១៦២គ្រឹះស្ថាន​ទទួល​ប័ណ្ណ​សរសើរ ព្រោះ​ការ​ទប់​ស្កាត់​អេដស៍ នៅ​កន្លែង​ធ្វើការ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា បានសម្រេចប្រគល់ប័ណ្ណសរសេើរ ទៅឲ្យសហគ្រាស និងគ្រឹះស្ថាន​ចំនួន​១៦២ នៅ​កម្ពុជា ស្តីពី​ការ​ទប់​ស្កាត់ ការ​រីករាល​ដាល​នៃ​ជំងឺអេដស៍ ក្នុងកន្លែងធ្វើការ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២ វិច្ឆកា ២០១៥
  • កែប្រែចុងក្រោយ: November 05, 2015
  • ប្រធានបទ: អេដស៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រឹះស្ថាន និងសហគ្រាសនៅកម្ពុជា ចំនួន១៦២ នឹងទទួលបាននូវប័ណ្ណសសើរ ពីក្រសួងការងារ និង​បណ្ដុះ​បណ្ដាលយុវជន ក្នុងកិច្ចខិតខំប្រឹងប្រែង ប្រយុត្តិប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និង​ជំងឺអេដស៍ នៅកន្លែងធ្វើការងារ ប្រចាំឆ្នាំ២០១៥។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលយុវជន លោក អ៊ិត សំហេង បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ក្នុងចំណោមសហគ្រាស និងគ្រឹស្ថានចំនួនជាង៥០០០ លោក​សម្រេច​ចម្រាញ់ បានត្រឹមតែ១៦២ ប៉ុណ្ណោះ ដែលមានស្នាដៃឆ្នើមបំផុត។ លោកថាសហគ្រាសទាំងនោះ បាន​ធ្វើការ​អប់រំដល់បុគ្គលិក និងស្ថាបនិករបស់ខ្លួនទាំងអស់នូវការ ជម្រុញឲ្យមានការផ្សព្វផ្សាយ ពីផល​វិបាក​នៃ​ការរីករាលដាល នៃមេរោគ និងជំងឺអេដស៍ ដោយទទួលយកនូវការទប់ស្កាត់ ប្រសើរជាងការប្រើ​ថ្មាំ​ពន្យា។

លោក សុខហេង បានថ្លែងឲ្យដឹងថា៖ «មិនទាន់មានវេជ្ជសាស្រ្តណា អាចឮព្យាបាលបានទេ ក្រៅពីពន្យា (មេរោគ និងជំងឺអេដស៍)។ កុំជ្រើសរើសយកការពន្យា ត្រូវជ្រើសរើសយកការបង្ការ និងទប់ស្កាត់។ (...) អប់រំ​ឲ្យមានការប្រើប្រាស់ ស្រោមអនាម័យ... គ្មានការរើសអើង ចំពោះអ្នកកើត ឬអ្នកផ្ទុកមេរោគអេដស៍​នៅកន្លែង​ធ្វើការ។»

សូមស្តាប់ និងទស្សនាកិច្ចសម្ភាសដូចខាងក្រោម៖


ដោយឡែក អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ទា ផល្លា វិញ បានថ្លែង​ដោយមោទនភាពថា ការចម្លងមេរោគដ៏ប្រល័យនេះ បានថយចុះយ៉ាងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ហើយនេះ ដោយសារសហគ្រាសមួយចំនួន បានធ្វើការយកចិត្តទុកដាក់ ចំពោះសុខភាពបុគ្គលិកខ្លួន ក៏ដូច​ជាបានគោរព នូវប្រកាសរបស់ក្រសួង ពាក់ព័ន្ថនឹងការលើកកំពស់ ផ្នែកសុខភាព និងអនាម័យបុគ្គលិក ជាមួយ​នឹងបរិដ្ឋាននៃកន្លែងធ្វើការ។

លោក ទា ផល្លា បានថ្លែងឲ្យដឹងថា៖ «គ្មាននណាម្នាក់ មិនទទួលបានសេវាថែទាំឡើយ។ (...) តាមការពិនិត្យ​សុខភាព និងការវិនិច្ឆ័យផ្នែកវេជ្ជសាស្រ្ត កាលពីមុន មួយឆ្នាំ (បុគ្គលិក) ឆ្លង (មេរោគនិងជំងឺអេដស៍) ៦៨​នាក់។ តែឥឡូវមិនឆ្លង៦៨នាក់ទេ គឺមានតែពីរនាក់ប៉ុណ្ណោះ តែរកឲ្យឃើញរកឲ្យអស់។ រកឲ្យអស់ហើយ ធានា​អាយុជីវិតគាត់ហ្នឹង ឲ្យល្អប្រសើរទៀត។»

សូមស្តាប់ និងទស្សនាកិច្ចសម្ភាសដូចខាងក្រោម៖


តាមសេចក្តីសម្រេច​របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលយុវជន ចុះថ្ងៃទី២៦ ខែតុលា ដែលមាន​ហត្ថលេខា របស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ត្រង់ប្រការមួយ បានសរសេរថា៖ «ត្រូវបានផ្តល់ប័ណ្ណសរសើរ ជូន​សហគ្រាស ទ្រឹះស្ថានចំនួន១៦២ គ្រឹះស្ថាន ដែលមានស្នាដៃល្អ ក្នុងការទបស់ស្កាត់ ការរាលដាលមេរោគ​អេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ សម្រាប់ឆ្នាំ២០១៥។»

សេចក្តីសម្រេចដដែលនេះ ក៏បានបង្ហាញថា សហគ្រាសដែលបានទទួល«ប័ណ្ណសរសើរ»នេះ រួមមាន ធនាគារ​អេស៊ីលីដា ទាំងការិយាល័យកណ្តាល និងសាខាតាមបណ្តាខេត្ត-ក្រុងទាំង២៥ មានចំនួន៤៥ (គ្រឹះស្ថាន), ហត្ថាកសិករ លីមីតធីត មានចំនួន៥(ប្រាំ)សាខាខេត្ត, ស្ថាបនា លីមីតធីត, ក្រុមហ៊ុនចំនួន ៩១ក្រុមហ៊ុន, សហព័ន្ធដែលធ្វើការពាក់ព័ន្ធ នឹងកម្មករនិយោជិតចំនួនពីរ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ផ្សារទំនើបរតនាផ្លាហ្សា, សបភីងសេនធើសុវណ្ណា និងសុរិយា, រោងចក្រ ស៊េង យ៉ុង ហ្គាមែនហ្វាត់តូរី, ភោជនីយដ្ឋានចំនួន៥, មជ្ឈមណ្ឌលកំសាន្ត ខារាអូខេ និងម៉ាស្សាចំនួន៦ និងសណ្ឋាគារចំនួន២ នៅ​រាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...