អ.ស.ប ឲ្យរដ្ឋាភិបាល ហ៊ុន សែន ទទួលខុសត្រូវរឿងបាតុករវាយតំណាងរាស្ត្រប្រឆាំង
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣១ តុលា ២០១៥
- កែប្រែចុងក្រោយ: November 02, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងមានការព្រួយបារម្ភណាស់ ទៅនឹងសភាពនយោបាយថ្មីៗ ដែលកើតមានឡើង ទៅលើមេដឹកនាំ និងក្រុមអ្នកស្មោះស្ម័គ្រ របស់ក្រុមប្រឆាំងនៅកម្ពុជា» នេះជាការអះអាង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យស្នងការជាន់ខ្ពស់ ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រទី ៣០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងការិយាល័យកណ្ដាល នៃស្ថាប័នទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ អ្នកស្រីអ្នកនាំពាក្យ បានពន្យល់ថា ខណៈពេលដែលសកម្មជន ស្និតនឹងគណបក្សប្រឆាំងចំនួន ១១នាក់ កំពុងអនុវត្តន៍ទោស ពី៧ទៅ២០ឆ្នាំ ក្នុងពន្ធនាគារ ពីបទបានចូលរួម ឬដឹកនាំការបះបោរ ប្រឆាំងអាជ្ញាធរសាធារណៈនោះ សមាជិកព្រឹទ្ធសភាម្នាក់ទៀត របស់ក្រុមប្រឆាំង កំពុងរងចាំការកាត់ទោស ពីបទចោទប្រកាន់ជាច្រើន ក្នុងនោះមានការញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ និងក្លែងឯកសារសាធារណៈ។
អ្នកស្រី រ៉ាវីណា សាមដាសានី បានថ្លែងទៀតថា ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃចន្ទកន្លងទៅ បាតុករស្និតនឹងរដ្ឋាភិបាលមួយក្រុម បានប្រើអំពើហិង្សា យ៉ាងឃោឃៅ ទៅលើអ្នកតំណាងរាស្ត្រពីររូប មកពីគណបក្សប្រឆាំង និងគម្រាមកំហែង ដល់លំនៅដ្ឋានផ្ទាល់ របស់(អតីត)អនុប្រធានទីមួយ នៃរដ្ឋសភា។ អ្នកស្រីបានហៅសកម្មភាពខាងលើ មានលក្ខណៈ ដូចជាបានរៀបចំទុកជាមុន ហើយក្រុមនគរបាល និងកងកម្លាំងរក្សាសន្តិសុខ ដែលមានវត្តមាននៅនឹងកន្លែង ហាក់មិនបានរវីរវល់ ធ្វើប្រតិកម្មឆ្លើយតប នឹងទង្វើរបស់ក្រុមនេះឡើយ ដែលខុសប្លែកពីការបង្ក្រាបមុនៗរបស់អាជ្ញាធរ ទៅលើបាតុកម្មដែលរៀបចំឡើង ដោយក្រុមប្រឆាំងរដ្ឋាភិបាល។
តំណាងស្នងការជាន់ខ្ពស់ ខាងសិទ្ធិមនុស្សរូបនេះ បានរំលឹកឡើងវិញថា ទោះជាមាននិន្នាការនយោបាយបែបណាក៏ដោយ ក៏ពលរដ្ឋម្នាក់ៗ សុទ្ធតែមានសិទ្ធិ នៅក្នុងការជួបជុំដោយអហិង្សា និងទទួលបាននូវសេរីភាព នៃការបញ្ចេញមតិ ដោយពេញបរិបូណ៌។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «វាជាការទទួលខុសត្រូវ របស់រដ្ឋាភិបាល ក្នុងត្រួតពិនិត្យមើលថា អ្នកទាំងនោះមិនត្រូវបានយាយី ដោយមកពីមូលហេតុនយោបាយ ឬមកពីពួកគេមានទស្សនៈផ្សេងឡើយ»។
«យើងទាមទារដូចគ្នា ឲ្យរដ្ឋាភិបាល ត្រូវចាត់គ្រប់វិធានការដ៏ចាំបាច់ ដោយមិនគិតពីនិន្នាការនយោបាយ ដើម្បីធានាសន្តិសុខ ដល់តំណាងរាស្ត្រ ដែលជាប់ឆ្នោតដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ នៅកម្ពុជា និងពិនិត្យមើលឲ្យបានដិតដល់ ថាកងទ័ពខេមរភូមិន្ទកម្ពុជា ព្រមទាំងកងកម្លាំងផ្សេងទៀតរបស់រដ្ឋ ពិតជាបានធ្វើសកម្មភាព ស្របទៅតាម«ក្រមប្រតិបត្តិ (របស់អ.ស.ប)» សម្រាប់ការទទួលខុសត្រូវ នៅចំពោះមុខច្បាប់ជាធរមាន»។
យ៉ាងណា អ្នកស្រី រ៉ាវីណា សាមដាសានី បានថ្លែងអបអរសារទ ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រកើតគណៈកម្មការពិសេសមួយ ដើម្បីស៊ើបអង្កេត ពីហេតុការណ៍ដែលកើតឡើង កាលពីថ្ងៃចន្ទទី២៦ ខែតុលា តែបានបញ្ជាក់បន្ថែមថា ការស៊ើបអង្កេតនោះ នឹងមិនអាចទទួលយកបានទេ ប្រសិនណាជាវាមិនមានលក្ខណៈ«ឯករាជ្យ ស្រួចស្រាវ ស៊ីជម្រៅ និងឆាប់រហ័ស»៕
» វីដេអូ ទាក់ទងនឹងការវាយតប់លើតំណាងរាស្ត្រ៖