ធ្វើអាហារពីសាច់ឆ្កែរបស់ស្ត្រីជាគូរស្នេហ៍ខ្លួន រួចយកទៅឲ្យនាងទទួលទាន!
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 14, 2014
- ប្រធានបទ: ហួសនឹងថ្លែង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាបទល្មើសដ៏ប្លែកមួយទៀត ដែលបានកើតឡើង នៅលើលោកយើងនេះ។ លោក រ៉ៃអាន វ័ធើផូល (Ryan Watenpaugh) អ្នករស់នៅក្នុងរដ្ឋកាលីហ្វ័នី អាយុ៣៤ឆ្នាំ ដែលពោរពេញទៅដោយទេពកោសល្យ ខាងចំអិនអាហារនោះ មិនបានយកភាពប៉ិនប្រសព្វនេះ មកបម្រើផ្គាប់ផ្គុនស្ត្រីជាគូរស្នេហ៍ រស់នៅក្នុងផ្ទះជាមួយគ្នាទេ។ តែបានបង្កើតស្នាដៃដ៏ពិសេសមួយ ដោយយកសាច់សត្វឆ្កែ ដែលចិញ្ចឹមស្រឡាញ់ដោយស្ត្រីគូរស្នេហ៍ យកមកធ្វើជាអាហារពេលល្ងាច ឲ្យនាងទទួលទានទៅវិញ។
បុរសនេះ ត្រូវបានឃាត់ខ្លួន នៅថ្ងៃព្រហស្បត្តិ៍ ដោយនគរបាលក្រុង រ៉េដឌីញ (Redding) បន្ទាប់ពីស្ត្រីជាគូរស្នេហ៍បានដាក់ពាក្យបណ្ដឹង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់កងកម្លាំងនគរបាល បានសរសេរឲ្យដឹងថា ស្ត្រីវ័យក្មេងដែលរស់នៅ ជាគូកំណាន់ល្អូកល្អើន ជាច្រើនឆ្នាំមកហើយ បានអះអាងពីភាពរងគ្រោះ ដោយការទះតប់មិនឈប់ឈរ ពីជនសង្ស័យ រ៉ៃអាន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នាងបញ្ជាក់ថា នាងបានសាកល្បងរត់ចេញពីផ្ទះនោះពីរដង តែតែងត្រូវបាន រ៉ៃអាន ចាប់ឲ្យត្រឡប់មកវិញ។
តែអ្វីដែលបានកើតឡើងយ៉ាងហួសហេតុនោះ គឺនៅថ្ងៃទី៤ ខែសីហាកន្លងទៅ បន្ទាប់ពីនាងបានខកខាន ក្នុងការរត់គេចខ្លួនពីជម្លោះដ៏ខ្លាំងក្លាជាមួយ រ៉ៃអាន នោះមក នៅពេលត្រឡប់មកផ្ទះវិញ ស្រាប់តែនាងមិនបានឃើញ ឆ្កែជាទីស្រឡាញ់របស់នាង បង្ហាញវត្តមានដូចរាល់ដង នៅចំពោះមុខនាងទៀតទេ។ ហើយនាងក៏មិនបានគិតដល់ថា តើវាមានរឿងអ្វី ដែលបានកើតឡើង ចំពោះឆ្កែដែលមានឈ្មោះថា «ខ្លាឃ្មុំ» របស់នាងនេះដែរ។
មួយខែក្រោយមក គូរស្នេហ៍គូរកម្មទាំងពីរនាក់ បានត្រូវរ៉ូវគ្នាវិញ ហើយ រ៉ៃអាន សម្រេចចិត្តធ្វើអាហារពេលល្ងាច ឲ្យស្ត្រីដែលខ្លួនស្រឡាញ់ទទួលទាន។ តែនៅថ្ងៃអាទិត្យទី៩ ខែកញ្ញាកន្លងទៅនេះ រ៉ៃអាន បានផ្ញើរសារតាមទូរស័ព្ទដៃ យ៉ាងចម្លែកជាច្រើនមកគូរស្នេហ៍របស់ខ្លួន ដោយសួរពីដំណឹងរបស់ឆ្កែនាង តែបាននិយាយប្រៀបធៀបរឿងនេះ ទៅនឹងអាហារពេលល្ងាច ដែលបុរសម្នាក់នេះបានចំអិន។
ឲ្យសង្ស័យប៉ុណ្ណេះហើយ រ៉ៃអាន នៅមិនទាន់អស់ចិត្តនៅឡើយ ព្រោះនៅពីរថ្ងៃក្រោយមក បុរសរូបនេះបានយកស្បោងមួយ មកដាក់ពីមុខទ្វាបន្ទប់សង្សារបស់ខ្លួនទៀត។ នៅក្នុងស្បោងនោះ មានជើងមួយគូររបស់ «ខ្លាឃ្មុំ» ឆ្កែដែលនាងកំពុងដើរស្វែងរក។ ហួសនឹងថ្លែង ស្ត្រីវ័យក្មេងមិនអាចអត់ទ្រាំតទៅទៀតបាន ក៏សម្រេចចិត្តប្ដឹងទៅអាជ្ញាធរនៅពេលនោះ រហូតឈានទៅដល់ការឃាត់ខ្លួនបុរស មេចុងភៅដ៏ចំណានម្នាក់នេះ។ នៅពេលសួរចម្លើយ បុរសបានទទួលស្គាល់ថា ខ្លួនពិតជាបានផ្ញើរសារទៅឲ្យនារីគូរកម្មរបស់ខ្លួន ហើយបានដាក់ជើងឆ្កែទាំងគូរ នៅមុខទ្វានោះមែន។ តែបដិសេធមិនបានធ្វើម្ហូបពីសាច់ឆ្កែ ឲ្យស្ត្រីដែលខ្លួនស្រឡាញ់នោះបរិភោគឡើយ។ ការបដិសេធ ដែលមិនសូវធ្វើឲ្យនគរបាលជឿប៉ុន្មានទេ ...លុះត្រាតែនគរបាលអាចរកឃើញ សាកសពរបស់ ឆ្កែ«ខ្លាឃ្មុំ»នោះសិន ...៕