សាលារាជធានីគ្រោងសុំរថយន្តក្រុងបន្ថែម ដើម្បីបន្ថយការកកស្ទះ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 04, 2015
- ប្រធានបទ: សេវាសាធារណៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នៅតែបន្ត ដោយសារចំនួនពលរដ្ឋ និងចំនួនយានជំនិះ ចេះតែមានការកើនឡើងជាលំដាប់ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ តាមរបាយការណ៍ ចំនួនអ្នកធ្វើដំណើរ តាមរយៈសេវារថយន្ដក្រុង របស់សាលារាជធានីភ្នំពេញ ដែលគិតត្រឹមតែមួយថ្ងៃ គឹថ្ងៃទី៣១ ខែតុលា កាលពីឆ្នាំ២០១៤ កន្លងទៅ មានអ្នកដំណើរសរុបចំនួន៥,៥២៩នាក់ ក្នុងនោះប្រភេទអ្នកដំណើរបង់ប្រាក់ មានចំនួន ៣,៥២៤នាក់ និងអ្នកដំណើរមិនបង់ប្រាក់ មានចំនួន ២,០០៥នាក់។
ដោយឡែក នៅឆ្នាំ២០១៥ គឹនៅថ្ងៃទី៣១ ខែតុលានេះ (ថ្ងៃតែមួយ នៅមួយឆ្នាំក្រោយមក) មានអ្នកដំណើរសរុប ៦,១១៣នាក់ ក្នុងនោះប្រភេទអ្នកដំណើរ មិនបង់ប្រាក់ មានចំនួន២,១៧១នាក់ និងប្រភេទអ្នកដំណើរបង់ប្រាក់ មានចំនួន៣,៩៤២នាក់។ អ្នកដំណើរដូចជា ព្រះសង្ឃ ជនពិការ ចាស់ជរា កុមារ និងសិស្ស និស្សិតជាដើម មិនត្រូវបានគិតប្រាក់នោះទេ។
របាយការណ៍ខាងលើ ធ្វើឡើងជាមួយនឹងរថយន្ដក្រុង ទាំង៥០គ្រឿង ដែលសាលារាជធានីបានដាក់ ឲ្យដំណើរការដឹកអ្នកដំណើរ នៅក្នុងរាជធានីភ្នំពេញ ដោយមានផ្លូវធ្វើដំណើរ ចំនួនបីខ្សែ ដើម្បីរំដោះការកកស្ទះចរាចរណ៍។
តែបើទោះជាទិន្នន័យ ក្នុងថ្ងៃតែមួយ ពីឆ្នាំមុន មកឆ្នាំ២០១៥ បានកើនឡើងក៏ដោយ ក៏ការព្រួយបារម្ភពីបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីមួយនេះ នៅតែមាន។ ដោយសារមូលហេតុ ឈានទៅកាត់បន្ថយការកកស្ទះនេះហើយ ទើបកាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ កំពុងរៀបចំគម្រោង ដើម្បីស្នើសុំរថយន្តក្រុងថ្មី ចំនួន១៥០គ្រឿង ពីប្រទេសជប៉ុន និង១០០គ្រឿង ពីប្រទេសចិន ដើម្បីដាក់ឲ្យដំណើរការបន្ថែមទៀត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ ឲ្យដឹងថា៖ «ប្រសិនបើសាលារាជធានីភ្នំពេញ នឹងទទួលបានរថយន្តក្រុង ចំនួន២៥០គ្រឿងបន្ថែមទៀត តាមការគ្រោងទុកនោះ ភ្នំពេញអាចពង្រីកជើងធ្វើដំណើរ រហូតដល់ទៅ១០ខ្សែ»៕