សន្តិសុខផ្សារនាគមាស មានអំណាចវាយដំមនុស្សដូចសត្វ!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 20, 2015
- ប្រធានបទ: វាយតប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងបរិវេណផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាក្សីដែលនៅក្នុងហេតុការណ៍ បានចង្អុលទៅក្រុមសន្តិសុខមួយក្រុម ថា បានព្រួតគ្នាបង្ករបញ្ហា ជាមួយអ្នករត់រីម៉កកង់បី ដឹកបន្លែ និងអ្នកអូសរទេះ ដឹកបន្លែនៅផ្សារខាងលើ។ សាក្សីទាំងនោះ បានបញ្ជាក់ទៀតថា មានអ្នករងរបួស ប្រមាណជា៥នាក់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ និងមានការខូចខាតសម្ភារៈ មួយចំនួនទៀត។
អ្នករងគ្រោះម្នាក់ ក្នុងចំណោមអ្នករងរបួសធ្ងន់ ៤នាក់ លោក ដូង ពិសី មកពីស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ដំបូងឡើយ សន្តិសុខឈ្មោះហៅក្រៅថា ០៧ បានស្រែកខ្លាំងៗ ដាក់លោក និងអ្នកម្ចាស់រឺម៉កដ៏ទៃថា ឲ្យចេញពីកន្លែង ដែលពួកលោក ធ្លាប់ទុកយាន្ដកង់បីរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ដោយការបញ្ជា គ្មានហេតុផលច្បាស់លាស់ លោកមិនបានចេញទេ តែបន្តិចក្រោយមក ជនបង្កនៅតែស្រែកគំម្រាមបន្តថា បើមិនចេញ ពួកគេនឹងវាយកំទេច ទាំងមនុស្សទាំងរបស់។ បន្ទាប់ពីលឺបែបនេះ លោកមិនបាននៅបន្តទៀតទេ ក៏នាំគ្នា រៀបនឹងបរចេញ ព្រោះមិនចង់មានរឿង ក៏ស្រាប់តែកងសន្ដិសុខរូបនោះ បើកការវាយប្រហារ មកលើពួកលោកតែម្តង។
លោក ដួង ពិសី បានបន្តទៀតថា ភ្លាមៗនោះ ជនបង្ករបានផ្តល់ដំណឹង ហៅគ្នីគ្នា ដែលប្រដាប់ដោយអាវុធ មកបន្ថែមទៀត និងបានព្រួតវាយម្ចាស់រឺម៉ក ប្រមាណ៥ ទៅ៥នាក់ ជាបន្តបន្ទាប់ បណ្តាលឲ្យអ្នកទាំងប្រាំនេះ រងរបួស អ្នកខ្លះបែកក្បាល អ្នកខ្លះបែកមុខ អ្នកខ្លះខ្ទេចកង់បី អ្នកខ្លះខ្ទេចរទេះដឹកបន្លែ ព្រោះតែគ្មានអ្វី មកតដៃជាមួយក្រុមសន្តិសុខទាំងនោះ។
បន្ទាប់ពីមានការប្រវាយប្រតប់គ្នា ផ្អើលពេញទាំងផ្សារនាគមាស តំណាងភាគីទាំងសងខាង បានធ្វើការដោះស្រាយគ្នា នៅនឹងតុចរចារ ក្នុងសាលាសង្កាត់ផ្សារដើមគ ក្នុងនោះរួមមាន លោក វ៉ន ពៅ ប្រធានសមាគមន៍កង់បី លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក និងលោក ផាន់ សុគៀន ប្រធានផ្សារនាគមាស។ កិច្ចដោះស្រាយ នៅចុងបញ្ចប់់ ត្រូវបានលោក ឡុង វុទ្ធី តំណាងសមាគមរបស់លោក វ៉ន ពៅ ឲ្យដឹង នៅរសៀលថ្ងៃទី១៣ ខែឧសភានេះថា តំណាងខាងផ្សារនាគមាស បានយល់ព្រម ចេញថ្លៃព្យាបាល ឲ្យជនរងគ្រោះទាំង៥នាក់ ចំនួន ២២៥០ដុល្លា និងថ្លៃខូចខាតរឺម៉ក មួយ៦០ដុល្លាផ្សេងទៀត ដោយមានការឯកភាពគ្នា នៅចំពោះមុខអភិបាលរង ខណ្ឌទួលគោក ដើម្បីបញ្ចប់រឿង៕