក្នុងសំណេរមួយ លើគណនី​​ហ្វេសប៊ុក​​​របស់​ព្រះ​អង្គ ប៊ុត ប៊ុនតិញ អម​ទៅនឹងលិខិតអញ្ជើញ របស់ក្រសួងបរិស្ថាន ដែលព្រះអង្គបានបង្ហោះ នៅ​មុន​នេះ​បន្តិច។

វេទិកា​«ការការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ពីរថ្ងៃ​ខាង​​មុខ​​នេះ នៅក្នុងសាល​ប្រជុំ​«រំដួល» នៅ​វិមាន​សន្តិភាព។ ក្រសួងបរិស្ថាន ដែលជាអ្នករៀបចំ​វេទិកា​នេះ បាន​​អញ្ជើញ​​ស្ថាប័នជាច្រើន ព្រមទាំង​សកម្មជន និងអ្នកទទួលខុសត្រូវខាងបរិស្ថាន ជាច្រើននាក់/អង្គ ឲ្យ​ចូលរួម​​ក្នុង​​វេទិកា​​នេះ ដូចយ៉ាងបានអញ្ជើញ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជនកិច្ចការសង្គម» ជា​ដើម។

ក្នុងលិខិតអញ្ជើញ និមន្តព្រះសង្ឃ ប៊ុត ប៊ុនតិញ ព្រះប្រធានអង្គការ​ព្រះពុទ្ធសាសនា​ដើម្បីសន្តិភាព និងជា​ស្ថានិក​​បណ្ដាញ​​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ដែលចុះហត្ថលេខា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ដោយ​អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុស្ដីទី លោក ជ្រិន សុខា បាន​បញ្ជាក់​ដូចលិខិត​អញ្ជើញ​កញ្ញា ធី សុវណ្ណថា ដែរថា ការអញ្ជើញនេះ ធ្វើឡើងក្រោមចំណារ​ដ៏«ខ្ពង់ខ្ពស់» និងដោយ​ផ្ទាល់​ ពី​សំណាក់​​លោក ហ៊ុន សែន តាំង​ពី​ថ្ងៃ​ទី០១ ខែសីហា ឆ្នាំ២០១៦នោះមកម្លេះ។

ប៉ុន្តែបើតាមការអះអាង របស់វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ បានបញ្ជាក់ថា ការអញ្ជើញនេះ​ធ្វើឡើង​ដល់ទៅ​ពីរ​ដង៖ ម្ដង តាមរយៈលិខិតចុះថ្ងៃទី៩ ខែសីហាខាងលើ និងម្ដងទៀត តាមរយៈលិខិតចុះថ្ងៃទី១៨ ខែសីហា ដោយ​ពន្យល់​ថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ អាចយកតំណាង ជាព្រះសង្ឃ៤អង្គ ដើម្បីចូលរួមពិធីនេះបាន។

សម្រាប់​ជំហររបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលតែងរិះគន់​នយោបាយសម្បទានដី និង​នយោបាយ​អភិវឌ្ឍន៍ របស់រដ្ឋាភិបាលនោះ បានបង្ហាញការរារែក នៅពេលដំបូងឡើយ មិននិមន្តចូលរួមក្នុងវេទិកានេះទេ ដោយ​ព្រះអង្គ​លើក​ពី​មូលេហតុថា ព្រះអង្គត្រូវនិមន្តចេញទៅក្រៅប្រទេស តាមការនិមន្តជាមុន របស់ពុទ្ធបរិស័ទ្ធ​នៅ​ទី​នោះ។ ប៉ុន្តែនៅក្នុងសំណេរ នៅលើគណនីហ្វេសប៊ុកព្រះអង្គ ក្នុងថ្ងៃទី២០ ខែសីហានេះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បាន​ប្ដូរ​ជំហរ​វិញ ថាព្រះអង្គអាចនឹងនិមន្តចូលរួម ​ក្នុងវេទិកានោះ ដើម្បី៖

(១) ជជែក​អំពីបញ្ហាមួយចំនួនទាក់ទិន នឹងការបំផ្លិចបំផ្លាញ បរិស្ថានធម្មជាតិដ៍ធ្ងន់ធ្ងរ នៅ​កម្ពុជា​បច្ចុប្បន្ន ដែល​ក្រុមការងារព្រះអង្គ​បានរកឃើញ ក្នុងរយៈពេល៦ខែកន្លងមក ព្រមទាំងបញ្ហា​ប្រឈម​នានា ក្នុងការ​បំពេញ​ការងារ។

(២) ទាមទារឲ្យមានការប្តេជ្ញាការពារ ពីលោកនាយករដ្ឋមន្ត្រី និងអាជ្ញាធរដែលពាក់ពន្ធ ឲ្យអនុវត្តន៍​នូវ​គោល​នយោបាយ​​ការពារព្រៃឈើ និងធនធានធម្មជាតិ ដែលនៅសេសសល់ឲ្យគង់វង្ស។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បាននិយាយថា ការនិមន្តនេះ មានលក្ខណៈ«នយោបាយ» ច្រើនជាង​លក្ខណៈ​«បច្ចេកទេស» ដើម្បីសង្គ្រោះធនធានធម្មជាតិ នៅកម្ពុជា។ ប៉ុន្តែពួកគេសុទ្ធតែផ្ដល់យោបល់ ឲ្យ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ គួរតែនិមន្តចូលរួម​ក្នុងវេទិកានេះ បើទោះជាគេដឹងថា វិធានការទប់ស្កាត់ការកាប់បំផ្លាញ ព្រៃឈើ ឬ​ធន​ធាន​ធម្មជាតិ ក្រោមរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងពេលកន្លងមករងការរិះគន់ ថា​មិន​មាន​​ប្រសិទ្ធិភាព​​យ៉ាង​ណា​​ក្ដី។ លោក ហ៊ុន សែន ខ្លួនលោក ថែមទាំងធ្លាប់សន្យាថា លោកនឹងកាត់ក របស់​លោក ប្រសិន​ណា​ជា​​ការ​​​ទប់​​​ស្កាត់ ការ​កាប់​បំផ្លាញ​ព្រៃ មិនថមថយទេនោះ។

នៅក្នុងរបាយការណ៍ «ប្រទេសសម្រាប់លក់» ឬ «COUNTRY FOR SALE» កម្រាសជាង៧០ទំព័រ របស់​អង្គការ «Global Witness» ដែលចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០០៩ បានរៀបរាប់ថា កម្ពុជា​សព្វថ្ងៃ​ជា​​ប្រទេស​​​ សម្រាប់​ពុះ​​ជ្រែក​លក់​​​ឲ្យ​បរទេស ​ដោយ​ពួកអ្នក​មាន​អំណាច​នៅ​កម្ពុជា ជាពិសេសញាតិសន្ដាន ដែលនៅ​ជុំវិញ​លោក ហ៊ុន សែន ​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ ​ដាក់ជា​ប្រយោជន៍​ខ្លួន​ឯង។ ប្រយោជន៍​​ទាំង​នោះ បានមកពី​ការកាប់​ធនធាន​ព្រៃ​ឈើ ហើយ​និង​កំពុង​ច្បាម​យក​ធនធាន​ធម្មជាតិ ​របស់​​កម្ពុជា​​​ផ្សេង​​​ទៀត ដូច​ជា​ធនធាន​ជលផល កោះ ឆ្នេរ​សមុទ្រ​ សម្រាប់​ទេសចរណ៍ ធនធាន​ឧស្ម័ន រ៉ែ និង​​ប្រេង​កាត​​​​ជា​ដើម។

ប៉ុន្តែការលើកឡើង របស់អង្គការខាងលើ តែង​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​​ខ្លួន​ឯង​ច្រានចោល។ លោក ហ៊ុន សែន ធ្លាប់បានហៅអង្គការ «Global Witness» ថាជា​អង្គការ​«ឆ្កួតលីលា»​មួយ។ មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល លោក ឱម យ៉ិនទៀង ក៏​បានលើក​ឡើង​ដែរថា ការចោទប្រកាន់ទាំងនោះ ធ្វើឡើង​ដើម្បី​បំផ្លាញ​កម្ពុជា។

យ៉ាងណា អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះទៀត បាននិយាយបរិហារចូលស៊ីជម្រៅ ពីការបើកវេទិកា «ការ​ការពារ និង​ការ​អភិវឌ្ឍន៍​ធនធានធម្មជាតិ» របស់ក្រសួងបរិស្ថាននេះ ថាជាឱកាសឲ្យលោក ហ៊ុន សែន សង្គ្រោះ​​រូបភាព​ «នយោបាយ» ​របស់លោក ដោយការកោះអញ្ជើញក្រុមអ្នករិះគន់ ទៅ«អង្អែលក្បាល» បន្ទាប់​ពី​​វិធាន​ការ​​បង្ក្រាប បាន​ធ្វើ​ឡើង​យ៉ាង​ចាស់​ដៃ ទៅលើបណ្ដាសកម្មជនបរិស្ថាន និងព្រៃឈើ ក្នុងពេល​កន្លង​មក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...