បើកម៉ូតូលឿន ជ្រុលទៅបុកឡានកំពុងបត់ស្លាប់ភា្លមៗ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 04, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិមនុស្សម្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៩៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា គុយ វុទ្ធី អាយុប្រមាណ៣០ឆ្នាំ មានបុខរបរជាជាងដែក ស្នាក់នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុម្នាក់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឡានមួយគ្រឿធុន RANGE ROVER ពណ៍ខ្មៅមិនស្គាល់ស្លាកលេខ បើកតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បួងទៅជើង។ មកដល់កន្លែងកើតហេតុ ឡានខាងលើបានបត់ ចូលផ្លូវលេខ៩៦ ស្រាប់តែមានម៉ូតូចមួយគ្រឿង ដែលបានបើកយ៉ាងលឿន បញ្ច្រាសទិសគ្នា មកបុកឡានពេញទំហឹង។ ម៉ូតូឃ្លិចពណ៍ខ្មៅបានរងការខូចខាតខ្ទេច ផ្នែកខាងមុខទាំងស្រុង ចំណែកម្ចាស់ម៉ូតូ បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។
ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ សាក្សីបញ្ជាក់ថា ម្ចាស់ឡានបានបើកគេចខ្លួន បាត់ស្រមោល សល់តែម៉ូតូ និងម្ចាស់ម៉ូតូដេកស្តូកស្ដឹង នៅកន្លែងកើតហេតុ។ ករណីនេះ ត្រូវបានសមត្ថកិច្ចចររាចរណ៍ នៅទីនោះបញ្ជាក់ថា បណ្តាលមកពីការបើកបរលឿន ហួសល្បឿនកំណត់ របស់អ្នកបើកម៉ូតូ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត។ បច្ចុប្បន្ន ក្រុមសមត្ថកិច្ចបានប្រគល់សាកសព និងម៉ូតូឲ្យទៅសាច់ញាតិនៃសព ដើម្បីយកទៅធ្វើបុណ្យ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង តាមប្រពៃណី៕