ភ្នំពេញ រាជធានី«ទឹក»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: August 01, 2015
- ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនេះជាទស្សនៈវិស័យ វ័យឆ្ងាយ ស៊ីជម្រៅ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឃន៍ ស្ពានអាកាស នៅរាជធានីភ្នំពេញឬ? ចម្លើយ អាចខុសពីនេះ។ ប៉ុន្តែគេក៏មិនសូវយល់ ប៉ុន្មានដែរ ព្រោះបើតាមទម្លាប់ នៃការសាងសង់សំណង់ថ្មីៗ ក្នុងរាជធានី នាសម័យនេះ គេត្រូវលើកដីសង់ផ្ទះ ឬផ្លូវឲ្យខ្ពស់ៗ ដើម្បីបញ្ជៀសការលិចទឹក នៅពេលមានភ្លៀងធ្លាក់។ ហើយទម្លាប់ ដែលសឹងតែក្លាយ ជា«វប្បធម៌»នេះ បានបង្កការហួសចិត្តមិនតិចទេ ដល់ពលរដ្ឋអ្នករស់នៅ ក្នុងរាជធានីកម្ពុជាខ្លួនឯង។
ការហួសចិត្ត ជារឿងមួយ និងចេះតែទ្រាំ តាមយថកម្មទៅ។ តែការខ្មាសអៀន គឺជារឿងមួយទៀត ជាពិសេសការខ្មាសអៀន នឹងពលរដ្ឋកម្ពុជា ដែលមកពីខេត្ត ឬជនបទស្រុកស្រែចំការ នេះតែម្ដង។ «នេះភ្លៀងតែមួយមេ លិចថ្នាក់ហ្នឹង ចុះបើភ្លៀងពីរបីមេ ទីក្រុងភ្នំពេញ មិនក្លាយទៅជាទីក្រុងទឹក ទៅហើយទេ?» នេះជាការលើឡើង របស់ស្រ្តីម្នាក់ មកពីខេត្តតាកែវ អ្នកស្រី មុំ លើកឡើងបែបនេះ ខណៈដែលអ្នកស្រី ទើបតែមកភ្នំពេញ មិនធ្លាប់ដឹងពីស្ថានភាព លិចលង់ខ្លាំង ដល់ថ្នាក់នេះនោះទេ នៅរាជធានី បេះដូងនៃប្រទេសអ្នកស្រី។ អ្នកស្រីបានឆ្លើយឆ្លង ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ហេតុផលទាំងនេះ គាត់យល់ឃើញថា មកពីរដ្ឋាភិបាល មិនបានយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាប្រព័ន្ធលូ របស់អ្នករស់នៅក្នុងរាជធានី ទើបមានបញ្ហាលិចលង់ នៅពេលមានភ្លៀងបែបនេះ។
ផ្ទុយពីការលើកឡើង របស់អ្នកស្រី មុំ ខាងលើ យុវនិស្សិតម្នាក់ កញ្ញា ថន បុល ដែលកំពុងធ្វើដំណើរ យ៉ាងលំបាកជាមួយម៉ូតូរបស់នាង បានប្រាប់ឲ្យដឹងថា មិនមែន មកពីរដ្ឋាភិបាល មិនយកចិត្តទុកដាក់ លើប្រព័ន្ធលូនោះទេ ដោយសារកន្លងមក និស្សិតរូបនេះ សង្កេតឃើញថា មានការសាងសង និងជួសជុលប្រព័ន្ធលូ ជាច្រើនកន្លែង នៅក្នុងទីក្រុង។ ហេតុផល ដែលនាងផ្តោតទៅលើ គឺការមិនជួយថែរក្សារបរិស្ថាន របស់អ្នកនៅទីក្រុងមួយចំនួន ជាពិសេសគឺអ្នកលក់ដូរ ដែលតែងតែចោលកាកសំណល់ ពីអាជីវកម្មរបស់ខ្លូនផ្តេសផ្តាស ដោយមិនខ្វល់ពីបញ្ហាស្ទះលូ នៅពេលមានភ្លៀង។
ទាក់ទងនឹងការលើកឡើងខាងលើ និស្សិតម្នាក់ទៀត បាននិយាយថា រឿងលិចទឹក នៅពេលភ្លៀងធ្លាក់ សព្វថ្ងៃនេះ វាកំពុងក្លាយជាបញ្ហា ចំពោះមុខរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលរស់នៅ ក្នុងរាជធានីភ្នំពេញ។ លោកថា ដូចជាករណីថ្ងៃទី៣១ កក្កដា នេះជាដើម ស្ទើរតែគ្មានអ្នកណា បានធ្វើដំណើរទៅកាន់គោលដៅ ទាន់ម៉ោងកំណត់នោះទេ ព្រោះតែភ្លៀងទឹកហូរមិនរួច បណ្តាលឲ្យលិចលង់ផ្លូវ, លិចផ្ទះនៅក្នុងខណ្ឌ មួយចំនួនជាដើម ព្រោះតែបឹងធំៗមួយចំនួន នៅក្នុងរាជធានីត្រូវបានចាក់បំពេញ ដើម្បីអភិវឌ្ឍន៍ ដូច្នេះបរិមាណទឹកភ្លៀងទាំងនោះ ត្រូវតែចាក់បំពេញ តាមផ្លូវបែបនេះ៕
» រូបថត និងវីដេអូ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហោះ៖
------------