សម្ភាសប៉ុល ហំម៖ វត្តមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងបក្សប្រឆាំងជាសិទ្ធរបស់លោក
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសមាជលើកទីមួយ របស់គណៈបក្សសង្គ្រោះជាតិ កាលពីម្សិលម៉ិញ គេឃើញមានវត្តមានរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ យាងមកចូលរួម និងទទួលបានការតែងតាំង ជាសមាជិកគណកម្មាធិការនាយករបស់គណបក្ស។ នេះជាការអះអាង អោយកាន់តែច្បាស់បន្ថែមទៀត ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាទូទៅ បានរាយការណ៍ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ពីការយាងចូលធ្វើនយោបាយរបស់ព្រះអង្គ ជាមួយគណបក្សប្រឆាំង។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានសារធារណៈជនស្គាល់ថា ជាលេខាផ្ទាល់ នៃអតីតព្រះមហាវីរៈក្សត្រនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាសមាជិកស្ថាបនិកនៃគណបក្សហ្វុនស៊ីនប៉ិច ដែលមានព្រះអង្គម្ចាស់អរុណរស្មី (បុត្រីពៅព្រះបរមរតនកោដ្ឋ) ជាព្រះប្រធានក្នុងពេលបច្ចុប្បន្ន។
ជុំវិញជម្រើសរបស់ព្រះអង្គ ក្នុងការចូលរួមក្នុងជាមួយ គណបក្សសង្គ្រោះជាតិ មនោរម្យព័ងអាំងហ្វូ សូមលើកយកកិច្ចសម្ភាសជាមួយលោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក នៃគណបក្សនេះ មកជម្រាបជូនដូចតទៅ៖
មនោរម្យព័ងអាំងហ្វូ៖ តើការយាងចូលរួមរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាការអញ្ជើញពីគណបក្សសង្គ្រោះជាតិឬយ៉ាងណា?
លោក ប៉ុល ហំម៖ ការចូលរួមនេះជាការស្មគ្រ័ព្រះទ័យរបស់ព្រះអង្គផ្ទាល់។ លោក (ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ) ធ្លាប់មានទំនាក់ទំនង ជាមួយឯកឧត្តម សម រង្សីផង ជាមួយ ឯកឧត្តមកឹម សុខាផង ជាចុងក្រោយគណបក្សសង្គ្រោះជាតិ បានសម្រេចថ្វាយព្រះអង្គជា សមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ។
មនោរម្យព័ងអាំងហ្វូ៖ តើលោកអាចជំរាបបានទេថា តើការចូលរួមរបស់ព្រះអង្គមានការកំណត់លក្ខខ័ណ្ឌ ឬការសន្យាណាមួយទេ?
លោក ប៉ុល ហំម៖ ឥតមានលក្ខខ័ណ្ឌ ឬការសន្យាអ្វីទេ។ ព្រះអង្គមកចូលរួមដោយទ្រង់មើលឃើញថា មានតែគណៈបក្សសង្គ្រោះជាតិ ដែលអាចជួយផ្លាស់ប្តូរមុខមាត់ ឬស្ថានភាពខ្មែរយើងបាន។ ដោយសារេព្រះអង្គមិនសព្វព្រះទ័យ នឹងការគ្រប់គ្រងសព្វថ្ងៃ ព្រោះព្រះអង្គធ្លាប់បានលើកឡើងថា មានការអភិវឌ្ឍន៍កន្លែងណា មានទឹកភ្នែកនៅកន្លែងហ្នឹង ហូរឈាមកន្លែងហ្នឹង។ នេះជាសិទ្ធិរបស់លោក (ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ) ដែលលោកអាចមកចូលរួមជួយ ដើម្បីកែប្រែស្ថានភាពស្រុកខ្មែរ ពីអាក្រក់ទៅជាល្អឡើងវិញ។
មនោរម្យព័ងអាំងហ្វូ៖ ចំពោះគណបក្សលោកផ្ទាល់ យល់យ៉ាងម៉េចដែរ ដែលកន្លងមកយើងដឹងថាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកស្ថាបនិកនៃគណបក្សហ្វុនស៊ីនប៉ិច ហើយព្រះអង្គបែរជាមកចូលរូម ជាមួយនឹងគណបក្សសង្គ្រោះជាតិទៅវិញ?
លោក ប៉ុល ហំម៖ ប្រហែលជាគណបក្សហ្វុនស៊ីនប៉ិច មានគោលការណ៍អ្វីមួយ ខុសពីព្រះទ័យព្រះអង្គហើយ បានជាលោកមិននៅជាមួយ (គណបក្សហ្វុនស៊ីនប៉ិច) ហើយមកគាំទ្រគណបក្សសង្គ្រោះជាតិ។ ព្រះអង្គមុខជាយល់ថា គណបក្សសង្គ្រោះជាតិ អាចធ្វើកិច្ចការជូនចំពោះជាតិ។ ម្យ៉ាងទៀតគណបក្សសង្គ្រោះជាតិ មានគោលនយោបាយបើកចំហរ អ្នកណាក៏អាចមកចូលរួមជាមួយដែរ។
មនោរម្យព័ងអាំងហ្វូ៖ តើការចូលរួមរបស់ព្រះអង្គ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៨ ខែកក្តដា ខាងមុខនេះ អាចបង្កើននូវកម្លាំង នៃការគាំទ្រពីប្រជាពលរដ្ឋ ឬយ៉ាងណា?
លោក ប៉ុល ហំម៖ ការចូលរួមរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ នេះមានសារៈសំខាន់ណាស់ ព្រោះជាការបង្ហាញឲ្យឃើញជាក់ច្បាស់ពីជំហរ និងគោលការណ៍របស់គណបក្សសង្គ្រោះជាតិ មិនប្រឆាំងនឹងរបបរាជានិយមទេ គាំទ្ររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញស្រាប់។
មនោរម្យព័ងអាំងហ្វូ៖ អង្គសម្តេចឪមុនពេលសោយទីវង្គត ចង់ឲ្យរាជវង្សានុវង្ស នៅអមព្រះរាជបល្ល័ង មិនចង់ឲ្យមានការចូលរួមធ្វើនយោបាយ។ តើការចូលរួមធ្វើនយោបាយរបស់ព្រះអង្គ ជាការប្រឆាំងនឹងព្រះរាជតំរិះ របស់ព្រះបរមរតនកោដ្ឋឬទេ?
លោក ប៉ុល ហំម៖ ក្នុងរដ្ឋធម្មនុញ្ញឥតមានចែង មិនឲ្យព្រះរាជវង្សានុវង្សធ្វើនយោបាយទេ។ នេះជាសិទ្ធិរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ថ្វីត្បិតលោកជាសមាជិករាជវង្សានុវង្ស លោកមានសិទ្ធិក្នុងការគិតគូរ ជួយដល់ស្រុកទេសរបស់លោកដែរ។ បើអ្នកនយោបាយធ្វើនយោបាយមិនល្អ ប្រទេសជាតិចុះអាប់ឱន ព្រះរាជវង្សានុវង្សក៏អាប់ឱនដែរ។ នេះជាការសម្រេចព្រះទ័យរបស់ព្រះអង្គ។
មនោរម្យព័ងអាំងហ្វូ៖ ការចូលរួមក្នុងឆាកនយោបាយ របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងគណបក្សសង្គ្រោះជាតិ ហើយស្របគ្នានេះដែរ ព្រះអង្គម្ចាស់អរុណរស្មី ដែលជាបុត្រីពៅរបស់ព្រះបរមរតនកោដ្ឋ ឈរជាប្រធានបក្សហ្វុនស៊ីនប៉ិច។ តើអាចជាទំនាស់ ក្នុងសែរាជវង្សានុវង្សឬទេ?
លោក ប៉ុល ហំម៖ ប្រទេសមួយ ប្រកាន់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស។ មិនចាំបាច់ថា គ្រប់សមាជិកនៃព្រះរាជវង្សានុវង្ស ទៅរួមនៅក្នុងគណបក្សតែមួយទើបប្រពៃនោះទេ នេះក៏មិនមែនជាការមានទំនាស់រវាងព្រះអង្គ ជាមួយព្រះអង្គម្ចាស់អរុណរស្មីនោះដែរ។ វាជាសិទ្ធិនៃការយល់ឃើញផ្សេងៗគ្នា ក្នុងការចូលរួមធ្វើនយោបាយ។ មិនថាតែរាជវង្សានុវង្សទេ ប្រជាពលរដ្ឋទូទៅ ក៏មានសិទ្ធិដូចគ្នានេះដែរ។
មនោរម្យព័ងអាំងហ្វូ៖ សម្រាប់ការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទីប្រាំ ថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ តើលោករំពឹងថា នឹងមានលទ្ធផលយ៉ាងណាដែរ?
លោក ប៉ុល ហំម៖ លោកសម រង្សី ធ្លាប់បានលើកឡើងថា ទោះបីជាមានការបាត់បង់បញ្ជីឈ្មោះ ក៏នៅរំពឹងថាឈ្នះដែរ អាចឈ្នះតិចតួច។ តែបើសិនជាមានការរៀបចំ ការបោះឆ្នោត ឲ្យបានត្រឹមត្រូវ ដោយសេរី និងយុត្តិធម៌។ ឯ គ.ជ.ប (គណកម្មាធិការជាតិរៀបចំការបោះឆ្នោត) រៀបឲ្យបានល្អប្រសើរ ប្រកាន់ជំហរអព្យាក្រិត្យ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតធ្វើឲ្យបានត្រឹមត្រូវ សង្ឃឹមថា នឹងអាចឈ្នះដាច់តែម្តង។ មើលទៅឃើញថាមានសង្ឃឹមទើបព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចូលរួមដើម្បីកែរមុខមាត់ស្រុកទេសយើង។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៨ មេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ