ពលរដ្ឋ«ឃុំអូបីជាន់» តវ៉ាសុំអភិបាលខេត្ត ឲ្យធ្វើប័ណ្ណកម្មសិទ្ធដីធ្លី
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 23, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការតវ៉ាមួយបានកើតឡើង នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នេះដើម្បីសុំឲ្យមន្រ្តីដែលជាប់ពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តបន្ទាយមានជ័យ ឲ្យជួយអន្តរាគមន៍ក្នុងការធ្វើប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋទាំង១៥៦ គ្រួសារ នៅលើទំហំដី ៧៨០ហិចតា មានដីជាប់គ្នាពីរភូមិគឺភូមិ ថ្នល់បត់ និងភូមិ បឹងស្នោ។ សុំប្លង់កម្មសិទ្ធិដី ព្រោះពលរដ្ឋទាំងនោះ គ្មានសិទ្ធក្នុងការប្រកបអាជីវកម្មអ្វីផ្សេងៗ នៅលើដីខ្លួនឯងឡើយ។
តំណាងអ្នកភូមិម្នាក់លោក អ៊ុង តាំង បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា លោកនិងអ្នកភូមិផ្សេងទៀត បានដាក់ពាក្យបណ្តឹង និងសុំការអន្តរាគមន៍ពីអភិបាលខេត្តហើយ តែមិនមានអ្នកណាម្នាក់ចូលរួមដោះស្រាយនៅឡើយ។ លោកថា ដំបូងមានការសម្បទានដីនៅឃុំ ស្លក្រាម ហើយបង្កើតជាឃុំអូបីជាន់ ស្រុកអូជ្រៅ។ ហេតុនេះហើយ ធ្វើឲ្យអ្នកដែលមានដីនៅឃុំចាស់ រហូតដល់មករស់នៅឃុំថ្មី មិនមានប្លង់កម្មសិទ្ធនៅឡើយ។ លោកថា អ្នកខ្លះមាន អ្នកខ្លះគ្មាន ភាពស្មើរគ្នានៃកម្មសិទ្ធិមិនគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋទាំងអស់ទេ។
នៅពេលបញ្ចប់ការធ្វើពេលធ្វើបាតុកម្ម នៅវេលាម៉ោងប្រមាណជា១១ថ្ងៃត្រង់ អ្នកស្រី ឡុង សុគន្ធី តំណាងអ្នកភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា បន្ទាប់ពីសម្បទានដី ចំនួនពីរឃុំ មានឃុំស្លក្រាម និងឃុំអូបីជាន់មក ឃុំទាំងពីរក៏មានទំនាស់រវាងគ្នា។ បន្ទាប់មក អ្នកភូមិក៏ទទួលរងគ្រោះរហូត ពីសំណាក់ក្រុមហ៊ុន សេង ហុងហេង និងឧកញ៉ា សំ សុផាន់ណារិទ្ធ ដែលតែងតែមកជិះជាន់ប្រជាពលរដ្ឋ ក្នុងភូមិខាងលើ។
ពលរដ្ឋមិនអាចរស់នៅឬ បង្ករបង្កើនផលលើដីទាំងនោះបានទេ ហើយថែមទាំងមានបញ្ហាជាញឹកញាប់ រហូតឈានដល់ការស្លាប់ប្រជាពលរដ្ឋក៏មាន ដោយស្តែងឡើងតាមរូបភាពផ្សេងៗ ដូចជា៖ ផ្ទុះមីន ឃាតកម្មជាដើម។ អ្នកស្រីថា ក្រុមពលរដ្ឋទាំងអស់ សុំទាមទារឲ្យគ្រប់ស្ថាប័នជួយធ្វើអន្តរាគមន៍ឲ្យបានឆាប់ ព្រោះពួកគាត់ពិបាកក្នុងការស់នៅ និងប្រកបរបរចិញ្ចិមជីវិតណាស់។
អ្នកនៅក្នុងហេតុការណ៍នេះផ្ទាល់ លោក អ៊ុង ថាប់រាំង ជាចាងហ្វាងកាសែតខ្មែរជាយដែន បានប្រាប់ទស្សនាវដ្ដីដែរថា នៅមិនមានតំណាងដែលជាប់ពាក់ព័ន្ធណាមួយ ចូលរួមដោះស្រាយនោះទេ មានតែបញ្ជាការសន្តិសុខឃុំអូបីជាន់ ចុះជួយការពារសុវត្តិភាពអ្នកភូមិប៉ុណ្ណោះ។
ចំពោះបញ្ហាទាំងអស់នេះ ទស្សនាវដ្តីមិនអាចសុំការបំភ្លឺពីលោក គោ ស៊ុំសារឿន អភិបាលខេត្តបន្ទាយមានជ័យ បានទេនៅថ្ងៃទី២៣មករានេះ ដោយទូរស័ព្ទរបស់លោកបានបិទ។ ដោយឡែកលោក អ៊ុំ រាត្រី អភិបាលរងខេត្តនេះដែរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូតាមទូរស័ព្ទថា លោកសុំមិនឆ្លើយ ដោយលោកមិនទាន់បានដឹងរឿងនេះនៅឡើយ និងជាប់រវល់កិច្ចការនៅកន្លែងផ្សេង។ លោកបានថ្លែងឲ្យដឹងថា៖ «ខ្ញុំសុំមិនឆ្លើយ ព្រោះខ្ញុំមិនទាន់បានដឹងរឿងនេះ»៕