បារាំង៖ ចាប់​ពង្រត់​កុមារី​អាយុ​៩ឆ្នាំ យក​ទៅ​រំលោភ​រួច​សម្លាប់

ការតក់ស្លុត លាយឡំនឹងការក្ដៅក្រហាយ បានបញ្ឆេះបណ្ដាអ្នកមានសមានចិត្ត នៅក្រោយពេល ដែលពួកគេបានដឹង ពីហេតុការណ៍ ទាក់ទងនឹងការចាប់ពង្រត់ ក្មេងស្រីអាយុ៩ឆ្នាំ យកទៅរំលោភ រួចសម្លាប់ នៅក្រុង កាឡេ (Calais) ភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃពុធទី១៥ ខែមេសានេះ។
Loading...
  • ដោយ: ដ. កែវ ដោយ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 17, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាងតូច ក្លូអេ (Chloé) អាយុ៩ឆ្នាំ ត្រូវបានចាប់ពង្រត់ នៅរសៀលថ្ងៃពុធ ទី១៥ ខែមេសានេះ ក្នុងក្រុងកាឡេ ក្នុង​ពេល​ដែលនាង កំពុងលេងជាមួយ មិត្តភ័ក្ររបស់នាងម្នាក់ទៀត នៅខាងក្រៅផ្ទះ។ នៅពីរម៉ោងក្រោយមក គេបានរកឃើញ សាកសពរបស់នាង គ្មានសម្លៀកបំពាក់ នៅក្បែរព្រៃជាប់នឹងក្រុង និងនៅក្បែរជាមួយនឹងរថយន្ដតូចពណ៌ក្រហម ពាក់​ស្លាក​លេខ មកពីប្រទេសប៉ូឡូញ។

រដ្ឋអាជ្ញាបារាំង លោក ហ្សង់ ព្យែរ វ៉ាឡង់ស៊ី (Jean-Pierre Valensi) បានថ្លែង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ថា ជនសង្ស័យដែល​ត្រូវបានចាប់ខ្លួន ក្នុងពេលបន្ដិចក្រោយមក និងត្រូវបានសាកសួរ ដោយក្រុមអ្នកស៊ើបអង្កេត នៅក្នុងរាត្រីថ្ងៃពុធដដែល ជាជនជាតិប៉ូឡូញ អាយុ៣៨ឆ្នាំ។ ជននេះបានសារភាពភ្លាម ពីការជាប់ទាក់ទង នឹងមរណភាពរបស់កុមារី។ ប្រភព​មួយ​ទៀត ដែលស្ថិតនៅសំនុំរឿង ក៏បានអះអាងដែរថា៖ «ជននេះបានទទួលស្គាល់ ពីការរំលោភ និងការធ្វើឃាត»។

ឧក្រិដ្ឋជនស្គាល់មុខ

រឿងដែលកាន់តែរន្ធត់ទៀតនោះ គឺជននេះ ធ្លាប់ត្រូវបានផ្តន្ទាទោស ដល់ទៅពីរដង ក្នុងប្រទេសបារាំង៖ នៅឆ្នាំ២០០៤ ជាប់ពន្ធនាគារ ៤ឆ្នាំ និងនៅឆ្នាំ២០១០ ជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទគម្រាមដោយប្រើហិង្សា ចោរកម្ម និងការបង្ខាំង​មនុស្ស​ខុសច្បាប់។ បុរសដែលអត្តសញ្ញាណ នៅមិនទាន់ឲ្យស្គាល់នេះ ត្រូវបានអាជ្ញាធរបារាំងបញ្ជូន ទៅឲ្យអាជ្ញាធរប៉ូឡូញ រួច​ជាស្ថាពរហើយ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីប្រទេសប៉ូឡូញ បានចេញដីការ ឲ្យចាប់ខ្លួនជននេះ ពេញ​ទ្វីប​អ៊ឺរ៉ុប ពីបទលួចគាស់ផ្ទះ ក្នុងឆ្នាំ២០០០ នៅរដ្ឋធានី វ៉ាសូវី (Varsovie)។

រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណា កាស្នូវ (Bernard Cazeneuve) បានថ្លែងថា៖ «ជននេះ ត្រូវបានដាក់ ក្នុងបញ្ជី​ហាម​ឃាត់ មិនឲ្យជាន់ទឹកដីបារាំង។ (...) នៅពេលជននេះចេញពីពន្ធនាគារ ជននេះក៏ត្រូវបានបណ្ដេញ ចេញពីទឹកដីបារាំង ឆ្ពោះទៅកាន់ប្រទេសកំណើតវិញដែរ។»

ការតក់ស្លុត ភាពក្រៀមក្រំ លាយឡំនឹងការក្ដៅក្រហាយ បានអង្រួនរដ្ឋាភិបាលបារាំង ឲ្យចេញមកចាត់វិធានការ ដើម្បី​រកឲ្យឃើញ នូវពន្លឺយុត្តិធម៌។ ទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃបារាំង សុទ្ធតែបានអះអាងថា ត្រូវរកឃើញថា តើ​ជន​នេះ អាចចូលមកក្នុង ប្រទេសបារាំងវិញ ដោយវិធីណា។

ស្រោចទឹក...

បើតាមលោករដ្ឋអាជ្ញាដដែល បានបញ្ជាក់ថា ជននេះចូលមកក្នុងទឹកដីបារាំង ដោយគ្មានលិខិតឆ្លងដែន កាលពីព្រឹក​ថ្ងៃ​ពុធ ដើម្បីឆ្លងសមុទ្រ ទៅលេងបងស្រីខ្លួន នៅចក្រភពអង់គ្លេស។ ប៉ុន្តែដំណើរឆ្លងកាត់ក្រុងកាឡេ បានធ្វើឲ្យជននេះ ជួប​ជាមួយនឹងកុមារី ក្លូអេ។ ដំបូងឡើយ ជននេះចង់ឈប់សម្រាក ផឹកស្រាបៀបន្តិច ហើយបានចតរថយន្ដរបស់ខ្លួន នៅនឹង​ផ្លូវ​ដែល នាងតូច ក្លូអេ កំពុងលេង។

លោករដ្ឋអាជ្ញា បានអះអាងទៀតថា ក្មេងស្រីបានរត់មកជិតបុរសនេះ ហើយបានប្រើកាំភ្លើងបាញ់ទឹក បាញ់ស្រោច​ទៅ​លើ។ ភ្លាមនោះ បុរសអាយុជិត៤០ឆ្នាំរូបនេះ បានចាប់នាងតូច ហើយញាត់ចូល ក្នុងផ្នែកខាងក្រោយ នៃរថយន្ដខ្លួន មុន​នឹងបើកបរចេញទៅ។ ប្រភពស្និតនឹងសំនុំរឿង បានបង្ហើបបន្តសាច់រឿងថា ជនសង្ស័យ ទំនងជាបានយកនាងតូច ទៅ​ចាប់​រំលោភ រួចសម្លាប់ នៅក្នុងព្រៃមួយក្បែរនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...