ណៃ វ៉ង់ដា៖ ការចាប់ខ្លួនសព្វថ្ងៃនៅកម្ពុជា ជារឿង«ធម្មតា» (vdo)
មនុស្សមានសិទ្ធិធ្វើអ្វីមួយដែលខ្លួនចង់ធ្វើ តែត្រូវស្ថិតនៅក្រោមច្បាប់របស់ប្រទេស។ តើការធ្វើបាតុកម្មតវ៉ាបញ្ចេញមតិ ជារឿងដែលខុសច្បាប់ដែលឬទេ ទើបបណ្តាលអោយមានការចាប់ខ្លួន?
លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក។ (រូបថត MONOROOM.info/ O.vary)
សិទ្ធិមនុស្ស - រយៈកាលចុងក្រោយនេះ សកម្មជនអ្នកតវ៉ា ជារឿយៗត្រូវបានចាប់ខ្លួន មានអ្នកខ្លះចាប់ហើយ តែរកទោសកំហុសដាក់បន្ទុកមិនបាន ក៏ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ និងមួយចំនួនទៀតដូចជាករណី លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងជនជាប់សង្ស័យទាំង២២នាក់ទៀត ក៏មិនត្រូវបានដោះលែងអោយមានសេរីភាពនោះទេ ដែលមតិទូទៅគេយល់ថាមនុស្សទាំង២៣នាក់ ដែលជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងនោះ មិនមានទោសកំហុសអ្វីនោះទេ។
ពាក់ព័ន្ធបញ្ហានេះ លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានហៅការចាប់ខ្លួននេះថាជារឿងធម្មតា របស់ប្រទេសកម្ពុជា ។ លោកនិយាយទាំងហូសចិត្តចំពោះចំណាត់ ការកន្លងមករបស់អាជ្ញាធរកម្ពុជា ក្នុងការចាប់ខ្លួនដោយសេរីទៅលើក្រុមអ្នកតវ៉ាថា «បើពួកគាត់ចង់ចាប់ខ្លួនប៉ុន្មានក៏ចាប់ទៅ ព្រោះអីឥលូវនេះវាគ្មានបញ្ហានេះអីទេ ព្រោះវារឿងសាមញ្ញទៅហើយ។ យើងជាប្រទេសប្រជាធិបតេយ្យ និតិរដ្ឋប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ហើយបើមានសកម្មភាពអញ្ចឹងកើតឡើង តើយើងហៅថាយ៉ាងម៉េចវិញ។»
ចំពោះករណីនៃការចាប់ខ្លួនទាំងសង្គមស៊ីវិល ទាំងសហជីពកម្មករ អ្នកតវ៉ាករណីដីធ្លី និងកម្មករ ត្រូវបានប្រជាពលរដ្ឋ សង្គមស៊ីវិល និងអ្នកឃ្លាំងមើលស្ថានការណ៍សង្គម យល់ថា ជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ ទាក់ទិននឹងបញ្ហានេះដែរ សកម្មជនការពារសិទ្ធិមនុស្ស រូបនេះ បានអោយដឹងថា «ការរិតត្បិតបែបនេះវាមិនល្អសំរាប់រដ្ឋាភិបាលកម្ពុជាទេ ដែលសរបញ្ជាក់អោយឃើញថា កម្ពុជាបច្ចុប្បន្នកំពុងតែខុសកន្លងប្រជាធិបតេយ្យ»។
មន្ត្រីខាងសិទ្ធិមនុស្ស ក៏ធ្វើការសំណូមពរ និងអំពាវនាវអោយរដ្ឋាភិបាល អោយងាកត្រលប់មកគិតសារឡើងវិញ ពីការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ និងគោរពសិទ្ធិមនុស្ស ព្រោះវាមិនទាន់ហួសពេលទេ ។ «ខ្ញុំបញ្ជាក់ថាពាក្យស្លោកដែលអ្នកដឹកនាំគួចងចាំគឺ បើមិនមានសន្តិភាព គឺគ្មានការអភិវឌ្ឍន៍ បើគ្មានការគោរពសិទ្ធិមនុស្ស និតិរដ្ឋប្រជាធិបតេយ្យទេ ក៏គ្មានការអភិវឌ្ឍន៍ដែរ» នេះជាពាក្យស្លោក ដែលលោកបានផ្ញើដាស់តឿនដល់អ្នកដឹកនាំ។
កម្ពុជាជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដែលពិភពលោកគេទទួលស្គាល់ ហើយមេដឹកនាំកម្ពុជាត្រូវរក្សារូបភាពល្អៗ ដើម្បីចេញទៅជួបប្រជុំឬជជែកជាមួយមេដឹកនាំដទៃទៀត។ តែសម្រាប់លោកអនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់ របស់សមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះវិញ លោកមិនមានសុទ្ទិដ្ឋិនិយមនៅចំពោះការចាប់ចង់សព្វថ្ងៃនេះទេ។ លោកបានចោតជាសំណួរវិញថា «តើមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិនិងទៅជាយ៉ាងម៉េច តើយកមុខអីទៅប្រជុំជាមួយគេ នៅពេលគេសួរថាតើកម្ពុជាកាន់របបអី»?
ក្នុងករណីនេះការចាប់ខ្លួនដោយសេរីនេះ លោក ចាន់ សូវ៉េត ធ្លាប់បានបញ្ជាក់អោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «ប្រសិនបើការចាប់ខ្លួនទៅលើអ្នកសម្តែងមតិតវ៉ា ដើម្បីរកដំណោះស្រាយផ្សេងៗ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ហើយ នៅក្នុងប្រទេស និងមួយវិញទៀតវាធ្វើអោយប៉ះពាល់ ដល់ការអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការសម្តែងមតិ និងសេរីភាពតវ៉ា»៕
សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងរបស់ទស្សនាវដ្ដី ជាមួយលោក ណៃ វ៉ង់ដា ដូចតទៅ៖
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៤