សន្តិសុខ​គ្លីនិក វាយ​អាជីវករ​លក់​បន្លែរបួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​

បុរសម្នាក់ដែលគេស្គាល់ថា ជាសន្តិសុខយាមនៅមន្ទីរពេទ្យ លឹម ស៊ីវុតថា បានប្រើអំពើហឹង្សាលើស្ត្រីមួយរូប ជា​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ដើមគរ បណ្តាលឲ្យមានរបួសធ្ងន់។ បន្ទាប់មក សន្ដិសុខនោះ បានរត់គេចខ្លួនបាត់ស្រមោល។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក.វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 24, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជម្លោះ​រវាង​អាជីវករ​លក់​ដូរ​បន្លែ និង​សន្តិសុខ​ពេទ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា​នេះ នៅ​មិន​ទាន់​អាច​សម្រួល​គ្នា​បាន​នៅ​ឡើយ រហូត​មក​ដល់​ម៉ោង​នេះ។ ស្ត្រី​ជា​ជន​រង​គ្រោះ មិន​ព្រម​ទទួល​សំណង​ដែល​ម្ចាស់​មន្ទីរ​ពេទ្យ ជួស​មុខ​ឲ្យ​សន្តិសុខ​បង្ក​របួស​ស្នាម បាន​បង់​ថ្លៃជំ​ងឺ​ចិត្ត​ឲ្យ​គាត់​នោះ​ទេ។

បន្ទាប់​ពី​មាន​ការ​ប្រតាយ​ប្រតប់​គ្នា ជា​មួយ​សន្តិសុខ​ពេទ្យ​ខាង​លើ​នេះ​រួច អ្នកស្រី សុផល ជា​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​ប៉ូលីស នៅ​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ចំពោះ​ការ​បង្ក​របួស​ស្នាម​ដល់​អ្នកស្រី។ ស្ត្រី​រង​គ្រោះ បាន​ទាមទារ​សំណង​ដែល​សន្តិសុខ​របស់​ពេទ្យ បាន​ប្រើ​អំពើ​ហឹង្សា​មក​លើ​គាត់ ចំនួន ៥០០ដុល្លា​ពី​ម្ចាស់​មន្ទីរពេទ្យ ព្រោះ​ក្រោយ​ពី​សន្តិសុខ វាយ​ស្ត្រី​ជន​រង​គ្រោះ​នេះ​រួច ក៍​បាន​រត់​គេច​ខ្លួន​បាត់។

ការទាមទារសំណងចំនួន ៥០០ដុល្លា របស់អ្នកស្រី សុផល ត្រូវបានម្ចាស់មន្ទីរពេទ្យបដិសេធ មិនព្រម​ផ្តល់​ជូន​គាត់នោះទេ ដោយម្ចាស់មន្ទីរពេទ្យសុំជូនសំណងត្រឹមតែ ១រយដុល្លាប៉ុណ្ណោះ។

អ្នកស្រី សុផល បានប្រាប់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ​យ៉ាងដូច្នេះថា គាត់មិនព្រមទទួលថ្លៃសងជំងឺចិត្តត្រឹម ១០០ដុល្លានោះទេ ហើយគាត់សុខចិត្តឲ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងនេះ ទៅថ្នាក់លើបន្តទៀត។

រឿងហេតុនេះ បានកើតឡើងនៅច្រកចូលទៅក្នុងផ្សារដើមគ សង្កាត់ផ្សារដើមគ ខ័ណ្ឌទួលគោក រាជធានី​ភ្នំពេញ។ អ្នកស្រីអាជីវករ បានរៀបរាប់ពីដំណើររឿងថា រូបគាត់បានលក់បន្លែនៅជាប់នឹងមន្ទីរពេទ្យ លឹម ស៊ីវុតថា ហើយថ្ងៃនេះ សន្តិសុខបានដេញពួកគាត់ មិនឲ្យលក់នៅជិតមន្ទីរពេទ្យនោះទេ ដោយសារគេ​ត្រូវការ​កន្លែងទុកដាក់ម៉ូតូរវិញ។ នៅពេលសន្តិសុខដែលបានវាយអ្នកស្រី មកបណ្តេញក្រុមអាជីវករចេញ​នៅព្រឹក​នេះ អ្នកស្រីនិយាយថា អ្នកស្រីជាប់ដៃលក់បន្លែឲ្យមូយរបស់គាត់ពីរបីនាក់ ដោយមិនបានឆ្លើយតប និងរើ​អីវ៉ាន់ចេញភ្លាមៗ ដូចបំណងរបស់សន្តិសុខនោះទេ។

ខណៈនោះ ក៍ស្រាប់តែសន្តិសុខពេទ្យនោះ ក៍ចាប់ផ្តើមជេប្រមាថម៉ាក់ងាយដល់គាត់ ស្ត្រីរងគ្រោះរូប​នេះបាន​ជេរប្រទេចមកលើសន្តិសុខនោះវិញ បណ្តាលឲ្យជំលោះនេះកាន់តែធំ រហូតដល់មានការវាយប្រតប់គ្នា មាន​របួសស្នាមដូច្នេះ។ អ្នកស្រី សុផល បានរងរបួសនៅត្រង់សៀតផ្កា ដោយការវាយរបស់សន្តិសុខពេទ្យនោះ មួយទំហឹងដៃ។

រីឯលោក ហែម សុវណ្ណរិទ្ធ មេប៉ុស្តិ៍នគបាលផ្សារដើមគរវិញ មិនអាចធ្វើការបញ្ជាក់​អំពីករណីនេះ​បាននៅ​ឡើយ ដោយលោកឆ្លើយតបថា កំពុងមានកិច្ចការរវល់នៅខេត្ត។

អ្នកស្រី ឡាយ ណាវី ដែលជាអ្នកលក់បន្លែនៅផ្សារដើមគរដូចគ្នានោះដែរ បាននិយាយថា មូលហេតុដែល​សន្តិសុខមន្ទីរពេទ្យវាយជាមួយនឹងអ្នកស្រី សុផល គឺដោយសារសន្តិសុខបង្ករឿងនោះ បានមកសុំឲ្យអ្នកស្រី សុផល រើអីវ៉ាន់ចេញ ដើម្បីយកកន្លែងដាក់ម៉ូតូរ៉ឺមកអ្នកជំងឺមកចតនៅចំណុចនោះ ប៉ុន្តែជនរងគ្រោះមិន​ព្រម​រើចេញ ក៍ផ្ទុះជម្លោះតែម្តង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...