ការ​បូម​ខ្សាច់ និង​អាជីវកម្ម​រ៉ែ៖ ក្រសួង​ផ្ដល់​សិទ្ធិ​ទៅ​មន្ទីរ​ខេត្ត​ក្រុង ជា​អ្នក​គ្រប់​គ្រង

«ពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ» ជាប្រធានបទក្តៅ ដែលក្រសួងរ៉ែ និងថាមពល នឹងមានចំណាត់ការលើអាជីវកម្ម ខ្សាច់ទាំងឡាយណា ដែលមិនមានច្បាប់ នៅទូទាំងប្រទេសកម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៧ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 08, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចប្រជុំ ជាមួយម្ចាស់អាជីវកម្មខ្នាតតូចនានា ទូទាំងប្រទេស នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសានេះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានធ្វើការប្តេជ្ញាជាថ្មី ចំពោះមុខអ្នកសារព័ត៌មានថា ក្រសួង​នឹង​ខិតខំ បញ្ចប់នូវបញ្ហាទាំងឡាយណា ដែលបានបង្ករឡើង ក្រោមហេតុផល នៃការបូមខ្សាច់ ទាំងក្នុងរាជធានីភ្នំពេញ និង​តាមបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជា។

ប៉ុន្តែការប្ដេជ្ញាចិត្តនោះ ត្រូវបានលោករដ្ឋលេខាធិការអះអាងថា ក្រសួងបានផ្តល់សិទ្ធិគ្រប់គ្រាន់ ទៅឲ្យមន្ទីររ៉ែ និង​ថាមពល តាមបណ្តាខេត្តនានា ក្នុងការផ្តល់សិទ្ធិ ទៅគ្រប់អាជីវកម្មខ្នាតតូច ដែលនៅតាមខេត្តសាមីទាំងអស់ ដើម្បី​ជៀស​វាង នូវ​ការ​ប្រើនីតិវិធីវែងឆ្ងាយ ទំរាំសំណុំបែបបទទាំងនោះ ឡើងមកដល់ក្រសួង។

លោកបន្តថា ជាមួយនឹងការផ្តល់សិទ្ធិ ក្នុងការធ្វើអាជីវកម្មខ្សាច់ទាំងនោះ ក៏ត្រូវបានធានា នូវហានិភ័យនានា ដែលកើត​ឡើង មកពីការបូមខ្សាច់ទាំងនោះដែរ។ លោកថា បើកន្លែងអាជីវកម្មណា ដែលមានការតវ៉ាច្រើន ពីប្រជាពលរដ្ឋក្នុងភូមិ ក្រសួងនឹងត្រូវធ្វើការផ្អាកអាជីវកម្មនោះភ្លាម ដើម្បីធ្វើការសិក្សា តើគួរបន្ត ឬត្រូវបញ្ចប់ ចំពោះអាជីវកម្មនៅតំបន់នោះ។

ក្នុងខេត្តចំនួន២៥ នៅទូទាំងប្រទេសកម្ពុជា រដ្ឋលេខាធិការរូបនេះបានបន្តថា ខាងក្រសួងបានចុះ ធ្វើអធិការរកិច្ច​បាន​ចំនួន​១៥ ខេត្តក្រុងរួចមកហើយ។ ខេត្ត ក្រុងដែលនៅសេសសល់ ក្រសួងនឹងបន្តធ្វើអធិការកិច្ចជាបន្តបន្ទាប់ទៀត។ លោក ឌិត ទីណា បានបញ្ជាក់ថា៖  «ពេលដែលយើងចុះឃើញបញ្ហាណាមួយ ដែលជាបញ្ហាស្រួចស្រាវ យើងនឹង​ចាប់​ផ្តើមពិនិត្យ និងសិក្សា ជាមួយនឹងការធ្វើការកែទម្រង់ ឲ្យស៊ីជម្រៅលើបញ្ហាទាំងនោះ។ ឃើញបញ្ហាខ្សាច់ កែបញ្ហាខ្សាច់ ឃើញបញ្ហា(កាយយកអាច់ដី)ដី កែបញ្ហាដី។»

លោកបានបន្ថែមថា ក្រោយប្រតិបត្តការ នៃការធ្វអធិការកិច្ចទាំង១៥ ខេត្តក្រុងកន្លងមកនេះ ជនល្មើសចំនួន១៦នាក់ ដែល​ត្រូវបានធ្វើការឃាត់ខ្លួន ក្នុងនោះ ១០នាក់នៅរាជធានីភ្នំពេញ និង៦នាក់នៅខេត្តកណ្តាល។ លោកបានបង្ហាញថា សម្រាប់​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មានសរុបចំនួន១៤៣ អាជ្ញាប័ណ្ណ។ តែមកទល់បច្ចុប្បន្ននេះ សល់ប្រមាណជាងពាក់​កណ្តាល​ប៉ុណ្ណោះ។

លោក បាននិយាយទៀតថា៖ «យើងមិនចង់ឲ្យការគ្រប់គ្រង នៃការធ្វើអាជីវកម្មរ៉ែនេះ មានភាពចន្លោះប្រហោងឡើយ និង​មានការប៉ះពាល់ ដល់ប្រជាពលរដ្ឋមួយចំនួន។ បើធ្វើអាជីវកម្ម លើផ្ទៃដីតូចជាង១ហិកតា ឬដីដែលជាកម្មសិទ្ធិ​របស់​ខ្លួន ក៏ជាផ្នែកមួយ ដែលអនុញ្ញាតឲ្យគាត់ ក្លាយជាសិប្បកម្មខ្នាតតូច។ (...) គាត់ក៏ត្រូវបានទទួលអាជ្ញាប័ណ្ណ ក្នុងការ​រកស៊ី​នោះដែរ។ (...) តែយើងមិនដេញអ្នក ដែលធ្វើអាជីវកម្ម តពីដូនតានោះមកឡើយ។ ដូចជាករណីវាយថ្មជាដើម ដែល​មាន​ប្រវត្តិតំណរ តាំងពីដូនតាមកនោះ ដែលមិនមានច្បាប់នៅឡើយ។ បើការធ្វើអាជីវកម្មប្រចាំគ្រួសារនេះ បើប្រើប្រាស់​នូវ​ឧបកណ៍ទំនើប ត្រូវតម្រូវឲ្យមានការសុំច្បាប់ ដែលច្បាប់នោះ អាចធ្វើឡើងត្រឹមមន្ទីរ ដោយមិនចាំបាច់មកដល់​ក្រសួង​ឡើយ។»

លោកបានបង្ហាញ នូវសុទិដ្ឋិនិយមថា ចំពោះបញ្ហានៃការគ្រប់គ្រង លើការធ្វើអាជីវកម្មលើខ្សាច់នេះ និងមានភាពប្រសើរ​ឡើង នាពេលអនាគត តាមរយៈការកែទម្រង់ ស្របតាមស្ថានភាពជាក់ស្តែង នៅនឹងកន្លែងតែម្តង។ ជាពិសេសក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ ទៅដល់ក្រុមអាជីវករទាំងឡាយណា ដែលបានបំពេញបែបបទត្រឹមត្រូវ។

តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលបានចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០១៥នេះ បានបញ្ជាក់យ៉ាងច្បាស់ថា នឹងប្រគល់ការងារ ទៅក្រសួងរ៉ែ និងថាមពល ជាអ្នកចេញ​អាជ្ញាប័ណ្ណ ទៅឲ្យក្រុមអាជីវកម្មខ្សាច់គ្រប់ប្រភេទ។ សេចក្តីសម្រេចនោះ ក៏បានសរសេរបញ្ជាក់ផងដែរថា ចំពោះអាជ្ញា​ប័ណ្ណ​បណ្តោះអាសន្ន មិនអនុញ្ញាតឲ្យចេញជូន ជាដាច់ខាត។ ហើយក្នុងពេលដំណើរការ ក្នុងការបូមខ្សាច់នោះ ខាង​ក្រសួង​ត្រូវ​ធ្វើការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈបច្ចេកទេស គោលការណ៍ លក្ខការណ៍ និងកាតព្វកិច្ច ក្នុង​ការ​កែ​លម្អ​ជាបន្ទាន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...