«ជិះ​រថយន្ដ​ក្រុង​មិន​​អស់​ប្រាក់ កាត់​បន្ថយ​ការ​កក​ស្ទះ» ដូច​មិន​សូវ​ជឿ!

សេចក្ដីប្រកាសរបស់លោក ហ៊ុន សែន ដែលបានថ្លែងថា កូនសិស្ស និស្សិត ជនពិការ និងព្រះសង្ឃ នឹងជិះរថយន្ត​ក្រុងសាធារណៈ ដោយមិនគិតថ្លៃសេវានោះ អាចនឹងផ្ដល់ការលើកទឹកចិត្ត ឲ្យមនុស្សកាន់តែច្រើនឡើង ងាកទៅ​ប្រើ​ប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈវិញ។ ការថ្លែងនេះ ត្រូវបានធ្វើក្នុងន័យផ្ដល់ក្ដីសង្ឃឹមដែរថា នឹងអាចកាត់​បន្ថយការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញបានមួយកម្រិត។ តែសម្រាប់ពលរដ្ឋ និងអ្នកជំនាញមួយចំនួន បាន​យល់ផ្សេង​ពីលោក ហ៊ុន សែន ទៅវិញ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០១ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដីប្រកាសរបស់លោក ហ៊ុន សែន ដែលបានថ្លែងថា កូនសិស្ស និស្សិត ជនពិការ និងព្រះសង្ឃ នឹងជិះរថយន្ត​ក្រុងសាធារណៈ ដោយមិនគិតថ្លៃសេវានោះ អាចនឹងផ្ដល់ការលើកទឹកចិត្ត ឲ្យមនុស្សកាន់តែច្រើនឡើង ងាកទៅ​ប្រើ​ប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈវិញ។ ការថ្លែងនេះ ត្រូវបានធ្វើក្នុងន័យផ្ដល់ក្ដីសង្ឃឹមដែរថា នឹងអាចកាត់​បន្ថយការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញបានមួយកម្រិត។ តែសម្រាប់ពលរដ្ឋ និងអ្នកជំនាញមួយចំនួន បាន​យល់ផ្សេង​ពីលោក ហ៊ុន សែន ទៅវិញ។


សេវារថយន្ដក្រុង ដែលបានដាក់ឲ្យប្រើប្រាស់ពេញមួយខែ នៅរាជធានីភ្នំពេញ។ (រូបថត AP)

ចរាចរណ៍ - បញ្ហាដែលសំខាន់បំផុត សួរថា តើការជំរុញ និងការផ្ដល់ទឹកចិត្ត ដើម្បីឲ្យពលរដ្ឋងាកមកប្រើប្រាស់ មធ្យោបាយដឹកជញ្ជូនសាធារណៈនេះវិញ នឹងមានប្រសិទ្ធិភាពដល់កម្រិតណា បើសេវាកម្មនេះ នៅមានចំនួនតិច ហើយពលរដ្ឋនៅតែមានជំនក់ចិត្ត ក្នុងការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដដែលនោះ?

ក្នុងឱកាសបើកសម្ភោធ ដាក់ឲ្យប្រើប្រាស់ស្ពានអាកាសស្ទឹងមានជ័យ កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ «ជនពិការ កូនសិស្ស និស្សិត និងព្រះសង្ឃ ជិះ​រថយន្តក្រុងមិនអស់លុយ ដើម្បីកាត់បន្ថយនូវចំនួនរថយន្ត និងម៉ូតូ ដែលកូនសិស្សយកមកជិះទៅសាលា ឬក៏ឪពុក​ម្តាយ​ជូនមក និងមានសុវត្ថិភាព»។

ចរាចរណ៍បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានការកកស្ទះខ្លាំង ដោយសារមានកំណើន ការប្រើប្រាស់ រថយន្តច្រើន​ហួស​ពីតម្រូវការ។ នៅក្នុងក្រុមគ្រួសារ ដែលមានធនធាន ឫទ្រព្យសម្បត្តិច្រើន មធ្យោបាយធ្វើដំណើរ អាចមានចំនួនច្រើន ឬយ៉ាងហោចណាស់ ក៏មានពីរគ្រឿងក្នុងមួយគ្រួសារៗដែរ។ ទាំងនេះ ជាបញ្ហាមួយ ក្នុងចំណោមជាច្រើន ដែលធ្វើ​ឲ្យ​រាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ និងមានគ្រោះថ្នាក់ចរាចរណ៍ជារៀង រាល់ថ្ងៃ។

យ៉ាងណាក៏ដោយ ក៏ការប្រកាសរបស់លោក ហ៊ុន សែន ត្រូវបានចាត់ទុកជាតំណឹងល្អមួយ សម្រាប់សិស្ស និស្សិត ជនពិការ និង​ព្រះសង្ឃ ដែលមានប្រាក់ចំណូលទាប និងមួយចំនួនគ្មានមធ្យោបាយផ្ទាល់ខ្លួន ដើម្បីអាចធ្វើការ​បន្លាស់​ទីបាន ដោយ​មិនចាំបាច់បង់ប្រាក់។ តែប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល នៅតែបង្កភាពមន្ទិលនៅឡើយ ​សម្រាប់​ប្រសិទ្ធិភាព​នៅ​ក្នុងការអនុវត្តន៍ ដោយសារតែកន្លងមក បើសូម្បីតែការផ្ញើរកង់ម៉ូតូជាទូទៅ អ្នកទទួលសេវាកម្មនេះ មិន​ដែលគោរព​នូវ​អ្វីដែល​បានសរសេរ នៅលើប័ណ្ណផ្ញើរកង់ម៉ូតូនោះផង។ នៅលើក្រដាសសំបុត្រឆ្លងដរ ឬសាឡាង​នានា មាន​កំណត់​តម្លៃ តែត្រឹម៥០០រៀលប៉ុណ្ណោះ តែគេត្រូវបង់ថ្លៃ២០០០រៀល ឬលើសនេះ ដើម្បីអាចឆ្លងដរ ឬទន្លេ​នោះ​បាន។

លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ប្រសិនបើថ្ងៃក្រោយ ក្រុមហ៊ុនមានការកែប្រែ ដោយមើលឃើញមាន ចំនួនអ្នកជិះរថយន្តក្រុង សាធារណៈ ច្រើន ហើយបែ​ជាយកថ្លៃពីជន​ទាំងនោះ វាអាចធ្វើឲ្យពួកគេមាន ការខកចិត្ត ឫមិនសប្បាយចិត្ត។ លោកបានបន្តទៀតថា ប្រសិនបើមានកិច្ច​ព្រម​ព្រៀងរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ដែលទទួលបំរើសេវាកម្មនេះច្បាស់លាស់នោះ អាចធ្វើបានដូចដែលលោក ហ៊ុន សែន បានលើកឡើង។

រីឯ កញ្ញា ហង្ស ស្រីរ័ត្ន ជានិសិ្សតពិការម្នាក់ រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានថ្លែងសម្ដែងការមិនជឿជាក់​ដែរថា៖ «ខ្ញុំមិនជឿជាក់ ១០០ភាគរយ ដូចអ្វីដែលគាត់បានលើកឡើងនៅឡើយទេ លុះត្រាមានច្បាប់ចេញ ពីក្រសួង​ណាមួយ ឫមានការបិទប្រកាសជាសាធារណៈ នៅតាមសាលា»។

មួយវិញទៀត ចំពោះការកកស្ទះចរាចរណ៍ ក៏មិនអាចដោះស្រាយអ្វីឲ្យបានច្រើន ដោយសារការជិះរថយន្ដ​ក្រុងនេះ​ដែរ។ ក្រុមអ្នកជំនាញផ្នែកចរាចរណ៍ជើងគោក បានលើកឡើងពីហេតុផលធំៗមួយចំនួន ជុំវិញការកកស្ទះនេះ ជា​ពិសេសថា បណ្ដាលមកពីផ្លូវតូចចង្អៀត បើប្រៀបធៀបនឹងចំនួនប្រជាជនកើនឡើងក្នុងរាជធានី និងការមិនគោរព​ច្បាប់ចរាចរណ៍ របស់អ្នកប្រើប្រាស់ទ្រូងផ្លូវនោះជាដើម។

សូមអានអត្ថបទ «មូលហេតុ​ទាំង​៨ នៃ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ» ដោយចុចនៅលើទីនេះ

តែផ្ទុយទៅវិញ អ្នកជំនាញមួយរូប ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែង​អះអាងថា បើប្រទេសកម្ពុជា មិនមាននយោបាយច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះជាមុន ជា​ពិសេស​មិនបានបង្កើតច្បាប់ពិសេស សម្រាប់ផ្ដល់អាទិភាពទៅឲ្យរថយន្ដ​ក្រុង​ រត់លើទ្រូងផ្លូវមួយ​ដោយ​ឡែកទេនោះ ទាំង​រថយន្ដក្រុង ទាំងអ្នកជិះក្នុងរថយន្ដនេះ នឹងប្រែជាមានគ្រោះ ដោយសារការជាប់ស្ទះចរាចរណ៍រាប់​ម៉ោង ដូច​រាល់​ថ្ងៃ​នេះជាពុំខាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...