ឆេះប្រព័ន្ធតចរន្ដរបស់អគ្គិសនីកម្ពុជា តែអត់មានអ្នកលត់អគ្គិភ័យ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 22, 2015
- ប្រធានបទ: អគ្គិភ័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏រងការិះគន់ខ្លាំងដែរ ពីពលរដ្ឋ ដោយពួកគាត់បានត្អូញត្អែរថា គ្មានមន្ត្រីជំនាញណា ជួយចុះអន្តរាគមន៍ទេ ទុកឲ្យពលរដ្ឋពន្លត់ភ្លើង ដោយខ្លួនឯងរលត់អស់ ទើបឃើញស្រមោល ក្រុមមន្ត្រីលត់អគ្គិភ័យ បានមកដល់។ អ្នកនៅក្នុងហេតុការណ៍ ដ៏គួរឲ្យរន្ធត់នេះ បានប្រាប់ឲ្យដឹងថា មុនដំបូងឡើយ គេលឺសម្លេងផ្ទុះ (ផូងៗៗៗ) ជាច្រើនដង។ ពួកគាត់បានចេញមកមើល ក៏ឃើញមានផ្កាភ្លើង ផ្ទុះចេញពីបង្គោលតូច មានខ្សែតចរន្តអគ្គិសនី ជាច្រើននៅពីមុខផ្ទះ។ បុរសខាងលើបន្តទៀតថា ក្នុងហេតុការណ៍នេះ បានប្រជាពលរដ្ឋ សម្រុកជួយគ្នាពន្លត់ បានសម្រេច ដោយប្រើបំពង់ពន្លត់អគ្គីភ័យ ចំនួន៣០ទាំងតូចទាំងធំ។
លោក អ៊ុង សុផាន អាយុ ៦៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦១K ក្នុងភូមិទី១០ សង្កាត់ផ្សារដេប៉ូទី១ បានរៀបរាប់ថា លោកមានការភ្ញាក់ផ្អើល និងលំបាក ក្នុងការចាកចេញណាស់ ព្រោះផ្ទុះឆេះនោះ នៅចំពីមុខផ្ទះលោកតែម្តង គ្មានផ្លូវក្រោយណា សម្រាប់ចេញទេ។ លោកអ៊ុំបាននិយាថា៖ «ផ្ទុះ ផាំង ៗៗៗ លឺអើតមើលឃើញភ្លើង ខំរកផ្លូវចេញស្ទើមិនរួច គង់តែបានគេជួយបាញ់ពន្លត់ ពីខាងក្រៅទេ»។
ស្រ្តីវ័យជាង ៧០ឆ្នាំម្នាក់ទៀត អ្នកស្រី កៀង ហួយ ម្ចាស់ហាង ធ្វើសក់មួយ យីហោ ណារីលំអរថ្មី ដែលនៅជាប់ នឹងកន្លែងកើតហេតុ បានរៀបរាប់ ទាំងអារម្មណ៍ មិនទាន់បាត់ខ្លាចថា បើបែបនេះតែពីរ ទៅបីដង គាត់ច្បាស់ជាគាំងបេះដូងស្លាប់មិនខាន។ នេះសំណាងហើយ ដែលប្រជាពលរដ្ឋទាំងអស់ រួមគ្នាពន្លត់បានសម្រេច បើចាំឡានទឹក ច្បាស់ជាឆេះអស់ផ្ទះ មិនខាន។ អ្នកស្រីថា ភ្លើងដែលផ្ទុះឆេះឆាបនេះ បណ្តាលមកពីខ្សែរតចរន្ដ របស់អគ្គីសនីកម្ពុជា មានលក្ខណៈច្រើនណែនណាប់ គ្មានសណ្តាប់ធ្នាប់។
ចុងក្រោយ អ្នកស្រីបានសំណូមពរ ឲ្យមានការៀបចំ ឲ្យបានច្បាស់លាស់ពីប្រព័ន្ធ តខ្សែរចរន្តនានា នៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀត សូមឲ្យអ្នកដែលជាប់ពាក់ព័ន្ធ ជាពិសេសអគ្គិសនីកម្ពុជា មេត្តាពង្រឹងបង្គោលភ្លើងណា ដែលមានសភាពទ្រុធទ្រោមខ្លាំង ឲ្យមានភាពធម្មតាវិញ ការពារពេលមានភ្លៀង ខ្យល់ ឬមានផ្ទុះឆេះនេះជាដើម វាមិនងាយឆាបឆេះ ដល់ផ្ទះប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត អ្នកស្រីសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន មេត្តាជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលផង ព្រោះគ្រាមានអាសន្នមួយនេះ មិនដឹងអាជ្ញាធរមូលដ្ឋាននៅឯណា ពេលស្បើយភ័យ បានឃើញ«ស្រមោល»មកដល់៕