ម៉ាឡេស៊ី​អ៊ែរឡាញ ជួប​គ្រោះ​ទៀត៖ យន្ដហោះ ត្រឡប់​ក្រោយ

ម៉ាឡេស៊ីអ៊ែរឡាញ ក្រុមហ៊ុនអាកាសចរណ៍ ដែលបានជួប នឹងគ្រោះថ្នាក់យន្ដហោះពីរដងផ្ទួនៗ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បានជួបនឹងគ្រោះឧប្បត្តិហេតុមួយទៀត នៅថ្ងៃអាទិត្យម្សិលម៉ិញ ដោយ​យន្ដហោះ​ដែល​ភ្ជាប់​ជើងហោះហើរ ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅក្រុងហ៊ីដេរ៉ាបាដ (Hyderabad) ប្រទេសឥណ្ឌា ត្រូវ​បង្ខំ​ចិត្ត​ហោះ​ត្រឡប់​ក្រោយ​វិញ ព្រោះមានបញ្ហាផ្នែកការបញ្ជាបើកបរដោយស្វ័យប្រវត្តិ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 15, 2014
  • ប្រធានបទ: គ្រោះយន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះដែលភ្ជាប់ជើងហោះហើរលេខ MH198 បានហោះវិលត្រឡប់ក្រោយវិញ រួចបានចុះចតដូចធម្មតា កាលពីថ្ងៃអាទិត្យទី១៤ ខែកញ្ញានេះ នៅបួនម៉ោងក្រោយ បន្ទាប់ពីយន្ដហោះនេះ បានហោះចេញពី​ព្រលាន​យន្ដហោះអន្តរជាតិ នៃរដ្ឋធានីកូឡាឡំពួរ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន​អាកាស​ចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ខ្លួនឯង។

ក្រុមហ៊ុនបានបញ្ជាក់អះអាងទៀតថា «បញ្ហា»ដែលត្រូវបានដឹង នៅលើយន្ដហោះប្រភេទ ប៊ូអីង (Boeing 737-800) មិនមានផលប៉ះពាល់អ្វី ទៅនឹងសុវត្ថិភាពរបស់តួយន្ដហោះ ឬអ្នកដំណើរឡើយ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ក្នុងចំណាត់ការនៃភាពប្រុងប្រយ័ត្នខ្ពស អ្នកបើកបរបានសម្រេចចិត្ត ហោះវិលត្រឡប់មក​ក្រោយ​វិញ។ ហើយ​ជើង​ហោះហើរបានផ្ទេរ ទៅយន្ដហោះមួយទៀត ក្នុងថ្ងៃអាទិត្យដដែល។

សូមរំលឹកឡើងវិញ ថាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសម៉ាឡេស៊ីអ៊ែរឡាញ បានជួបនឹងគ្រោះ​យន្ដហោះ​ចំនួនពីរដងផ្ទួនៗ ក្នុងរយៈពេលតែត្រឹមបួនខែប៉ុណ្ណោះ។

លើកទីមួយ គឺនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ យន្ដហោះដែលភ្ជាប់ជើងហោះហើរឈ្មោះ MH370 ពី​រដ្ឋធានី​កូឡាឡំពួរ ទៅរដ្ឋធានីប៉េកាំង ប្រទេសចិន ជាមួយនឹងមនុស្សនៅលើយន្ដហោះ ២៣៩នាក់ផង បាន​ផ្លាស់​ប្ដូរ​ទិសដៅនៃការហោះហើរ បន្ទាប់ពីបានហោះឡើងបានមួយម៉ោងក្រោយមក។ យន្ដហោះត្រូវបានគេគិតថា បានធ្លាក់នៅក្នុងលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានអ្វីមក​អះអាងនៅឡើយ។

លើកទីពីរ គឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ យន្ដហោះប៊ូអីងមួយរបស់ក្រុមហ៊ុននេះ ដែលហោះ​ភ្ជាប់ពី​រាជធានី អាមស្ទែដាម ប្រទេសហូឡង់ មករដ្ឋធានី កូឡាឡំពួរនោះ បានផ្ទុះឆេះនៅលើមេឃ ហើយបាន​ធ្លាក់​នៅ​ក្នុង​តំបន់​ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ទីកន្លែងដែលកំពុងមានការប្រយុទ្ធរវាង កងទ័ពអ៊ុយក្រែន និង​ក្រុម​អ្នក​បំបែកទឺកដី និយមប្រទេសរ៉ូស្សី។ គូរប្រយុទ្ធទាំងសងខាង បានចោទគ្នារទៅវិញទៅមក ថាបាន​បាញ់​យន្ដហោះ​នេះនៅលើមេឃ ធ្វើឲ្យមនុស្ស២៩៨នាក់ នៅក្នុងយន្ដហោះស្លាប់ទាំងអស់ ក្នុងនោះ ១៩៣​នាក់ ជាជនជាតិ​ហូឡង់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...