មុននឹងក្លាយជាតារាល្បី តើ មាស សុខសោភា បានឆ្លងកាត់អ្វីខ្លះ? (vdo)
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: September 17, 2014
- ប្រធានបទ: ជីវិតតារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មាស សុខសោភា ជាតារាចម្រៀងស្រីមួយរូប ដែលទទួលបានការគាំទ្រយ៉ាងច្រើន ពីស្រទាប់មហាជន និងទស្សនិកជនក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទាំងយុវវ័យ និងមនុសវ័យចំណាស់។ ប្រិយមិត្តជាទូទៅ បានចាត់ទុក តារាចម្រៀងសម្លេងខ្ពស់ មាស សុខ សោភា ថាជាតារាគំរូ ដោយសារតែតារាប្រជាប្រិយសម័យថ្មីរូបនេះ បានលះបង់ពេលវេលា ក្នុងការថែររក្សាធនធានធម្មជាតិ ដាំដើមឈើ និងចូលរួម ប្រឆាំការកាប់បំផ្លាញព្រៃឈើ នៅតំបន់ភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺ។ សកម្មភាពដ៏កម្រ ដែលធ្វើឲ្យតារាចម្រៀង មានប្រជាប្រិយភាពកើនឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះ ជាការរំលឹកឡើងវិញយ៉ាងសង្ខេប ពីជីវិតរបស់តារាចម្រៀង មាស សុខសោភា មុននឹងនាងបានមកដល់វិថីសិល្បៈដ៏រុងរឿងនេះ។
កញ្ញា មាស សុខសោភា កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៨៤ ក្នុងខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ហើយម្ដាយឈ្មោះ សុខ វិលន់ ជាអតីតបុគ្គលិកនៅក្នុងមន្ទីរឧស្សាហកម្មខេត្ត។ នាងជាកូនទី២ នៅក្នុងគ្រួសារដែលបងប្អូនចំនួន៣នាក់៖ ទី១ លោក មាស សុខរតនៈ សព្វថ្ងៃអ្នកនិពន្ធបទចម្រៀង ទី២ ជារូបនាង និងទី៣ លោក មាស សុខវណ្ណៈ ជាទាហាន។
ក្រោយពីឪពុករបស់កញ្ញាទទួលមរណៈភាព នៅអំឡុងពេលដែលយុវតី មាស សុខសោភា កំពុងរៀននៅថ្នាក់ទី១០ក្នុងវិទ្យាល័យព្រះបាទជ័យវរ្ម័នទី៧នោះ កញ្ញាបានឈប់ការរៀនសូត្រ ដោយសារតែនៅពេលនោះ បន្ទុកគ្រួសារទាំងអស់ ត្រូវធ្លាក់មកលើកញ្ញា និងបងប្រុស ដែលត្រូវសម្រេចចិត្ត ដើរច្រៀងតាមរោងការនៅតាមស្រុកស្រែ ដើម្បីបានកម្រៃតិចតួចយកមកផ្គត់ផ្គង់ ជីវភាពរស់នៅ។ បន្ទាប់មកទៀត តារាទើបនឹងដុះពន្លក មាស សុខសោភា និងបងប្រុសបាន ផ្លាស់ប្តូពីការច្រៀងតាមរោងការ មកច្រៀងតាមភោជនីយដ្ឋានវិញម្ដង តែនាងទទួលបានកម្រៃ ត្រឹមពី១ទៅ២ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
នៅក្នុងអំឡុងឆ្នាំ ១៩៩៩ កញ្ញា មាស សុខសោភា បានចូលរួមប្រឡងចម្រៀង ក្នុងកម្មវិធីបារី Mild Seven សហការជាមួយទូរទស្សន៍ប៉ុស្ត៍លេខ៣ ហើយនៅពេលនោះ កញ្ញាទទួលបានចំណាត់ថ្នាក់លេខ ១។ ប៉ុន្តែកញ្ញាមិនត្រូវបានម្ចាស់កម្មវិធីផ្តល់សិទ្ធិ ឱ្យក្លាយជាអ្នកចម្រៀងប្រចាំកម្មវិធី និងក្លឹបរបស់គេទេ ព្រោះអ្នករៀបចំកម្មវិធីយល់ថា នាងមានរូបសម្រស់មិនស្អាត មិនសក្ដិសមធ្វើជាតារាចម្រៀងក្នុងក្លឹបរបស់ពួកគេទេ។
ជីវិតបន្តបន្ទាប់ពីអំឡុងពេលនោះ តមកប៉ុន្មានឆ្នាំក្រោយ តារាស្រីថ្មីនៅតែបន្តច្រៀង នៅតាមភោជនីយដ្ឋាន ដើម្បីបានកម្រៃមកចិញ្ចឹមជីវិត និងគ្រួសារ។ ប៉ុន្តែមុខរបរនេះ មិនបានធ្វើឲ្យតារា មាស សុខសោភា មានរស្មីចែងចាំងបានឡើយ។ រហូតមកដល់ ឆ្នាំ២០០៤ ជិវិតរបស់កញ្ញា បានទទួលពន្លឺនៃភាពជោគជ័យបន្តិចម្តងៗ ពោលនៅក្រោយពេលដែលកញ្ញា បានឈានជើងចូលក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ។ បទចម្រៀងដំបូង ដែលទួលបានការគាំទ្រពីទស្សនិកជន នៅក្នុងផលិតនេះ គឺបទ«រស់នៅក្រោមទ្រូងបងសែនកក់ក្តៅ» និងបទ«អូននឹកនឹកបង»។
សូមជួបជាមួយបទ«អូននឹកនឹកបង»៖
ក្រោយពីមានការគាំទ្រ និងប្រជាប្រិយភាពគ្រាន់បើហើយ កញ្ញាបានចាកចេញពីផលិតកម្មស្ទឹងសង្កែ ក្នុងឆ្នាំ២០០៥ ដោយប្រឡូកចូលក្នុងផលិតកម្ម យូធូ(U2)។ ក្រោយមកញ្ញា នៅឆ្នាំ ២០០៨ កញ្ញាបានប្តូរទ្រនំមកផលិតកម្ម អ៊ឹម (M) វិញ។ នៅក្នុងផលិតកម្មអ៊ឹមបានមួយឆ្នាំ កញ្ញាបានចាកចេញមកផលិតកម្មសាន់ដេវិញ ក្នុងឆ្នាំ២០០៩។ ហើយនៅចុងក្រោយបង្អស់ កញ្ញាបានចូលមកផលិតកម្មថោន រហូតមកដល់សព្វថ្ងៃ។ ម្ចាស់ពានអាណាចក្រតារា ផ្នែកចម្រៀងប្រជាប្រិយរូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងដែលចូលចិត្តប្តូរទ្រនំជាងគេ។ ប៉ុន្តែមានតែផលិតកម្ម ថោនមួយប៉ុណ្ណោះ ដែលគេឃើញថា កញ្ញាឈរជើងជាប់បានយូរជាងគេ។
យ៉ាងណាក៏ដោយ នៅក្រោមទ្រនំរបស់ផលិតថោន កេរ្តិ៍ឈ្មោះរបស់កញ្ញាកាន់តែល្បីខ្លាំងឡើង។ បទដំបូងដែលកញ្ញាទទួលបានប្រជាប្រិយភាពខ្លាំង ចាប់តាំងពីចូលផលិយកម្មមួយនេះ គឺបទ «I am Sorry» ដែលចាប់ដៃគួរជាមួយ តារាចម្រៀងប្រុស ករុណា ពេជ្រ ដែលទើបនឹងរះថ្មី។ រហូតមកដល់ពេលនេះ តារាចម្រៀង ដែលកំពុងទទួលភាពល្បីល្បាញខ្លាំងរូបនេះ បានទទួលពានពីកម្មវិធីអាណាចក្រតារា ចំនួនពីរដងហើយ ផ្នែកចម្រៀងប្រជាប្រិយ។
តារាចម្រៀង មាស សុខសោភា ជាតារាខ្មែរតែមួយដួងគត់ (រហូតមកដល់ថ្ងៃនេះ) ដែលត្រូវបានគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) ក្រោមសេវាកម្មមួយហៅកាត់ថា វ៉េវ៉ូ (Vevo) ទទួលយកចម្រៀងរបស់នាង ទៅផ្សាយនិងលក់ តាមបណ្ដាញអ៊ិនធើណែត បន្ទាប់ពីនាងបានច្រៀង ចម្រៀងប៉ុន្មានបទឲ្យផលិតកម្មខ្មែរ-អាមេរិកាំងមួយនៅអាមេរិក កាលពីជាងមួយឆ្នាំមុន៕
សូមជួបជាមួយបទ «I am sorry»៖