ក្រឡាបញ្ជីម្នាក់ទៀតមានខ្លួន បន្ទាប់ពីឃុំខ្លួន ពេជ្រ ព្រហ្មមុន្នី?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 20, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រឡាបញ្ជីមួយរូប ដែលមានប្អូនជាមេធាវីការពារក្ដី ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ កំពុងរត់ឆ្លេឆ្លា រកអ្នកនេះឬអ្នកនោះឲ្យជួយខ្លួន បន្ទាប់ពីឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ននោះ។ នេះជាការសរសេរបញ្ជាក់ របស់មន្ត្រីក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
លោក ផែង វណ្ណៈ ដែលជាមន្ត្រីស្និត នឹងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពពីមន្ត្រីតុលាការរាជធានី មកសរសេរបន្តទៀតថា មេធាវីការពារក្ដីរូបនោះ ជាមួយនឹងលោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាអ្នកទៅធនាគារមួយ ដើម្បីទទួលលុយថ្លៃសេវ៉ារត់ការ។ លោកបានសរសេរថា៖ «គេសង្កេតឃើញ លោកក្រឡាបញ្ជីរូបនោះ ទៅជួបនាយអាវុធហត្ថជាន់ខ្ពស់ម្នាក់។ ប៉ុន្តែគេមិនដឹងថា តើលោកក្រឡាបញ្ជីរូបនោះ មានកិច្ចការអ្វីនោះទេ។»
លោក ផែង វណ្ណៈ ក៏មិនបានបង្ហើបឲ្យដឹង ពីឈ្មោះរបស់ក្រឡាបញ្ជីនោះដែរ ដោយគ្រាន់តែសរសេរបញ្ជាក់ថា គេកំពុងរង់ចាំមើល លោកក្រឡាបញ្ជីរូបនោះ តើគាត់មានអ្វីក្នុងរឿងក្ដីនេះ?
តាមការអះអាងរបស់លោក ផែង វណ្ណៈ ភាពភ័យខ្លាចរបស់ក្រឡាបញ្ជីរូបនេះ បន្ទាប់ពី លោក ពេជ្រ ព្រហ្មមុន្នី ឧត្តមសេនីយ៍ផ្កាយ១ នៃក្រសួងការពារជាតិ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលម៉ិញនេះ ក្នុងទឹកដីខេត្តតាកែវ នៃតំបន់ភ្នំជីសូរ។
ប្អូនប្រុសនៃក្រឡាបញ្ជីខាងលើ ដែលត្រូវជាមេធាវីការពារក្ដី ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ នោះ ក៏គេមិនអាចដឹងថា ជានរណាម្នាក់ ក្នុងចំណោមមេធាវីទាំងបួនរូបនោះដែរ។ តែគេបានស្គាល់ឈ្មោះ លោកមេធាវីទាំងបួនរូប រួមមានលោកមេធាវី ម៉ន កែវស៊ីវិន - លោកមេធាវី ថុង អ៊ីវហេង - លោកមេធាវី ស៊ី សត្យា និងលោកមេធាវី គា អ៊ាវ ។
មេធាវីទាំងបួនរូប នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទំនាក់ទំនង ដើម្បីបញ្ជាក់ពីការចោទប្រកាន់ខាងលើ បាននៅឡើយទេ។ ទស្សនាវដ្តីនឹងព្យាយាម ដើម្បីស្វែងរកប្រតិកម្ម នៅក្នុងអត្ថបទលើកក្រោយ៕