ពិន័យឲ្យដងទឹក២០ធុងម្នាក់ មកលាង«ទឹកនោម»ខ្លួន នៅមុខវេទិកាបុណ្យអ៊ុំទូក
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០២ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 04, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែន ឲ្យតែមាន«បំពង់បង្ហូទឹក»មួយ គេអាចកាន់បំពង់នេះ ទៅបាញ់ត្រង់ណា ក៏បាននោះទេ។ ហើយដើម្បីឲ្យម្ចាស់«បំពង់បង្ហូទឹក»ទាំងនោះដឹងខ្លួន សាលាខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ បានបង្កើតបែបបទ នៃការពិន័យមួយ យ៉ាងពិសេស នោះគឺបង្ខំឲ្យអ្នក ដែលបង្ហូទឹកនោមរបស់ខ្លួន តែពាសទាំងនោះ ទៅដងទឹកចំនួន២០ធុង«ស្ពេត្រូ»ក្នុងម្នាក់ៗ យកមកលាងសំអាត កន្លែងដែលខ្លួន បន្ទោរបង់«តូច»នោះចេញ។
កន្លែងដែលត្រូវលាងសំអាតនោះ គឺខឿនជញ្ជាំង នៅមុខវេទិកាបុណ្យអ៊ុំទូក ខាងមុខព្រះបរមរាជវាំង។ ការពិន័យបានតម្រូវ ឲ្យអ្នកទាំងនោះធ្វើ ដោយហេតុថាជនទាំងនោះ មិនស្តាប់ការណែនាំរបស់ប្រជាការពារ ប្រចាំនៅទីនោះ ហើយនៅតែបន្តនោម ដាក់វេទិកាអ៊ុំទូកមិនឈប់។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទំព័រហ្វេសប៊ុករបស់សាលាខណ្ឌដូនពេញ កាលពីដើមសប្ដាហ៍នេះ។
ក្រោយពីការព្រមាន ឲ្យដងទឹកពីទន្លេ មកចាក់លាងកន្លែង ដែលមានកក្លិនមិនល្អម្នាក់២០ធុងស្ពេត្រូ មកលាងនៅមុខវេទិកា បុណ្យអ៊ុំទូករួច សាលាខណ្ឌដូនពេញ បានទាំងថតរូបអ្នកទាំងនោះ ផ្សាយនៅលើទំព័រហ្វេសប៊ុក របស់ខ្លួនថែមទៀតផង ដោយសរសេរអមថា៖ «នេះជាការពិន័យមួយ ដើម្បីកុំឲ្យបងប្អូន នៅគឃ្លើនតទៅទៀត។ សូមបងប្អូនដ៏ទៃទៀត កុំយកគំរូតាមពួកគាត់។» ការអនុវត្តន៍ខាងលើ បានធ្វើឡើងនៅយប់ថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ។
ប៉ុន្តែការបង្ហោះរូបភាព និងការពិន័យនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ធ្វើការរិះគន់ថា បើសាលារាជធានីបង្កើតនូវបន្ទប់ទឹកសាធារណៈ ដែលមានលក្ខណៈបើកទូលាយ នៅទីនោះ ម្លេះក្រុមអ្នកកាន់បំពង់បង្ហូទឹកនោមទាំងនេះ មិនមកឈរនៅកណ្ដាលវាល បាញ់ដាក់ជញ្ជាំងវេទិកាបុណ្យអ៊ុំទូកដូច្នេះឡើយ៕