ការ​បូម​ខ្សាច់៖ លឹម គានហោ ថា​«គ្មាន» តែ​ប៉ុល ហំម ថា​សកម្មភាព​នៅ​បន្ត

នៅចំពោះគណៈកម្មាការរដ្ឋសភា លោក លឹម គានហោ រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន​គណៈកម្មការ​គ្រប់​គ្រង​ធនធាន​ខ្សាច់ បានបដិសេធ ថាគ្មានការបូមខ្សាច់ក្នុងទន្លេទេ ហើយថានឹងចាត់វិធានការផ្លូវច្បាប់ រឹប​អូស​យក​សម្ភារៈ​ទំាង​អស់ ពីអាជីវកម្មបូមខ្សាច់ទំាងឡាយណា ដែលអត់មានអាជ្ញាបណ្ណត្រឹមត្រូវ។
លោក លឹម គៀនហោ (ខាងឆ្វេង) និងលោក ប៉ុល ហំម។ (រូបថត monoROOM.info/ S. Tith)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ លោក ស៊្រុន ទិត្យ - ភ្នំពេញថ្ងៃទី២៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 25, 2014
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះ នា​វិមាន​រដ្ឋសភា​ជាតិ លោក លឹម គានហោ បាន​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​ទៅ​នឹង​សំណួរ​របស់​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី៣  ឬ​ហៅ​ថា​គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធន​ធាន​ទឹក នៃ​រដ្ឋសភា។ នេះ​ជា​ការ​សាកសួរ និង​ការ​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​ស្ថានភាព​បច្ចុប្បន្ន ទាក់​ទង​នឹង​វិស័យ​នានា ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ពិសេស​​ទៅ​លើ​ករណី​«អាជីវកម្ម​បូម​ខ្សាច់»។

លោក លឹម គានហោ បាន​អះ​អាង​ថា ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​ជា​សកម្មភាព​ខុស​ច្បាប់។ ហើយ​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ណា​មួយ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឯកជន​នៅ​ឡើយ​ដែរ។ លោក​បាន​បន្ត​ថា ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹប​អូស រាល់​សាឡង់​បូម​ខ្សាច់​ទាំង​ឡាយ ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ទន្លេ។

លោកថា៖ «ចាប់ទុកលើកនេះ អត់មានធ្វើកិច្ចសន្យាដោះលែងវិញទេ។ យើងខ្ញុំនឹងស្នើទៅរដ្ឋាភិបាល រឹបអូស​ជាសម្បត្តិរដ្ឋ។ សុំបញ្ជាក់ម្តងហើយម្តងទៀត យើងមិនទាន់បានផ្តល់នូវសិទ្ធិដល់ក្រុមហ៊ុន ឬបុគ្គលណា​មួយ​នៅឡើយទេ។ មានច្បាប់(អាជីវកម្ម) គឺច្បាប់ពីមុន… ត្រូវតែធ្វើច្បាប់ថ្មី។ ព្រោះគណៈ​កម្មាធិការនេះទើបបង្កើត​ថ្មីទៀត។ អ៊ីចឹងសូមអាជីវករ ដែលរកស៊ីអាជីវកម្មខ្សាច់ ស្តាប់ឮ សុំមកដាក់ពាក្យសុំជាថ្មី មកគណៈកម្មាធិការ​យើង​នេះ។ (…) បងប្អូនប្រជាពលរដ្ឋឃើញមានការរំលោភបំពានរាយការណ៍ជាបន្ទាន់មក។»

ដោយឡែកប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក លោក ប៉ុល ហំម ទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់លោក លឹម គានហោ។ ហើយលោកក៏ស្វាគមន៍ ចំពោះការ​អះ​អាង​ឃាត់ និងការបញ្ឃប់ការបូមខ្សាច់ យ៉ាងអណាធិបតេយ្យនាពេលកន្លងមក។ លោកបន្តថា ខណៈ​នេះនៅ​មានការបូមខ្សាច់ លើផ្ទៃទន្លេស្ទើរទូទាំងប្រទេសនៅឡើយ ហើយហាក់ដូចជាគ្មានការអើពើពីអាជ្ញាធរ ឬ​ក្រសួង​នោះដែរ។

លោក ប៉ុល ហំម បានបន្ថែមថា បើទោះជាមានការអះអាងយ៉ាងនេះក្តី ក៏ក្រុមការងារលោក និងបន្តពិនិត្យ​លើ​ទំនួលខុសត្រូវ និងកាតព្វកិច្ចនៃអាជ្ញាធរមានសមត្ថកិច្ចទាំងនោះដែរ។ តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​រូបនេះ បានថ្លែងបញ្ជាក់ថា៖ «មានកន្លែងខ្លះ មានការរំលោភ។ បើពាក់ព័ន្ធក្រសួងពាក់ព័ន្ធ យើងនឹងចោទសួរ​ទៅក្រសួងពាក់ព័ន្ធ ហើយបើពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន យើងនឹងកោះហៅរាល់អភិបាលខេត្ត ឬរាជធានី​មក​បំភ្លឺ។»

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ នៅតែបង្ហាញក្ដីកង្វល់របស់ពួកគេ ព្រោះរាល់បញ្ហា មិន​ត្រូវបានដោះស្រាយ ឬការយកចិត្តទុកដាក់ពីអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធនោះឡើយ។ ដូចករណីមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធធារាសាស្ត្រ​ ដូចជាការបូមទឹកក្នុងប្រឡាយទឹកមកប្រើប្រាស់ ការបង្ហូរទឹកស្អុយពីភ្នំពេញ ទៅក្នុងបឹងទន្លេសាប ស្ថានភាពបាក់ច្រាំងនៃបឹងទំនប់កប់ស្រូវ ការលុបបឹង ទឹកល្អក់ក្នុងទន្លេមេគង្គ មកពី​ប្រទេសជិតខាង និងបញ្ហានិរន្តភាពក្នុងតំបន់ទឹកឆា នាខេត្តកំពង់ចាមជាដើម។

សូមទស្សនាកិច្ចសម្ភាសលោក ប៉ុល ហំម និងលោក លឹម គានហោ ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...