សង្គ្រាមមហាយក្ស៖ ស៊ាមស៊ុង ប្ដឹង អិលជី ពីបទធ្វើឲ្យផលិតផលរបស់ខ្លួនខូច
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 15, 2014
- ប្រធានបទ: ជម្លោះសេដ្ឋកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស៊ាមស៊ុង បានប្រកាសកាលពីថ្ងៃអាទិត្យនេះ ថាខ្លួនបានស្នើរទៅការិយាល័យរដ្ឋអាជ្ញា នៃរដ្ឋធានី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ឲ្យបើកការស៊ើបអង្កេតមួយ ប្រឆាំងនឹងប្រធាន និងអ្នកទទួលខុសត្រូវមួយចំនួនទៀត នៃក្រុមហ៊ុនកូរ៉េខាងត្បូងមួយទៀត ពីបទបង្ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងរំខានដល់សកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន។
ស៊ាមស៊ុង បានលើកឡើងថា កាលពីដើមខែកញ្ញានេះ មានម៉ាស៊ីនបោកគក់ជាច្រើន នៅក្នុងស្តង់ដាក់គ្រឿងអេឡិកត្រូនិកចំនួនពីរ បានរងនូវការខូតខាត នៅពេលដែលម៉ាស៊ីនទាំងនេះ កំពុងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិពណ៌ដ៏ធំហៅថា IFA នៃរដ្ឋធានីប៊ែរឡាំង។ ការតាំងពិពណ៌នោះ បានប្រមូលនូវផលិតផលអេឡិកត្រូវនិក និងបច្ចេកវិទ្យាថ្មីៗជាច្រើន រួមទាំងផលិតផល ស៊ាមស៊ុង និងអ៊ិលជី ផង មកដាក់តាំងបង្ហាញ។
រូបភាពដែលថតបានដោយម៉ាស៊ីនថតសុវត្ថិភាព នៅក្នុងមណ្ឌលតាំងពិពណ៌នេះ បានបង្ហាញឲ្យឃើញ ពីក្រុមមនុស្សជាតិអាស៊ី ជាច្រើននាក់ ដែលគេបានស្គាល់នៅពេលក្រោយមក ថាជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ៊ិលជី នោះ បានចូលទៅរុករើ «ត្រជៀកទ្វា» របស់ម៉ាស៊ីនបោកគក់ស៊ាមស៊ុង។ ក្រុមហ៊ុនស៊ាមស៊ុង បាននិយាយទៀតថា ការដែលធ្វើឲ្យម៉ាស៊ីនបោកគក់ខូចខាតនោះ «ក្រុមហ៊ុនដែលជាប់សង្ស័យនេះ មិនត្រឹមតែបានបង្ខូចរូបភាព របស់យីហោ ស៊ាមស៊ុង ប៉ុណ្ណោះទេ តែក៏បានបំផ្លាញរូបភាព របស់បុគ្គលិកស៊ាមស៊ុងនោះថែមទៀត»។
តែសម្រាប់ក្រុមហ៊ុន អ៊ិលជី វិញ បានច្រានចោល នូវការចោទប្រកាន់ខាងលើទាំងស្រុង។ អ៊ិលជី បានទទួលស្គាល់ថា បុគ្គលិករបស់ខ្លួន បានចូលទៅក្នុងស្ដង់ទាំងនោះមែន តែថានោះគ្រាន់តែជា«ការសិក្សាទីផ្សារមួយ»ប៉ុណ្ណោះ និងគ្មានគោលបំណង ក្នុងការបំផ្លាញផលិតផលតាំងបង្ហាញទាំងនោះទេ។
ប៉ុន្តែ អ៊ិលជី បានវាយបកមក ស៊ាមស៊ុង វិញថា ម៉ាស៊ីនបោកគក់របស់ក្រុមហ៊ុនមួយចំនួន ទំនងជាបានបំពាក់នូវ«ត្រជៀកទ្វា» ដែលគ្មានគុណភាព ងាយនឹងបាក់ខូចខាត ជាងក្រុមហ៊ុនដទៃទៀត។
តាមពិតទៅក្រុមហ៊ុនកូរ៉េទាំងពីរ បានសង្គ្រឺតធ្មេញដាក់គ្នា តាំងពីយូរមកហើយ។ អ៊ិលជី ទោះជាខ្លួនមិនមានមាឌធំ ដូចស៊ាមស៊ុង ខាងផ្នែកសម្ភារៈបច្ចេកវិទ្យាតូចៗ ដូចជាទូរស័ព្ទដៃ កំព្យូទ័រ ឬទូរទស្សន៍ នោះក៏ដោយ តែសម្រាប់ផលិតផលអេឡិចត្រូនិកនៅក្នុងផ្ទះធំៗ ផ្សេងទៀត ក្រុមហ៊ុន អ៊ិលជី បាននាំមុខ ស៊ាមស៊ុង។ ចាំមើលទៅមើល៍ ថាតើសង្គ្រាមយុត្តិធម៌រវាង បងប្អូនគូរសត្រូវនេះ នឹងមានលទ្ធផលបែបណា៕