ISIS ចេញមុខទទួលស្គាល់ការវាយប្រហារដោយកាំបិត កណ្ដាលប៉ារីសក្នុងយប់នេះ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 13, 2018
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចេញមុខមកទទួលស្គាល់ ការវាយប្រហារដោយកាំបិត ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឲ្យរបួស មនុស្សបួននាក់ទៀត ក្នុងសង្កាត់រោងល្ខោន កណ្ដាលរដ្ឋធានីប៉ារីស នាយប់ថ្ងៃសៅរ៍នេះ។ នេះ បើតាមការផ្សាយ កាលពីប៉ុន្មាននាទីមុន របស់ស្ថាប័ន «Site Intelligence Group» ដែលមានជំនាញខាងឃ្លាំមើល សកម្មភាពរបស់ក្រុមភេរវជន នៅលើប្រព័ន្ធឃោសនារបស់ពួកគេ។
ស្ថាប័នខាងលើ បានដកស្រង់យកសារជាភាសាអារ៉ាប់ ដែលសរសេរចេញ ពីទីភ្នាក់ងារ «Amaq» ដែលជាប្រដាប់ឃោសនាផ្លូវការមួយ របស់អង្គការភេរវនិយម មកបញ្ជាក់ ដោយមានអត្ថន័យថា៖ «ជនដែលបានដឹកនាំការវាយប្រហារ ប្រដាប់ដោយកាំបិត នៅកណ្ដាលរដ្ឋធានីប៉ារីស ជាយុទ្ធជនមួយរូប របស់ក្រុមរដ្ឋអ៊ីស្លាម ហើយប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹងការអំពាវនាវ ឲ្យបើកការវាយប្រហារ ប្រឆាំងបណ្ដារដ្ឋសម្ព័ន្ធមិត្ត»។
ជនដៃដល់ ដែលបានដកកាំបិត ចេញមកចាក់មនុស្សច្រើននាក់ បានស្រែកឡើង នូវពាក្យ «Allah Akbar (មានន័យថា ព្រះអាឡាហ៍ ធំធេងណាស់)» នៅពេលជននេះ កំពុងធ្វើសកម្មភាព។ ជននេះ ត្រូវបាននគរបាលបាញ់បង្ក្រាប ហើយបានស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះម្នាក់បានស្លាប់ ដោយសារមុខរបួសមានសភាពធ្ងន់ធ្ងរ និងជនរងគ្រោះបួននាក់ទៀត បានរងរបួស (ពីរនាក់របួសធ្ងន់)។ នេះ បើតាមប្រភព ពីស្នងការនគរបាល នៃរដ្ឋធានីប៉ារីស។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងជិត ២១ យប់ថ្ងៃសៅរ៍ទី ១២ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្លូវ «Monsigny» ស្ថិតក្នុងសង្កាត់លេខ២ នៅមិនឆ្ងាយប៉ុន្មាន ពីអាគាររោងល្ខោន «Opéra» នៃរដ្ឋធានីប៉ារីស។ នៅទីនោះ ជាតំបន់ដែលសម្បូរ ដោយភោជនីយដ្ឋាន និងហាងផឹកស៊ីជាច្រើន និងសម្បូរដោយមនុស្សម្នា ជាពិសេសទេសចរណ៍ ធ្វើដំណើរឆ្លងកាត់។
អត្តសញ្ញាណរបស់ជនដៃដល់ នៅមិនទាន់ទម្លាយឲ្យដឹងនៅឡើយ ខណៈការិយាល័យអយ្យការ នៃរដ្ឋធានីប៉ារីស ផ្នែកប្រឆាំងភេរវកម្ម បានប្រកាសបើកការស៊ើបអង្កេតមួយឡើង៕